26 C
Phnom Penh

ការ​ប្រគំតន្ត្រី​ Kazantip នៅ​កោះពស់​ត្រូវ​បាន​លុប​ចោលទាំង​ស្រុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​បាន​ផ្លាស់​ប្ដូរ​គំនិត​ម្ដង​ទៀត​ចំពោះ​ការ​ប្រគំតន្ត្រី​ Kazantip ជា​តន្ត្រី​បែប​សប្បាយ​ភ្លើត​ភ្លើន​ហួស​ហេតុ​ ដោយ​​ដក​ព្រឹត្តិការណ៍​នេះ​ចេញពី​កោះពស់ក្នុង​​ក្រុង​ព្រះសីហនុជា​លើកទី២​ ហើយ​មាន​មន្ត្រី​ម្នាក់​បាន​លើក​ឡើង​ថា ការ​ធ្វើ​ដូច្នេះ​​គឺ​មិន​ចង់​ឲ្យ​មាន​ “ទេសចរណ៍​បែប​មិន​សមគួរ​”។

យោង​តាម​លោក ឈិន សេងងួន អភិបាល​រង​ខេត្ត​​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រគំតន្ត្រី​​ Kazantip ដែលគ្រោង​​ធ្វើ​ឡើង​រយៈ​ពេល​១០​ថ្ងៃ​ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​លើ​កោះពស់​ ប៉ុន្តែ​នគរ​បាល​ និង​កង​រាជអាវុធ​ហត្ថ​​ត្រូវ​បាន​បញ្ជូន​​ទៅ​បិទ​ស្ពាន​ឆ្លង​ទៅ​កោះពស់​នេះ ដើម្បី​រារាំង​កុំ​ឲ្យ​ការ​ប្រគំតន្ត្រី​ប្រភេទ​នេះ​អាច​ប្រព្រឹត្តទៅ​បាន។

លោក សេងងួន ដែល​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ដឹកនាំ​​កង​កម្លាំង​ពិសេស​ទៅ​​​ត្រួត​ពិនិត្យ​​កន្លែង​​ដែល​គេ​គ្រោង​រៀបចំ​ប្រគំតន្ត្រី​​បាន​លើក​ឡើង​ថា ​​កង​សន្តិសុខ​ក៏​បាន​ឈរជើង​នៅ​លើ​កោះនោះ​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​ខេត្ត​​បាន​លុប​ចោល​ការ​ប្រគំតន្ត្រី Kazantip នៅ​លើ​កោះពស់​ទាំង​ស្រុង​ហើយ ហើយ​ឥឡូវ​នេះ​យើង​បាន​បញ្ជូន​កង​កម្លាំង​របស់​យើង​​ទៅ​បិទ​[ស្ពាន​]”។

លោក សេងងួន បាន​លើក​ឡើង​ទៀត​ថា អ្នក​រៀបចំ​ការ​ប្រគំតន្ត្រី​ Kazantip ត្រូវ​បាន​ស្នើ​ឲ្យ​ចុះ​កិច្ច​សន្យា​​យល់​ព្រម​បញ្ឈប់​សកម្មភាព​ណាមួយ​នៅ​លើ​កោះនេះ​ ហើយ​​ថា នឹង​មាន​ការ​ចាត់​វិធានការ​​ប្រសិន​បើ​ពួកគេ​​មិន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​សាលា​ខេត្ត​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “គោល​ការណ៍​របស់​យើង​​គឺ​ផ្ដោត​លើ​ទេសចរណ៍​បែប​វប្បធម៌​ និង​អេកូទេសចរណ៍​ ហើយ​យើង​​មិន​ត្រូវ​ការ​ទេសចរណ៍​បែប​មិន​សមគួរ​ឡើយ”។

លោក ឈិត សុខុន អភិបាល​ខេត្ត​នេះ​​បាន​បញ្ជាក់​ថា ការ​ប្រគំតន្ត្រី​ Kazantip ត្រូវ​បាន​លុប​ចោល​ហើយ ហើយ​ថា កង​សន្តិសុខ​​​កំពុង​ឈរ​ជើង​នៅ​លើ​ស្ពាន​ឆ្លង​ទៅ​កោះពស់​។ លោក​បាន​ចាត់ទុក​ការ​ប្រគំតន្ត្រី​នេះ​ថា ជា​ព្រឹត្តិការណ៍​ខុស​ច្បាប់​ ដោយ​សំដៅ​ទៅ​លើ​​លិខិត​ចុះ​ថ្ងៃទី៤​​ ខែ​កុម្ភៈ ដែល​​ដំបូង​ឡើយ​ហាម​​មិន​ឲ្យ​មាន​​​ការ​​ប្រារព្ធព្រឹត្តិការណ៍​នេះ​ឡើង។

តែទោះ​ជាយ៉ាង​ណា លោក សុខុន​ បាន​បន្ថែម​ថា ការ​ប្រគំតន្ត្រី​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ប្រសិន​បើ​​មាន​ការ​យល់ព្រម​ពី​ក្រសួង​ទេសចរណ៍​។

ការ​ប្រគំតន្ត្រី​ Kazantip ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឧបទ្វីបគ្រីមៀ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ មុន​ពេល​ប្ដូរ​ទៅ​កាន់​ប្រទេស​ហ្សកហ្ស៊ី​កាលពី​ឆ្នាំ​មុន ជា​ទីដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​​​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​របស់​តន្ត្រី​នេះ​។

ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​យល់​ព្រមជាផ្លូវ​ការ​ដោយ​មន្ត្រី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣០ ខែ​មករា។ ប៉ុន្តែ​កាលពី​ថ្ងៃទី២ ខែ​កុម្ភៈ លោក សុខុន បាន​ប្រកាស​ថា ការ​ប្រគំតន្ត្រី​នេះ​នឹង​ត្រូវ​លុប​ចោល​​ ដោយ​លើក​ពីមូលហេតុ​​​ថា ខ្លាច​ក្រែង​មាន​ “សកម្មភាព​សិចស៊ី​​”។

មួយ​សប្ដាហ៍​ក្រោយ​មក​ លោកអភិបាល​ខេត្ត​បាន​ដក​ការលើក​ឡើង​ទាំង​នោះ​​វិញ​​ជា​សាធារណៈ​ ដោយ​លើក​ឡើង​ថា លោក​មិន​ប្រឆាំង​នឹង​​ព្រឹត្តិការណ៍​នេះ​ទេ ប្រសិន​បើ​ក្រសួង​ទេសចរណ៍​អនុញ្ញាត​ឲ្យ​ធ្វើ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានមាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា “យើង​នឹង​មិន​ហាម​ឃាត់​ការ​ប្រគំតន្ត្រី​នេះ​ឡើយ​”។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​សម្រេច​ជា​ចុង​ក្រោយ​គឺ​វា​អាស្រ័យ​​លើ​អាជ្ញាធរ​ខេត្ត​នេះ​។

បី​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ អ្នក​រៀបចំ​ការ​ប្រគំតន្ត្រី​នេះ​បាន​លើក​ឡើង​ថា ពួកគេ​ទទួល​បាន​ភ្លើង​ខៀវ​ពី​​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌​ហើយ​។

​វាសនា​​នៃ​ការ​ប្រគំតន្ត្រី​នេះ​​​​​បាន​ផ្លាស់​ប្ដូរ​ម្ដង​ទៀត​​នៅ​ថ្ងៃសៅរ៍ នៅ​ពេល​​​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុងព្រះសីហនុ ពាក់​ព័ន្ធ​នឹង​ការ​វាយ​​ប្រហារ​មួយ​ទៅ​លើ​​មនុស្ស​មួយ​ក្រុម​នៅ​សណ្ឋាគារ​ និង​កាស៊ីណូ Queenco ​នៅ​យប់​ថ្ងៃ​សុក្រ ​ដែល​​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ម៉ុលដាវី​ម្នាក់​​ត្រូវ​គេ​ចាក់​ចំ​ឆ្អឹង​ជំនី​ខាង​ឆ្វេង​ និង​មាន​​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​ត្រូវ​គេ​រាយ​ការណ៍​ថា​ក៏បាន​រង​របួសផង​​ដែរ​។

ក្នុង​ចំណោម​​​​ក្រុម​មនុស្ស​ដែល​រង​ការ​វាយ​ប្រហារ​​ គឺ​មាន​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​ទេសចរណ៍​ Lotus Tours ដែល​ជា​ក្រុម​ហ៊ុន​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ Kazantip។ អ្នក​គ្រប់​គ្រង​រូប​នេះ​បាន​គេច​ខ្លួនរួច​​ដោយ​គ្មាន​ការ​រង​របួស​​ ប៉ុន្តែ​លោក​​ត្រូវ​គេ​គំរាម​​សម្លាប់​ប្រពន្ធ​និង​កូន​ ប្រសិន​បើ​​​លោក​មិន​ព្រម​ចែក​រំលែក​ប្រាក់​ចំណេញ​បាន​ពី​ការ​លក់​សំបុត្រ​ចំនួន​៥០​ភាគរយ​ទេ​នោះ។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ការ​សម្រេច​ចិត្ត​ជាចុង​ក្រោយ​​លុប​ចោល​ការ​ប្រគំតន្ត្រី​នេះ​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាលពី​ចុង​សប្ដាហ៍​ដែរ​ឬទេ លោក សុខុន បាន​លើក​ឡើង​ថា ការ​វាយ​ប្រហារ​នោះ​គឺ​ជា​ករណី​ “មួយ​ដាច់​ដោយ​ឡែក”។

ទាំង​លោក​អភិបាល​ខេត្ត​ និង​អភិបាល​ខេត្ត​រង​សុទ្ធតែ​បាន​លើក​ឡើង​ថា ​ការ​ខាត​បង់​ពី​ការ​លក់​សំបុត្រ និង​ការ​ចំណាយ​លើ​ថ្លៃ​ស្នាក់​នៅ​ដោយ​សារ​តែ​ការ​លុប​ចោល​នេះ គឺ​ជា​បន្ទុក​របស់​អ្នក​រៀបចំ​ការ​ប្រគំតន្ត្រី។

លោក សុខុន បាន​បន្ថែមទៀត​ថា ភ្ញៀវទេសចរ​នៅ​តែ​អនុញ្ញាត​ឲ្យ​ទៅ​លេង​កោះពស់​ដដែល​សម្រាប់​ “ការ​ទៅ​លេង​ក្នុង​លក្ខណៈ​ធម្មតា​”។

គេ​មិន​អាច​ទាក់​ទង​លោក ថោង ខុន បាន​ឡើយ​កាលពី​ម្សិលមិញ​ រីឯ​អ្នក​រៀបចំ​ការ​ប្រគំ​តន្ត្រី​ Kazantip មិន​បាន​ឆ្លើយ​តប​​នឹង​សំណើ​ជាច្រើន​លើក​ច្រើន​សារ​សុំ​ការ​ធ្វើ​​អត្ថាធិប្បាយ​ឡើយ។

ទោះ​ជាយ៉ាង​ណា​ មាន​សេចក្ដី​ជូន​ដំណឹង​​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស និង​ភាសា​រុស្ស៊ី បិទ​នៅ​លើ​ស្ពាន​ឆ្លង​ទៅ​កោះពស់​កាលពី​ម្សិលមិញ​ថា អ្នក​រៀបចំ​ការ​ប្រគុំតន្ត្រី​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្អាក​​សកម្មភាព​រៀបចំ​នៅ​លើ​កោះពស់ជា​បណ្ដោះអាសន្ន​ តាម​បទ​បញ្ជា​របស់​អភិបាល​ខេត្ត​ ហើយសេចក្ដី​ជូន​ដំណឹង​នេះ​ក៏​​បាន​ណែនាំ​ឲ្យ​គេ​ចូល​ទៅកាន់​គេហទំព័រ​របស់​ការ​ប្រគំតន្ត្រី​ Kazantip ដើម្បី​ទទួល​បាន​​ព័ត៌មាន​ថ្មីៗ​ផង​ដែរ​។ សេចក្ដី​ជូន​ដំណឹង​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​ដៃគូ​អាជីវកម្ម​របស់​​ក្រុមហ៊ុន​ Lotus Tours។

កាលពី​ល្ងាច​ម្សិលមិញ ទំព័រ​ដើម​របស់​គេហទំព័រ​នេះ​បាន​បន្តផ្ដល់​នូវ​សារ​​សុទិដ្ឋិនិយម​មួយ​ដែល​មាន​ខ្លឹមសារ​ថា “ខ្ញុំ​សង្ឃឹម​ថា អ្នក​គ្រប់​គ្នា​ប្រាដក​ជា​ដឹង​ថា ការ​ប្រគំតន្ត្រី​នេះ​អាច​បោះ​ជំហាន​យ៉ាង​ឆាប់​រហ័ស ហើយ​បង្កើត​បាន​ជា​អាណានិគម​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ”៕ ស៊ុយឈាង​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស