កាលពីម្សិលមិញ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលទើបតែនឹងបង្កើតថ្មី បានដាក់ពាក្យប្តឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលលោកបានធ្វើការគំរាមកាលពីសប្តាហ៍មុន។

លោក សួន សេរីរដ្ឋា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែតុលា បន្ទាប់ពីនិរទេសខ្លួនទៅរស់នៅបរទេសអស់រយៈពេល៩ឆ្នាំ ដែលអំឡុងពេលនោះលោកបាន ធ្វើការរិះគន់ជាបន្តបន្ទាប់លើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីខែមករា លោក សេរីរដ្ឋា ត្រូវបានផ្តន្ទាទោសកំបាំងមុខពីបទញុះញង់ មានគំនិតក្បត់ និងរារាំងការបោះឆ្នោត ប៉ុន្តែលោកអាចវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញបានដោយសារមានការលើកលែងទោសដ៏គួរឲ្យភ្ញាក់ផ្អើលដែលរៀបចំដោយលោក ហ៊ុន សែន។
នៅឯសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ បុគ្គលប្រឆាំងរូបនេះបានប្រកាសថា លោកនឹងធ្វើការចោទប្រកាន់ជាផ្លូវការលើលោក ហោ ណាំហុង ប្រសិនបើរដ្ឋមន្ត្រីរូបនេះមិនសុំអភ័យទោសចំពោះការចាត់ទុក លោកនិងសមាជិកគណបក្សអំណាចខ្មែររបស់លោកថា ជាក្រុមភេរវករកាលពីដើមខែនេះទេនោះ។
ដោយគ្មានការសុំអភ័យទោសពីលោក ហោ ណាំហុង លោក សេរីរដ្ឋា បានដាក់ពាក្យ ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។
លោក សេរីរដ្ឋា បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការ បន្ទាប់ពីជួបប្រជុំជាមួយមន្ត្រីនៅខាងក្នុងរួចថា “យើងបានប្រគល់ ពាក្យបណ្តឹង និងភ័ស្តុតាងមួយចំនួនទៅតុលាការ ហើយ”។ លោកបានបន្ថែមថា ខណៈលោកមានមន្ទិលថា បណ្តឹងនឹងមិនទទួលបានផ្លែផ្កាវានឹងជួយធ្វើឲ្យមានការយល់ដឹងកាន់តែច្រើនអំពីភាពខ្សោយរបស់តុលាការ។
លោកបានមានប្រសាសន៍ថា “ទោះបីជាយើងដឹងថា ទទួលបានភាគរយតិចតួចថា គេ នឹងចាត់រឿងក្តី ឬផ្តល់យុត្តិធម៌ ប៉ុន្តែយើង ត្រូវ តែប្តឹង ពីព្រោះខ្ញុំចង់បង្កើនករណី អយុត្តិធម៌នៅតុលាការឲ្យកាន់តែច្រើន”។
“ ប្រសិនបើតុលាការនេះ មិនផ្តន្ទាទោស[លោក ហោ ណាំហុង] ហើយមិនផ្តល់យុត្តិធម៌ ជូនគណបក្សអំណាចខ្មែរ និងសកម្មជនរបស់យើងដែលត្រូវបានចោទប្រកាន់ថា ជាក្រុមភេរវករទេនោះ ករណីអយុត្តិធម៌នឹងកើនឡើង”។
នៅឯទីស្នាក់ការកណ្តាលក្នុងរាជធានី ភ្នំពេញរបស់គណបក្សអំណាចខ្មែរកាលពីថ្ងៃសុក្រ លោក សេរីរដ្ឋា បានចាក់ខ្សែអាត់សំឡេងស្តីអំពីលោក ហោ ណាំហុង កំពុងនិយាយអំឡុងសន្និសីទកាសែតមួយកាលពីដើមខែនេះ ដែលគេបានឮថា រដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា សមាជិកគណ បក្សអំណាចខ្មែរបាន ”ប្រព្រឹត្តអំពើភេរវ កម្ម”។
លោក ហោ ណាំហុង បានមានប្រសាសន៍ ក្នុងខ្សែអាត់ សំឡេងថា “ជាពិសេស គណបក្ស របស់សួន សេរី រដ្ឋា នៅអាមេរិក ដែលកន្លងមករហូតដល់មានសមាជិករបស់គេធ្វើភេរវ កម្មនៅកម្ពុជាផង ដែលយើងបានលើកលែង ទោសឲ្យពួកគេ ហើយយើងចង់ពង្រឹងប្រជាធិបតេយ្យពហុបក្ស”។
លោក លី ចាន់ដារ៉ា អ្នកគ្រប់គ្រងរដ្ឋបាលនៅតុលាការបានបញ្ជាក់ ពីការទទួលបានពាក្យបណ្តឹងរបស់លោក សួន សេរីរដ្ឋាកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលបានពាក្យបណ្តឹងរបស់គាត់ ហើយខ្ញុំនឹងបញ្ជូន វាទៅឲ្យព្រះរាជអាជ្ញា”។លោកបានបដិសេធ មិននិយាយបន្ថែមឡើយ។
លោក ជុំ ស៊ុនរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា លោក ហោ ណាំហុងមិនព្រួយបារម្ភអំពីពាក្យបណ្តឹងរបស់លោក សេរីរដ្ឋាឡើយ។
លោកបានមានប្រសាសន៍ថា “ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកំពុងជាប់រវល់គិតគូអំពីបញ្ហាប្រទេសជាតិ។ គាត់គ្មានពេលគិតអំពីបញ្ហានេះទេ”។ លោកបានបង្វែរសំណួរបន្ថែម ទៅលោក ការ សាវុធ មេធាវីរបស់លោក ហោ ណាំហុង ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ៕ស៊ុយឈាង