បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងទៅកាន់គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះថា ការបោះឆ្នោតដោយយុត្តិធម៌គឺជាកិច្ចការអាទិភាពរបស់លោក ខណៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និយាយថា លោកសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះនឹងជួយស្ដារទំនាក់ទំនងការទូត
“មិនល្អ” រវាងប្រទេសទាំងពីរឡើងវិញ។
ដោយគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានបង្ហាញការប្ដេជ្ញាចិត្តធ្វើកំណែទម្រង់ដំណើរការបោះឆ្នោត លោក វីលៀម ហៃថ៍ (William Heidt) បេក្ខជនឯកអគ្គរដ្ឋទូតថ្មីបានប្រាប់គណៈកម្មាធិការនេះកាលពីថ្ងៃអង្គារថា “ការអនុវត្តរបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ
គឺគ្មានតុល្យភាពទេ បើប្រៀបធៀបនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ប៉ុន្តែទោះបីជាមានការព្រមព្រៀងទាំងនេះតាមរយៈការចរចាយ៉ាងណាក្ដី ក៏ការព្រួយបារម្ភនៅតែមានដដែល ក្នុងនោះរួមមានពាក់ព័ន្ធនឹងបទប្បញ្ញត្តិដែលហាក់ដូចជារឹតត្បិតសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងបើកដៃឲ្យយោធាកម្ពុជា និងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតប្រើឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ ប្រសិនបើដូច្នេះមែន ខ្ញុំនឹងធ្វើឲ្យវាក្លាយជាកិច្ចការអាទិភាពដើម្បីពង្រឹងសា្ថាប័នប្រជាធិបតេយ្យនានារបស់កម្ពុជា និងបង្កើនកម្រិតនៃការជឿទុកចិត្តរបស់សាធារណជនលើស្ថាប័នទាំងនោះ។ ការបោះឆ្នោតឃុំ-សង្កាត់ដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៧ និងការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល”។
អំឡុងសវនាការនៅចំពោះមុខគណៈកម្មាធិការនេះ លោក ធីមូ៉ស៊ី ខេន (Timothy Kaine) ដែលជាសមាជិកព្រឹទ្ធសភាមួយរូបដែរ បានសួរថា តើសហរដ្ឋអាេមរិក គួរតែបារម្ភទេថា ការដាក់បញ្ចូលកូនប្រុសរបស់ខ្លួនទៅក្នុងមុខតំណែងនយោបាយដ៏មានឥទ្ធិពលមានន័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែរៀបចំឆាកសម្រាប់ឲ្យគ្រួសាររបស់លោកគ្រប់គ្រងប្រទេសទាំងស្រុង។
លោកបានមានប្រសាសន៍ថា “យើងបានមើលឃើញនៅក្នុងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក មិនថានៅលីប៊ី ឬអេហ្ស៊ីប ឬស៊ីរីនោះទេ នៅពេលរចនាសម្ព័ន្ធដឹកនាំមួយ ឬគ្រួសារដឹកនាំមួយនៅបន្តកាន់អំណាចរយៈពេលយូរ វាពិតជាអាចនាំឲ្យមានការប្រឆាំងផ្ទៃក្នុងយ៉ាងខ្លាំងក្លា។ តើសហរដ្ឋអាមេរិក អាចធ្វើអ្វីបានដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយដែលមិនត្រូវបានកំណត់ដោយគ្រួសារតែមួយ?”។
លោក វីលៀម ហៃថ៍ បានឆ្លើយតបថា យថាភាពបែបនេះមិនមែនជាក្ដីបារម្ភធំនោះទេ ពីព្រោះមានការប្រកួតប្រជែងខ្លាំងនៅក្នុងគណបក្សកាន់អំណាច។ លោកបានថ្លែងថា ”ជាការពិតណាស់ ដូចលោកបានលើកឡើងអ៊ីចឹងថា កូនប្រុសរបស់លោក ហ៊ុន សែន ជាមនុស្សសកម្ម សកម្មណាស់នៅក្នុងគណបក្សប្រជាជនកម្ពុជា។ យើងយល់ឃើញថា ដូចគណបក្សនយោបាយជាច្រើនទៀតដែរ នោះគឺជារចនាសម្ព័ន្ធមួយដ៏ស្មុគ្រស្មាញ។ មានមនុស្សជាច្រើនដែលចង់ឡើងទៅឲ្យដល់ចំណុចកំពូល។ អ្នកដែលខ្ញុំបាននិយាយជាមួយមិនយល់ឃើញថា មានផ្លូវដែលគេរៀបចំទុកជាមុននោះទេ វាមិនដូចនៅកូរ៉េខាងជើងឡើយ។ វាជាគណបក្សប្រកួតប្រជែងដ៏ធំមួយដែលមានបុគ្គលមានមហិច្ឆតាជាច្រើននៅក្នុងនោះ ដូច្នេះទោះបីជាកូនប្រុសទាំងពីរនាក់ [របស់លោក ហ៊ុន សែន] មានប្រៀបពីកំណើតយ៉ាងណាក្ដី ក៏ខ្ញុំនៅតែមើលឃើញថា គ្មានផ្លូវដែលធានាថានឹងនាំពួកគេទៅឲ្យដល់ចំណុចកំពូលឡើយ”។
លោក វីលៀម ហៃថ៍ ដែលបច្ចុប្បន្នមានតំណែងជាឧបការីប្រតិបត្តិរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ធ្លាប់បានបម្រើការងារនៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលដែលធ្លាប់បានប៉ះសម្ដីគ្នាជាសាធារណៈជាមួយលោក វីលៀម ថូដ
ជាច្រើនលើកអំឡុងពេលលោកកាន់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នឹងស្វាគមន៍អ្នកការទូតកំពូលថ្មីរបស់សហរដ្ឋអាមេរិក មកកាន់កម្ពុជា។
លោកបានថ្លែងឡើងថា “ខ្ញុំសង្ឃឹមថា គាត់ពិតជាមិនធ្វើតាមលោក វីលៀម ថូដ នោះទេ ពីព្រោះគាត់បានបន្សល់ទូកនូវទំនាក់ទំនងការទូតមិនល្អរវាងកម្ពុជា និងអាមេរិក។ ដូច្នេះ យើងសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះនឹងធ្វើបែបនោះ ប៉ុន្តែត្រូវធានាថា ការបោះឆ្នោតអាណត្តិក្រោយគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនជាឆន្ទៈរបស់ជនបរទេស”។ លោកបានបន្តថា រដ្ឋាភិបាលស្វាគមន៍ការខំប្រឹងប្រែងពង្រឹងការបោះឆ្នោត។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសរបស់កម្ពុជា បានស្ដីបន្ទោសលោក វីលៀម ថូដ ដែលស្ថិតក្នុងចំណោមក្រុមអ្នកការទូតបរទេសនៅកម្ពុជា ដែលនិយាយមិនសំចៃមាត់ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ចំពោះការលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលគ្មានលក្ខណៈចាំបាច់។
ក្រសួងការបរទេសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីខែឧសភាថា “ពាក្យសម្ដីដែលឯកអគ្គរដ្ឋទូតបរទេសរូបនេះនិយាយមកកាន់កម្ពុជា គឺព្រហើនណាស់ ទោះបីជាគាត់តំណាងឲ្យប្រទេសធំក៏ដោយ”។
ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកទៅកាន់ព្រឹទ្ធសភា លោក វីលៀម ហៃថ៍ បានមានប្រសាសន៍ថា ច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគម នៅតែជាក្ដីបារម្ភបន្ទាន់ ប្រសិនបើលោកជំនួសតំណែងលោក វីលៀម ថូដ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “បច្ចុប្បន្ន បណ្ដាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដោយសារសេចក្ដីព្រាងច្បាប់មួយស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលនឹងត្រូវលើកយកទៅពិចារណានៅរដ្ឋសភាក្នុងពេលឆាប់ៗនេះ។ បទប្បញ្ញត្តិក្នុងសេចក្ដីព្រាងច្បាប់នេះដែលប្រើពាក្យពេចន៍មិនច្បាស់លាស់ ទំនងជារឹតត្បិតសកម្មភាពដែលអង្គការមិនមែនរដ្ឋាភិបាលនានាចូលរួម និងបង្កើតការចុះបញ្ជីស្មុគស្មាញ និងការតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលធ្វើរបាយការណ៍”។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា ការយល់ឃើញថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ពឹងផ្អែកលើឯកអគ្គរដ្ឋទូតរូបនេះ គឺខុសហើយ។ លោកថ្លែងថា “ការមកដល់របស់ឯកអគ្គរដ្ឋទូតថ្មីរូបនេះ នឹងគ្មានអ្វីប្រែប្រួលឡើុយ ពីព្រោះរដ្ឋាភិបាលសហរដ្ឋអាមេរិក មានគោលនយោបាយរបស់ខ្លួន ហើយឯកអគ្គរដ្ឋទូតរូបនេះនឹងអនុវត្តតាមអ្វីដែលរដ្ឋាភិបាលចង់បាន។ មិនមែនមានតែលោក វីលៀម ថូដ ទេដែលបានរិះគន់ និងប្រើពាក្យសម្តីធ្ងន់ៗមកលើរដ្ឋាភិបាល។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មុនៗមួយចំនួនប្រចាំកម្ពុជា ក៏ធ្លាប់បានប្រើពាក្យសម្តីធ្ងន់ៗមកលើរដ្ឋាភិបាលកម្ពុជា ដែរ”៕ សុខុម (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)