27 C
Phnom Penh

លោក សម រង្ស៊ី ស្នើ​​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​​ឲ្យ​សកម្មជន​ការ​ពារ​បរិស្ថាន​​ម្នាក់​បាន​ស្នាក់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សុំ​អន្តរាគមន៍​ជួស​​មុខ​​ឲ្យ​​​លោក Alex Gonzalez-Davidson ​​សកម្មជន​ការ​ពារ​បរិស្ថាន​​ ដោយ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​​កែប្រែ​សេចក្ដី​សម្រេច​​របស់​ខ្លួន​ដែល​មិន​ព្រម​ពន្យារ​ទិដ្ឋាកា​ឲ្យ​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​​ជុំ​វិញ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាលពី​ខែ​កញ្ញា។

លោក Gonzalez-Davidson គឺ​ជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​​ឲ្យ​លុប​ចោល​គម្រោង​វារីអគ្គិសនី​​នៅ​ក្នុង​​តំបន់​ជ្រលង​អារ៉ែង ខេត្ត​កោះកុង ជា​គម្រោង​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​លេច​លង់​ជម្រក​របស់​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន និង​ដែល​បង្ខំ​ឲ្យ​អ្នក​ភូមិ​ជនជាតិ​ភាគតិច​ជង​ជាង​៣០០​គ្រួសារ​ ចាក​ចេញ​ពី​ដី​ដូន​តា​របស់​ខ្លួន​។

កាលពី​ខែ​កញ្ញា លោក Gonzalez-Davidson និង​សកម្មជន​ប្រហែល​១០​នាក់​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈ្មោះ Mother Nature​​ ដែល​លោក​​ជា​សហស្ថាបនិក​ ត្រូវ​បាន​នគរ​បាល​​​ខេត្ត​កោះ​កុង​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី​​បន្ទាប់ពី​ពួកគាត់​ព្យាយាម​​បិទ​ផ្លូវ​របស់​ក្បួន​រថយន្ត​ដែល​ដឹកមន្ត្រី​មូលដ្ឋាន​ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​អ្នកភូមិជនជាតិ​ភាគ​តិច​ជង​នៅ​ក្នុង​តំបន់​ជ្រលង​អារ៉ែង​នេះ​។ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ពន្យារ​ទិដ្ឋាកា​​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃសុក្រ​ឲ្យ​លោក Gonzalez-Davidson ឡើយ ​ដោយ​សារ​លោក​មាន​ជាប់ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​។

លោក​ Gonzalez-Davidson ​និង​អ្នក​តស៊ូមតិ​សម្រាប់​សិទ្ធិ​មនុស្ស​ផ្សេងៗទៀត​ជឿជាក់​ថា ការ​សម្រេច​របស់​ក្រសួង​​ គឺ​មានជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​​ ព្រោះ​លោក​​​បាន​ខិត​ខំ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​ដែល​រដ្ឋាភិបាល​ចង់​បន្ត​ទៅ​មុខ​ទៀត​។

នៅ​ក្នុង​លិខិត​ដែល​មាន​​ការ​ចុះ​​ហត្ថលេខា​​មួយ​កាលពី​ម្សិលមិញ លោក សម រង្ស៊ី បាន​​ជំរុញ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិចារណា​ចំពោះ​ការ​សម្រេច​​នេះ​ឡើង​វិញ។

លិខិត​នេះ​មាន​​ខ្លឹមសារ​ដូច្នេះ​ថា​ “រូប​ខ្ញុំ​ក៏ដូច​ជា​ពលរដ្ឋខ្មែរ​ជាច្រើន​យល់​ឃើញ​ថា ​លោក​ Alejandro Gonzalez-Davidson មិន​មែន​ជា​ឧក្រិដ្ឋជនទេ​ ឬក៏​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ធ្ងន់ធ្ងរ​ ដែល​តម្រូវ​ឲ្យ​បណ្ដេញ​គាត់​ចេញ​ពី​ប្រទេស​កម្ពុជា​។ សាមីខ្លួន​គ្រាន់​តែ​ជា​សកម្មជន​ម្នាក់​ក្នុង​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ ដែល​បាន​ជួយ​ឲ្យ​សាធារណមតិ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​បរិស្ថាន ព្រមទាំង​ជួយ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​កាន់​តែ​ច្បាស់​”​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ថា ​ដោយ​ចេះ​ភាសា​ខ្មែរ​ស្ទាត់​ ជនជាតិ​អេស្ប៉ាញ​រូប​នេះ​​បាន​បង្ហាញ​ថា លោក​​ស្រឡាញ់ និង​គោរព​ប្រពៃណី និង​វប្បធម៌​ខ្មែរ​។

លិខិត​នេះ​បាន​បញ្ចប់​ដូច្នេះ​ថា “ខ្ញុំ​សូម​ឯកឧត្តម​​មេត្តា​ជួយ​សម្រួល​ឲ្យ​​លោក Alejandro Gonzalez-Davidson ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ និង​សិទ្ធិ​បន្ត​សកម្មភាព​ស្រប​ច្បាប់ និង​អហិង្សា​របស់​គាត់​ក្នុង​សង្គមស៊ីវិល​នៅ​ប្រទេស​កម្ពុជា​តទៅទៀត​ដោយ​​អនុគ្រោះ​​”។

គេ​មិន​អាច​ទាក់​ទង​​លោក ស ខេង និង​លោក សុខ ផល អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឡើយ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​លិខិត​​របស់​លោក សម រង្ស៊ី នឹង​មាន​ប្រសិទ្ធភាព​​យ៉ាង​ណា​នោះ​ឡើយ​។

លោក​បានមាន​ប្រសាសន៍​ថា “យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​សម្រេច​បាន​គឺ​រដ្ឋមន្ត្រី​”។

លោក Gonzalez-Davidson ​បាន​លើក​ឡើង​ថា ប្រសិន​បើ​​​ទិដ្ឋាកា​របស់​លោក​មិន​ត្រូវ​បាន​ពន្យារពេល​ទេ​នោះ លោក​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ស្ម័គ្រ​ចិត្ត​ឡើយ៕ ស៊ុយឈាង​​ ​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស