34.8 C
Phnom Penh

មន្ទីរ​ការងារ​​​បញ្ជា​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​ដេរ​​​មួយ​ក្នុងក្រុង​​​បាវិត​​​ផ្អាក​​​ប្រតិបត្តិការ​​​បណ្តោះ​​​អាសន្ន ​​​​បន្ទាប់​ពី​​​កម្មករ​​​ជាច្រើន​​​នាក់​​​​ដួល​​​សន្លប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​ មន្ទីរការ​​​ងារ​​​​​​ខេត្ត​​​ស្វាយរៀង​​​​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​កាន់​កាប់​​​ដោយ​​ចិន​​​តៃវ៉ាន់​​​ផ្អាក​​​ដំណើរការ​​​បណ្តោះ​​​អាសន្ន​​​ ហើយ​​​ឲ្យ​​​កែលម្អ​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​មាន​​​ប្រព័ន្ធ​ខ្យល់ចេញ​​​ចូល​​​បាន​​​ស្រួល​​​បន្ទាប់ពី​​​កម្មករ​​​ជាង​​​១០០នាក់​​​បាន​​​ដួល​​​សន្លប់​​​​​​ក្នុង​​​ចំនួន​​​ដ៏​ច្រើន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ចំនួន​ពីរ​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗនេះ។

លោក អ៊ូ​​​ សុធឿន អនុប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ​​​កម្មករ​​​៦៣នាក់​​​បាន​​​ដួល​​​សន្លប់​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​​​​ និង​​​៤១នាក់​​​ទៀត​​​បាន​​​ដួល​​​សន្លប់​​​កាលពី​​​ម្សិលមិញ ​​​​​​ជាហេតុ​​​បណ្តាល​​​ឲ្យ​​​រដ្ឋាភិបាល​បញ្ជា​​​ឲ្យ​​​រោង​​​ចក្រ​​​​​​ You Li International ក្នុង​​​ក្រុង​​​បាវិត​​​ផ្អាក​​​ប្រតិបត្តិ​​​ការ​​​​​​មួយ​​​រយៈ។

លោក​​​បានមាន​​​ប្រសាសន៍ថា “យើងចុះ​​​​មក​​​ពិនិត្យ​​​មើល​​​រោង​​​ចក្រ​​​នេះ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​​​ស្ថានភាព​ពិត​​​។ មាន​​​មូលហេតុត​ិច​តួច​​ចំពោះ​​​ការ​​​ដួល​​​សន្លប់នេះ វាអាច​​​ដោយ​​​សារ​​​អាកាស​​​ធាតុ​​​ក្តៅខ្លាំង និង​​​ខ្វះ​​​ខ្យល់​​​អុកស៊ីសែនជាដើម”។

លោក សុធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា នៅក្នុង​​​ករណី​​​ទាំង​​​ពីរ​​​នេះ ​​​​​​​​​កម្មការិនី​​​ម្នាក់​​​បាន​​​ក្អួត​​​ចង្អោរ​​​​​​ដោយ​​​សារ​​​ស្រូប​​​ចំហាយចេញពី​កាវ​​​​​​ដែលគេ​​​ប្រើ​​​ក្នុងការ​ផលិត​សម្លៀក​បំពាក់​​ បណ្តាល​​​ឲ្យ​​​កម្មករ​​​ផ្សេង​​​ទៀត​​​ដែល​​​នៅ​​​ជុំវិញ​​​នាង​​រំជួល​​​ចិត្ត​ដួលសន្លប់ដែរ។

លោក​​​បាន​មាន​​​ប្រសាសន៍ថា “​​​យើង​​​បាន​​​ប្រាប់​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​ផ្អាក​​​ប្រតិបត្តិការ​​​បណ្តោះ​​​អាសន្ន​​​ ហើយ​​​រង់​​​ចាំ​​​ឲ្យ​​​ស្ថាន​​​ភាពនេះ​​​ប្រសើរ​​​ឡើង​​​។ យើង​​​នឹង​​​បញ្ជូន​​​បុគ្គលិក​​​ពេទ្យ​​​ទៅ​ពិនិត្យ​​​មើល​​​រោង​​​ចក្រ​​​នេះ”។

លោក សុធឿន បាន​​​បន្ថែមថា កម្មករ​​​ទាំង​​​អស់​​​​​​ដែលបាន​​​ដួល​​​សន្លប់ ​​​​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​​​​មន្ទីរ​ពេទ្យ​​​បង្អែក​​​​​​ជីភូ​(Chi Phu) ក្នុង​​​ក្រុង​​​បាវិត ហើយ​​​លោក​​​បាន​​​លើកឡើង​​​ថា បេឡា​ជាតិ​របប​​​សន្តិសុខ​​​សង្គម​​​នឹង​​​រ៉ាប់រង​​​ការ​​​ចំណាយ​​​​​ថ្នាំពេទ្យទាំងអស់។ លោក​​​បានមាន​​​ប្រសាសន៍ថា “​​​បេឡាជាតិ​​​របប​​​សន្តិសុខ​​​សង្គម និង​​​រោង​​​ចក្រ​​​ត្រូវ​​​​​​ទទួល​​​ខុស​​​ត្រូវ​​ចំពោះ​​​កម្មករ”។

អ្នកស្រី អូន សុផល ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា រោង​​​ចក្រ​​​​​​បាន​​​យល់ព្រម​​​ផ្អាក​​​ប្រតិបត្តិការ​​​យ៉ាង​​​តិច​​​ក៏មួយ​​​ថ្ងៃ​​​កន្លះ​​​ដែរ​​​​​​ ពីព្រោះ​​​រោង​​​ចក្រ​​​បាន​​​ដាក់​​​កង្ហារ​​​បន្ថែម​​​ និង​​​ជួល​​​ជុល​​​​​​ដើម្បី​បំបាត់​ក្លិន​​​មិន​​​ល្អ​​​ចេញ​ពី​​​បង្គន់​​​អនាម័យ”។ អ្នកស្រី សុផល បាន​​​លើក​​​ឡើង​​​ថា “​​​យើង​​​សម្រេច​​​​​​បិទរោងចក្រ​​​​​​នៅ​​​រសៀល​​​នេះ​​​និង​​​ថ្ងៃ​​​ស្អែក បន្ទាប់ពី​​​មាន​បទ​បញ្ជា​​ពី​​​មន្ទីរ​​​ការងារ​​​ខេត្ត​​​”។

អ្នក​ស្រី​​​បាន​​​បន្ថែម​​​ថា “​​​យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា តើ​​​មាន​​​ការ​​​កាត់​​​ប្រាក់​​​ខែ​​​កម្មករ​​​នៅ​​​ថ្ងៃ​ឈប់​​​សម្រាក​នេះ​​​​ឬយ៉ាងណាឡើយ។ ថៅ​កែ​របស់​​​យើង​​​កំពុង​​​ពិចារណា​​​រឿង​​​នេះ”។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​​សហជីព​​ចលនា​​​ក​​ម្មករ​​​​​​ដែល​​​មាន​​​​សាខា​​​ក្នុង​​​មូលដ្ឋាន​​​ក្នុង​​រោង​​​ចក្រ​​​ You Li​​​​​​ បាន​មាន​​​ប្រសា​សន៍​​ថា កម្មករ​​​បារម្ភ​ក្នុង​ការ​​​ត្រឡប់មក​​​កាន់រោងចក្រនេះ​វិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “​​​យើង​​​ពិត​​​ជា​​​បារម្ភ​​​ពី​​​ស្ថាន​​​ភាព​នេះ។ ប្រសិន​​​បើ​​​កម្មករ​​​នៅ​​​​​​បន្ត​​​ធ្វើការ​​  ពួកគេ​​​​​​នឹង​​​ប្រឈម​​​បញ្ហាសុខភាព​​​ធំមិន​ខាន​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស