31 C
Phnom Penh

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ដែល​​រឹបអូស​បាន​ទៅកូន​ប្រុស​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ជាតិ​​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ម្សិលមិញ​​​ថា អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​តំណែង​​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដ៏ធំ​បាន​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​កូន​ប្រុស​របស់​ខ្លួន ដែល​ជា​មន្ត្រី​នគរ​បាល​មូលដ្ឋាន​ម្នាក់​ បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​បាន​រឹប​អូស​ពី​ជន​សង្ស័យ​​ជួញដូរ​គ្រឿង​ញៀន​ម្នាក់។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​នេះ​ ដែល​​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា នគរ​បាល​​ប្រឆាំង​​ការ​ជួញដូរ​​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​លោក ថាវ ថាវី ពីបទ​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​​នៅ​ក្នុង​ការ​ជួញដូរ​គ្រឿង​ញៀន​​បន្ទាប់ពី​ទទួល​បាន​​បទ​បញ្ជា​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​កាលពី​ខែ​វិច្ឆិកាឆ្នាំមុន។

សេចក្ដី​ថ្លែងការណ៍​នេះ​បានលើក​ឡើង​បន្ត​ថា ក្រោយ​មក​ លោក ថាវី ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត​កាលពី​ថ្ងៃ​សុក្រ ពីបទ​មិន​គោរព​​តាម​​សេចក្ដី​បង្គាប់​របស់​តុលាការ។ ហើយ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លើក​ដំបូង​នោះ​រួច លោក អាំង មាលតី ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​​ដក​តំណែង​ បាន​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូឌី របស់​លោក​ ថាវី ទៅ​កូន​ប្រុស​ខ្លួន​។

សេចក្ដី​ថ្លែងការណ៍​នេះមាន​ខ្លឹមសារ​ដូច្នេះ​ថា “រថយន្ត​មួយ​គ្រឿង​ម៉ាក​អូឌី ដែល​ជា​​កម្មសិទ្ធិ​របស់ ថាវ ថាវី ត្រូវ​បាន​រឹប​អូស​ជា​ភ័ស្តុតាង​​នៅ​​ពេល​ជននេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​។ លោក​ អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​​បាន​​ឲ្យ​រថយន្ត​នេះ​ទៅ​កូន​របស់​ខ្លួន​ជា​អធិការ​រង​នគរ​បាល​ខណ្ឌ​៧មករា ដែល​ប្រើ​រថយន្ត​នេះ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​”។

លោក សុខ​ សេដ្ឋា មន្ត្រីនគរ​បាល​​ខណ្ឌ​៧មករា បាន​បញ្ជាក់​ថា កូន​ប្រុស​របស់​លោក អាំង មាលតី គឺ​ពិត​ជា​អធិការ​រង​នគរ​បាល​ខណ្ឌ​៧មករា​នេះ​មែន។ លោក សេដ្ឋា បាន​និយាយ​​ដោយ​​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​កូន​ប្រុស​​លោក អាំង មាលតី​ ថា “គាត់​គឺ​ជា​កូន​ប្រុស​របស់​ [លោក មាលតី] មែន​។ គាត់​គឺ​ជា​អធិការ​រង​នគរ​បាល​ខណ្ឌ”។

លោក នេត ស៊ីថុន អធិការ​​នគរ​បាល​ខណ្ឌ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

លោក តី វិសាល នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​​រាជធានី បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​លោក ថាវី អាយុ​៣២​ឆ្នាំ​សារជាថ្មី​កាលពី​យប់​ថ្ងៃ​សុក្រ​ នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ បន្ទាប់ពី​ទទួល​បាន​​ដីការ​ចាប់​ខ្លួន​ពី​ចៅក្រម​ស៊ើប​សួរ​ នូ វាសនា នៅព្រឹក​ថ្ងៃ​ដដែល​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា “គាត់​ [លោក​ ថាវី] ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ជួញដូរ​គ្រឿង​ញៀន បើ​យោង​តាម​​ដីការ​ចាប់​ខ្លួន”។ លោក​បាន​បន្ថែម​ថា លោក ថាវី ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​ថ្ងៃសៅរ៍។

លោក វិសាល បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​​​​លោក ថាវី ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា នគរ​បាល​បាន​រឹប​អូស​ថ្នាំ​ញៀន​ និង​បាន​ដក​ហូត​រថយន្ត​ម៉ាកអូឌី។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “រថយន្ត​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​សាលា​ដំបូង​រាជធានី​ជាមួយ​នឹង​ភ័ស្តុតាង​ផ្សេង​ទៀត​។ ខ្ញុំ​មិន​ដឹង​ថា នរណា​យករថយន្ត​​នេះ​ទៅ​ជិះឡើយ​ ប៉ុន្តែ​​ក្នុង​ពេល​ថ្មីៗ​នេះ​ខ្ញុំ​បាន​ឃើញ​វា​ត្រឡប់​មក​សាលា​ដំបូង​វិញ”។

លោក វិសាល ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​ហេតុ​អ្វី​​បាន​ជា​លោក ថាវី ត្រូវ​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ ក្រោយ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ដំបូង។ លោក​​បាន​មាន​ប្រសាសន៍​ដោយ​មិន​រៀបរាប់​ច្រើន​ថា “ការ​ដោះ​លែង​គាត់​មិន​មែន​ជា​រឿង​ធម្មតា​ទេ”។

លោក សុក សំអឿន ជា​មេធាវី​ដែល​តែង​តែ​តំណាង​ឲ្យ​ចុង​ចោទ​ក្នុង​ករណី​នយោបាយ​​​​នៅ​សាលា​ដំបូង​បាន​​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រើ​ប្រាស់​រថយន្ត​ដែល​រឹបអូស​បាន​​​​ដោយ​សារ​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​​ មិន​ចាត់​ទុក​ជា​បទ​​ល្មើស​​នោះ​ទេ​ ប៉ុន្តែ​ថា អ្នក​បើក​បរ​ថ្មី​មិន​អាច​​អះអាងថា​​រថយន្ត​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​​បាន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​បទ​ល្មើស​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ជា​រឿង​មួយ​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ​ប្រសិន​បើ​គេ​យក​វា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ខ្ញុំ​គិត​ថា វា​គឺ​ជា​ការ​បោក​ប្រាស់។ វា​គឺ​ជា​បទ​ល្មើស​”។

លោក អាំង មាលតី ត្រូវ​បាន​ដក​ពី​តំណែង​ភ្លាមៗ​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ​ក្នុង​ថ្ងៃ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​ថា ការ​សូក​ប៉ាន់​ប្រាក់​ចំនួន​៥លាន​ដុល្លារ​ប្រហែល​ជា​បាន​បណ្ដាល​ឲ្យ​សាលា​ដំបូង​រាជធានី​កែប្រែ​សេចក្ដី​សម្រេច​របស់​ខ្លួន​ក្នុង​ការ​​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​​សម្រាប់​ឪពុក​ម្ដាយ​របស់​ឧត្ដម​សេនីយ៍ទោ ថោង សារ៉ាត់ ដែល​ជាប់​ចោទ​ថា​​ជា​មេខ្លោង​​នៅ​ពីក្រោយ​ការ​ធ្វើ​ឃាត​ឧកញ៉ា អុឹង ម៉េងជឺ។

លោក ថោង ចំរើន និង​អ្នកស្រី កែវ សាវី ជា​ឪពុក​​ម្ដាយ​របស់​លោក​​ ថោង សារ៉ាត់ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រក្សា​អាវុធ​ទុក​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​មាន​ការ​ឆ្មក់​ចូល​ទៅ​ក្នុង​ភូមិ​គ្រឹះ​របស់​គ្រួសារ​ពួកគាត់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ។ ពួកគាត់​ទាំង​ពីរ​នាក់​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ខណៈ​​ប៉ុន​ប៉ង​គេច​​ខ្លួន​ទៅ​ប្រទេស​វៀតណាម​តាម​រយៈ​រថយន្ត​សង្គ្រោះ​បន្ទាន់​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ កង​រាជអាវុធ​ហត្ថ​ខេត្ត​តាកែវ​បាន​ចាប់​ខ្លួន​​ឧត្ដម​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី នាយ​សេនាធិការ​រង​នៃ​កង​ទ័ព​ជើង​គោក​ និង​ជា​មនុស្ស​ជំនិត​របស់​លោក អាំង មាលតី។

នៅ​ពេល​នោះ​​លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជអាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​​បាន​លើក​ឡើង​ថា ឧត្ដម​សេនីយ៍ ព្រហ្មមុន្នី ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដោះលែង​ឪពុក​ម្ដាយ​លោក​ ថោង សារ៉ាត់។

លោក ហុង​ វីណុល ​ប្រធាន​ផ្នែក​ព័ត៌មាន​ និង​សន្តិសុខ​​នៃ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ថា ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​​​​បាន​ចោទ​ប្រកាន់​​ឧត្ដម​សេនីយ៍​ ព្រហ្មមុន្នី ជា​បណ្ដោះ​អាសន្ន​ពីបទ​រារាំង​ការ​ងារ​មន្ត្រី​សាធារណៈ​ និង​ពីបទ​ប្រើ​ប្រាស់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​មិន​ត្រឹម​ត្រូវ។

ចៅក្រម​ស៊ើបសួរ ឡុង កេសភីរម្យ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​បាន​ចោទ​ប្រកាន់​​ឧត្ដម​សេនីយ៍ត្រី ព្រហ្មមុន្នី ពីបទ​ចោទ​ដូច​គ្នា​​កាលពី​ថ្ងៃសៅរ៍។

នៅ​ពេល​សួរ​ថា តើ​ការ​ចោទ​ប្រកាន់ទាំង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ ដែរ​ឬអត់​ លោក​ កេសភីរម្យ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ប្រាប់​អស់​លោក​បាន​ទេ”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស