30 C
Phnom Penh

អ្នក​ប្រឆាំង​និរទេសខ្លួន​នឹងវិល​មក​កម្ពុជាវិញ​ ហើយ​មាន​គម្រោង​ចុះទៅ​ព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សួន សេរីរដ្ឋា អ្នកប្រឆាំង​និរទេសខ្លួន បាន​និយាយ​កាលពីម្សិលមិញ​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញនៅថ្ងៃទី​១ ខែតុលា​ បន្ទាប់ពី​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្រៅ​ប្រទេស ចំពេល​ដែល​ប្រារព្ធ​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ដោយធ្វើ​ដំណើរ​ចុះ​ទៅ​ព្រំដែន​ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។

លោក សេរីរដ្ឋា​ ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​កំបាំង​មុខ​ពីបទ​ចោទ​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​​និង​រារាំង​ការ​បោះឆ្នោត​កាលពី​ដើមឆ្នាំ​នេះ​ ត្រូវ​បាន​ព្រះរាជទាន​ទោស​ដោយ​ព្រះមហា​ក្សត្រ​កាលពី​ខែ​កក្កដា​ តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែលបាន​ចាត់ទុក​អ្នក​ប្រឆាំង​នេះ​ថា ជា​ភេរវករ។

ការលើក​លែង​​ទោស​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក និង​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​ កាលពី​ខែ​កក្កដា។

ទាក់ទង​កាលពី​ម្សិលមិញ​​នៅ​ប្រទេស​ថៃ​ លោក សេរីរដ្ឋា បាន​និយាយថា លោក​នឹង​ផ្អាក​ការ​វិល​មក​កម្ពុជា​វិញ​ ប្រសិន​បើ​ការ​ទាមទារ​លើក​ទី៣​របស់​លោក​មិន​បាន​សម្រេច​គឺ ការ​លើក​លែង​ទោស​និង​ការ​ដោះ​លែង​បុរស​បីនាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ជាមួយ​លោក​កាលពី​ខែ​មករា​ ហើយ​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។​

លោក សេរីរដ្ឋា បាន​និយាយថា “ខ្ញុំនឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការ​ដោះលែង​នៅថ្ងៃ​ទី១ ខែតុលា​​។ បើ​ពួកគេ​មិន​ត្រូវ​បាន​ដោះលែង​ត្រឹម​ថ្ងៃ​ទី១​ ខែតុលា ខ្ញុំ​នឹង​មិន​ត្រឡប់​មក​កម្ពុជា​ទេ​”។

កាលពី​ខែកក្កដា លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាននិយាយ​ថា អ្នក​ទាំង​បី​នឹង​ត្រូវ​លើក​លែង​ទោស​ក្រោយមក​ទៀត​។ កាលពី​ម្សិលមិញ​ អ្នកនាំ​ពាក្យ​រូបនេះ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ ដែល​មិន​អាច​ទាក់​ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

លោក​ សេរីរដ្ឋា បាន​និយាយ​ថា ការ​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១ ខែតុលា នឹង​ធ្វើ​ឲ្យ​លោក​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ដំណើរ​ចុះ​ទៅ​ព្រំដែន​កម្ពុជា​-វៀតណាម នៅថ្ងៃ​ទី​២៣​ តុលា ដើម្បី​បង្ហាញ​នូវ​ការ​អះអាង​ជាយូរ​មក​ហើយ​ចំពោះ​ការ​ទន្ទ្រាន​របស់​វៀតណាម។

លោក​ សេរីរដ្ឋា បាន​និយាយថា “មាន​តែ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ទេ​ ដែលអាច​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ ហើយ​មាន​តែ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ទេ ដែលអាច​ជួយ​ប្រទេស​កម្ពុជាឲ្យ​​ក្លាយ​ជាប្រទេស​ប្រជាធិបតេយ្យ”។

លោក សេរីរដ្ឋា បាន​និយាយ​ថា លោក​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បក្ស​ថ្មី​របស់លោក​នៅ​តាម​បណ្តា​ខេត្ត​នានា​ និង​អញ្ជើញ​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ប្រទេស​ខ្មែរ​ ដែលមិន​មាន​កៅអី​នៅ​រដ្ឋសភា​ ដើម្បី​ចូលរួម​ជាសម្ព័ន្ធ​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ រួមមាន​គណៈកម្មាធិការជាតិ​បោះឆ្នោត​ឯករាជ្យ​ បេក្ខជន​តំណាង​រាស្ត្រ​ដែល​មាន​ប្រជាប្រិយភាព​និងការ​​កំណត់​អាណត្តិ​សម្រាប់​នាយករដ្ឋមន្ត្រី​៕ រើន (រាយការណ៍​បន្ថែមដោយ​ ឃួន​ ណារិម)​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស