
សិល្បករម្នាក់ក្នុងចំណោមសិល្បករសម្តែងដ៏ល្បីបំផុតរបស់ប្រទេសកម្ពុជា ដែលជាតួប្រចាំរោងមហោស្រពនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ និងបានជួយកែសម្រួលឲ្យមានការសម្តែងឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនោះ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ក្នុងក្រុងភ្នំពេញ។
លោក ពេជ្រ ទុំក្រវិល ដែលមានឈ្មោះបោះសំឡេងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយសារការបកស្រាយតួនាទីរបស់តួ ទុំ ក្នុង “រឿងទុំទាវ” ជាសាច់រឿង “រ៉ូមេអូ និង ហ្សូលីយ៉េត របស់ខ្មែរ” បានចែកឋាននៅផ្ទះរបស់លោកក្នុងសង្កាត់ទួលសង្កែ។ លោកសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលនឹងប្រារព្ធខួបកំណើតអាយុ៧២ឆ្នាំនៅថ្ងៃទី២ខែមិថុនា ទទួលបានឋានៈជាទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានឋានៈស្មើរដ្ឋមន្ត្រី។
លោក ឡុង ប៉ុណ្ណាស៊ីរិវត្ថ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានចូលរួមក្នុងពិធីបុណ្យសពកាលពីព្រឹកថ្ងៃអាទិត្យនៅគេហដ្ឋានរបស់លោក ពេជ្រ ទុំក្រវិល បានមានប្រសាសន៍ថា “នេះជាការបាត់បង់ដ៏ធំធេងពិតប្រាកដរបស់ប្រទេស”។
“យើងសោកស្តាយណាស់ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់បែបនេះ”។
លោក ឈន សំអាត ជាប្អូនប្រុសរបស់លោកបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ដោយសារជំងឺបេះដូងជាច្រើនឆ្នាំ លោក ពេជ្រ ទុំក្រវិល បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលប្រហែលបីខែ។ លោកបាននិយាយថា “ដោយមើលឃើញសុខភាពរបស់គាត់ដុនដាបទៅកាលពីសប្តាហ៍មុន យើងបានសម្រេចចិត្តយកគាត់មកផ្ទះ ហើយនិមន្តព្រះសង្ឃសូត្រធម៌ឲ្យគាត់។ ប្រហែលបីម៉ោងក្រោយមក គាត់បានលាចាកលោកទៅ”។
កើតនៅខេត្តកណ្តាល លោកព្រឹទ្ធាចារ្យ ឈន ទត ហៅ ពេជ្រទុំ ក្រវិល ជាឈ្មោះប្រើក្រោយរបបខ្មែរក្រហម ស្ថិតក្នុងចំណោមនិស្សិតសម្តែងមានបទពិសោធនៅទសវត្សរ៍ឆ្នាំ១៩៦០។ ដោយយករឿង “ទុំទាវ” ជារឿងគូស្នេហ៍ដែលស្នេហារបស់អ្នកទាំងពីរឈានទៅដល់សេចក្តីមរណៈនោះ លោកបានសម្រេចកែច្នៃរឿងប្រជាប្រិយនេះទៅជារឿងសម័យរបៀបថ្មីនៃទម្រង់តន្ត្រីបុរាណ ហៅថា យីកេ។
សម្តែងនៅប្រទេសកម្ពុជានិងប្រទេសអាស៊ីមួយចំនួន ការសម្តែងនេះទទួលបានជោគជ័យយ៉ាងសម្បើមណាស់។ អ្នកឯកទេសនាដសាស្ត្រខ្មែរ ឝភីរោ ជាម សុភិលីន (Sophiline Cheam Shapiro) នឹកឃើញថាបានមើលការសម្តែងកាលពីនៅក្មេងនាដើមទសវត្សរ៍១៩៧០។ លោកស្រីបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “នេះជាយីកេសម័យទំនើបលើកដំបូង។ គាត់ជាមនុស្សហួសវិស័យ”។
នៅរស់ពីរបបខ្មែរក្រហម លោក ទុំក្រវិល បានជួយធ្វើឲ្យសិល្បៈសម្តែងរស់ឡើងវិញ ដោយរៀបចំក្រុមសម្តែង និងរៀបចំការសម្តែងតាមរយៈក្រសួងវប្បធម៌នៅទសវត្សរ៍ឆ្នាំ១៩៨០។ លោកក៏បាននិពន្ធនិងផលិតរឿង “ការអភិវឌ្ឍជាតិកម្ពុជា” នៅឆ្នាំ១៩៨៣។
សាស្ត្រាចារ្យ ព្រឿង ឈាង អ្នកជំនាញខាងនាដសាស្ត្រនិងជាទីប្រឹក្សាក្រសួងវប្បធម៌បានមានប្រសាសន៍ថា “ក្រោយរបបខ្មែរក្រហម នេះជាការសម្តែងធំបំផុតក្នុងប្រទេសកម្ពុជា” ដោយមានសិល្បករសម្តែងជាង៤០០នាក់។ មានការសម្តែងច្រើនជាង៧០លើក។
ការស្លាប់មិត្តភក្តិសិល្បកររបស់លោកជាច្រើននាក់ក្រោមរបប ប៉ុល ពត បាននាំឲ្យលោក ទុំក្រវិល ធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយព័ត៌មានអំពីទម្រង់សិល្បៈបុរាណខ្មែរជាច្រើនដែលលោកអាចធ្វើទៅបាន។
លោក សួន ប៊ុនរិទ្ធ ទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរ ដែលក្រោយមកបានធ្វើការជាមួយគាត់លើគម្រោងយូណេស្កូ ក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា “ពេលគាត់ត្រឡប់ចូលក្រុងភ្នំពេញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានរកឃើញអាយ៉ងពណ៌ពីរបីផ្ទាំងនៅវាំង”។ ដោយសារតែល្ខោនស្រមោលខ្មែរ ជាធម្មតានៅលើស្បែកខ្មៅ លោក ក្រវិល មានចម្ងល់យ៉ាងខ្លាំង។
លោក ប៊ុនរិទ្ធ មានប្រសាសន៍ថា “គាត់បានតាមរករហូតដល់ប្រហែលនៅឆ្នាំ២០០០ ឬ២០០១ ពេលនោះគាត់បានប្រមូលភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថា ប្រជាជនខ្មែរមានអាយ៉ងពណ៌ពិតមែន”។ នៅទីបញ្ចប់ លោក ទុំក្រវិល បានរកឃើញថា អាយ៉ងពណ៌ ឬ “ស្បែកពណ៌” បានលេចរូបរាងដំបូងនៅសតវត្សរ៍ទី១៩ក្នុងការសម្តែង។
ព្រះអង្គម្ចាស់ នរោត្តម បុប្ផា ទេវី ដែលមើលខុសត្រូវស្នាដៃរបស់គាត់នៅក្រសួងនេះក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលដែលព្រះអង្គម្ចាស់នៅជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បានមានបន្ទូលថា លើសពីនេះ លោក ទុំក្រវិល តែងតែត្រៀមផ្ទេរនូវអ្វីដែលលោកបានរកឃើញតាមរយៈការស្រាវជ្រាវរបស់លោក។ ព្រះអង្គម្ចាស់បានមានបន្ទូលថា “យើងសុំឱវាទនិងមតិរបស់គាត់អំពីប្រពៃណី[សិល្បៈ]បុរាណ”។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោក ទុំក្រវិល បាននិពន្ធសៀវភៅ២១ក្បាលស្តីពីទម្រង់សិល្បៈប្រពៃណីរបស់ប្រទេសកម្ពុជា។ លោក កាំង រិទ្ធីសាល នាយកប្រតិបត្តិអង្គការអម្រឹតាសិល្បៈ បាននិយាយថា ទាំងនេះនឹងជាកេរដំណែលយូរអង្វែង។
លោកបានមានប្រសាសន៍ថា “សៀវភៅទាំងនេះ…បានក្លាយជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់យើង ដើម្បីបានដឹងនូវអ្វីដែលជាសិល្បៈសម្តែងខ្មែរ។ នៅពេលអនាគត ពេលណាគេចង់បន្តការស្រាវជ្រាវ និងសរសេរអំពីវិស័យនេះ សៀវភៅរបស់លោកនឹងបន្តធ្វើជាឯកសារយោងដ៏មានសារៈសំខាន់”។
លោក ព្រឹម ភ្លឿន នាយកប្រតិបត្តិអង្គការសិល្បៈខ្មែរអមតៈ បានមានប្រសាសន៍ថា ប៉ុន្តែ លោក ទុំក្រវិល មិនជឿថា សិល្បៈសម្តែងមានកម្រិតត្រឹមការងារប្រពៃណីលើឆាកនោះទេ។
លោក ព្រឹម បាននិយាយថា “គាត់ចង់និយាយថា សិល្បករសម្តែងមតិ។ វាជាកញ្ចក់នៃសង្គម ដូច្នេះហើយ…ត្រូវភ្ជាប់ទៅនឹងតថភាពនៃពេលវេលា”។
លោក ទុំក្រវិល មិនគ្រាន់តែជាសិល្បករមានទេពកោសល្យនិងជាអ្នកសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ លោកក៏ជាព្រឹទ្ធាចារ្យដ៏រាក់ទាក់និងលើកទឹកចិត្តដល់សិល្បករក្មេងៗ ហើយតែងតែចង់ជួយនាំមកនូវគម្រោងថ្មីឲ្យបានសម្រេចជាផ្លែផ្កា។
លោក ជា សុភាព អនុប្រធានមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានមានប្រសាសន៍ថា “ខ្ញុំពិតជាចូលចិត្តគាត់និងគោរពគាត់ដោយសារស្នាដៃរបស់គាត់ ដោយសារការស្រឡាញ់វប្បធម៌ខ្មែររបស់គាត់ និងដោយសារការលើកទឹកចិត្តរបស់គាត់ដល់មនុស្សជំនាន់ក្រោយ”។
លោកបានមានប្រសាសន៍ថា “យើងមានការបាត់បង់ដ៏ធំ។ ការបាត់បង់រូបគាត់ជាការខាតបង់ដ៏ធំធេង”៕ និត