អតីតទីបញ្ជាការដ្ឋានអង្គរក្សនៃកងអង្គរក្សផ្ទាល់របស់អតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ដែលបានរំសាយចោលបន្ទាប់ពីមរណភាពរបស់លោកកាលពីខែមិថុនា គឺឥឡូវនេះជាការិយាល័យរបស់ក្រុមហ៊ុនសន្តិសុខឯកជនមួយ។
សញ្ញាពណ៌ខៀវក្រហមដ៏ធំដែលសរសេរថា “កងអង្គរក្សសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម” នៅខាងលើទ្វារចូលបរិវេណនៅតាមផ្លូវលេខ១៩ក្នុងក្រុងភ្នំពេញត្រូវបានដាក់ជំនួសដោយស្លាកសញ្ញាពីរអមសងខាងទ្វារដែក ពោលគឺរូបសន្តិសុខស្ត្រីនៅម្ខាង និងរូបសន្តិសុខបុរសនៅម្ខាងទៀត ដែលផ្សាយអំពីសេវាក្រុមហ៊ុនសន្តិសុខលីប្រា។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍កាលពីថ្ងៃអង្គារថាលោក ជា ស៊ីម ទទួលបានការការពារពីអង្គរក្សរាប់រយនាក់ តែអ្នកទទួលតំណែងស្នងរបស់លោកជាប្រធានព្រឹទ្ធសភាគឺលោក សាយ ឈុំ មានមធ្យោបាយធូររលុងចំពោះសន្តិសុខ។
អ្នកនាំពាក្យព្រឹទ្ធសភារូបនេះបានមានប្រសាសន៍ថា “សម្តេច សាយ ឈុំ មិនមានអង្គរក្សច្រើនដូចសម្តេច ជា ស៊ីម ទេ។ ខ្ញុំឃើញថា គាត់មានអង្គរក្សប្រាំ ឬប្រាំមួយនាក់ប៉ុណ្ណោះដែលទៅតាមសម្តេចពេលលោកទៅណាម្តងៗ”។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា សមាជិកកងអង្គរក្សលោក ជា ស៊ីម ត្រូវបានបញ្ជូនទៅកងពលតូចលេខ៧០ ជាកងយោធពលខេមរភូមិន្ទទទួលបន្ទុកផ្តល់សន្តិសុខដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីអ្នកមុខអ្នកការបរទេស។
អ្នកវិភាគនយោបាយបាននិយាយថា មានហេតុផលផ្សេងៗដែលក្រុមសន្តិសុខលោក ឈុំ តិចបើប្រៀបធៀបនឹងលោក ជា ស៊ីម ប៉ុន្តែបានយល់ស្របថា កងកម្លាំងធំធេងរបស់លោក ជា ស៊ីម មានប្រយោជន៍តិចតួចសម្រាប់ការពារផ្ទាល់ខ្លួនរបស់លោក។
លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលកាលពីឆ្នាំមុនបានបង្កើតក្រុមតស៊ូមតិមូលដ្ឋានខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា កងអង្គរក្សលោក ជា ស៊ីម គឺច្រើនតែជាមរតកនៃបក្សនិយមនៅក្នុងជួរគណបក្សកាន់អំណាចនាចុងទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះ។
លោក ឡី បានមានប្រសាសន៍ថា “នេះគឺជាជម្លោះ ហើយប្រធាន និងអនុប្រធាន[នៃគណបក្សប្រជាជនកម្ពុជា]បានព្យាយាមរើសអង្គរក្សដ៏ច្រើនរហូតមកដល់បច្ចុប្បន្ននេះ។ សាយ ឈុំ នៅពេលនោះគឺស្ថិតនៅកណ្តាល។ អ៊ីចឹង នោះជាហេតុដែល សាយ ឈុំ នឹងមិនរើសអង្គរក្សច្រើនទេ”។
លោក ឡី បាននិយាយបន្ថែមថា ចំពោះមរណភាពនៃលោក ជា ស៊ីម អង្គរក្សរបស់លោកត្រូវផ្លាស់ទៅបម្រើការនៅកន្លែងផ្សេងៗគ្នា។
លោក ឡី បាននិយាយថា “អង្គរក្សគឺមិនត្រឹមតែរក្សាសន្តិសុខឲ្យចៅហ្វាយនាយគេទេ ប៉ុន្តែក៏ការពារមុខជំនួញគេដែរ”។
ទោះបីមានតួនាទីកិត្តិយសនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាក្រោយមកនៅក្នុងឆាកជីវិតរបស់លោកក៏ដោយ ក៏លោក ជា ស៊ីម បានបង្កើតនូវបណ្តាញសែស្រឡាយនយោបាយទូលំទូលាយនាទសវត្សរ៍ឆ្នាំ១៩៨០ដែលរយៈពេលជាង១០ឆ្នាំបានធ្វើឲ្យលោកក្លាយជាបុរសមានអំណាចបំផុតម្នាក់ក្នុងបណ្តាអ្នកមានអំណាចជាច្រើនរបស់ប្រទេសកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញក្រោយពីមរណភាពរបស់លោកកាលពីឆ្នាំមុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះនឹងត្រូវគេចងចាំថាបានបង្កើតឲ្យមានគំរូក្នុងការប្រើខុសនូវកងកម្លាំងសន្តិសុខរដ្ឋ។
លោក ប្រេដ អាដាម នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “មរតករបស់លោកបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយមានកងកម្លាំងសន្តិសុខមិនមានការកែទម្រង់ គឺធ្វើឡើងសម្រាប់តែផលប្រយោជន៍គណបក្សកាន់អំណាច ជាជាងសម្រាប់សាធារណជន”។
កងអង្គរក្សដ៏ធំធេងរបស់លោក ជា ស៊ីម និងបញ្ជីទីប្រឹក្សាច្រើននាក់របស់លោកមានឈ្មោះក្នុងបញ្ហាផ្លូវច្បាប់ ដោយមានអតីតប្រធានកងអង្គរក្សរបស់លោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទប្រព្រឹត្តល្មើសជាច្រើន។
ឈឿន ចាន់ថន ប្រធានអង្គរក្សធ្លាក់សក្តិ ត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែកុម្ភៈ ឆ្នាំ២០១២ពីបទកាន់កាប់អាវុធខុសច្បាប់ ពីបទបញ្ជាឲ្យប្រើអាវុធដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ។ នៅក្នុងខែដដែលនោះ តុលាការយោធាបានផ្តន្ទាទោសអតីតប្រធានអង្គរក្សរូបនេះពីបទលក់ និងបំផ្លាញទ្រព្យសម្បត្តិយោធាដោយខុសច្បាប់ ក៏ដូចជារំលោភសេចក្តីទុកចិត្ត។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជានាយកវេទិកាអនាគតបានមានប្រសាសន៍ថា អង្គរក្សនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនជានិមិត្តរូបអំណាច ហើយជាអង្គរក្សដែលលោកត្រេកអរនឹងឃើញហោចទៅក្នុងករណីលោក ជា ស៊ីម។
អ្នកវិភាគនយោបាយរូបនេះបានមានប្រសាសន៍ថា “ខ្ញុំគិតថា ជាបឋមជាវិធីនិយាយរបស់ ជា ស៊ីម ថា លោកនៅតែជាមនុស្សសំខាន់នៅក្នុងជួរបក្ស។ សាយ ឈុំ មិនអាចទាមទារអ្វីៗដូចគ្នាបានទេ ហើយលោកក៏មិនគួរទាមទារដែរ”។
លោក វីរៈ បានមានប្រសាសន៍សំដៅលើក្រុមអង្គរក្សលោក ហ៊ុន សែន ដែលមានចំនួនរាប់ពាន់នាក់ថា “ពលរដ្ឋខ្មែរជាច្រើនដែលមានអង្គរក្សមិនមែនយកពួកគេមកដើម្បីការពារខ្លួនពួកគេទេ”។
លោក វីរៈ បានមានប្រសាសន៍បន្ថែមថា ” តើហ៊ុន សែនពិតជាត្រូវការក្រុមអង្គរក្សមែនទេ?អ្នកអាចសួរចំណុចដូចគ្នានេះអំពី ជា ស៊ីម។ ចម្លើយគឺអត់ទេ”៕