28 C
Phnom Penh

ក្រោយ​​​​​​ចៅ​​​​​​​​​ក្រម​​​​​​​​​ហៅ​នគរ​បាល​​​​ទើប​​​មេដឹកនាំ​សាស​នា​​​​​អុិស្លាម​​ព្រម​​​​​​​ផ្តល់​​​​សក្ខីកម្ម​​នៅ​សាលា​ក្ដី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​បដិសេធ​​ម្ដង​ហើយ​ម្ដង​ទៀត​មិន​​​​​ព្រម​​​ផ្ដល់​សក្ខីកម្ម​​នៅ​ចំពោះ​មុខ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​​​បណ្ដាល​ឲ្យ​ចៅក្រម​ទាក់​ទង​​​​​​​​​ទៅ​​​​​​​​​​​​នគរ​បាល​យុត្តិធម៌​​​​​​​ដើម្បី​​​​​​​​​សុំ​​​​​​អន្តរាគមន៍ ​ប្រធាន​​ក្រុម​ប្រឹក្សា​​កិច្ចការ​​សាសនា​អុិស្លាម​នៅ​កម្ពុជា​ បាន​ឡើង​លើ​​​វេទិកា​សាក្សី​កាលពី​ម្សិលមិញ និង​​​​​​ត្រូវ​បាន​សាកសួរយ៉ាង​​​​​​​​​ច្រើន​អំពី​អវត្តមាន​របស់​គាត់។

លោក សុះ កាំរី ​ដែល​មាន​ងារ​ “ឧកញ៉ា” ​ជា​ងារ​កិត្តិយស​​​ដែល​ជា​ទូទៅ​​ផ្ដល់​ឲ្យ​​​ពាណិជ្ជ​ករ​​​​​ស្ដុកស្ដម្ភ​ដែល​មានទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​គណបក្ស​​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​​បដិសេធ​មិន​​​ចូល​​​​​​​​​​​​ខ្លួន​​​​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ​​ឡើយ​​​​​ចាប់​តាំងពី​​ត្រូវ​តុលាការ​​​កោះ​ហៅលើក​​​​ដំបូង​​​​​កាលពី​ខែ​កញ្ញាមក ដោយ​លើក​​​​​​ហេតុផល​​​​​​​​​ថា​​​​​​​​​​​​​​មាន​បញ្ហា​សុខភាព​។

នៅ​ទីបំផុត​​​មេដឹកនាំ​សាសនា​​​រូប​នេះ​បាន​យល់​ព្រម​ផ្ដល់​សក្ខីកម្ម​កាលពី​ខែ​មុន ​បន្ទាប់ពី​​អង្គជំនុំជម្រះ​បាន​គំរាម​​​​​​​​​ប្រើ​​​​​​​​​​កម្លាំង​​​​​​​​​​​​​​​ដើម្បី​​​​នាំ​ខ្លួន​​​គាត់​​​ឡើង​​​​​តុលាការ​ ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​វិញ​កាលពី​ថ្ងៃ​អាទិត្យ ពោល​​​​​​​​​គឺ​​​មួយ​ថ្ងៃ​មុន​ពេល​គាត់​ត្រូវចូល​​​​​​ខ្លួន​តាម​ការ​កំណត់ ដោយ​និយាយ​​​​​ថា គាត់​ប្ដូរ​ចិត្ត​ហើយ​។

នៅ​ពេល​លោក​ សុះ កាំរី មិន​​​​បាន​​​​​​​​​​​​ចូល​​​​​​​​​​​​​​​​​​​​​ខ្លួន​​​​​​​​នៅ​​​ថ្ងៃទី២ កាល​​​ពី​ថ្ងៃអង្គារ លោក​ និល​ ណុន ប្រធាន​អង្គជំនុំជម្រះ​​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ឡោ សុឡេង ​​​មន្ត្រី​សម្ពន្ធការ​នគរ​បាល​យុត្តិធម៌​ដើម្បី​​​​​​​​​​ស្នើ​ឲ្យ​​​​​ការ​​​បក​ស្រាយ​ពី​​​​​​មូល​​​ហេតុដែល​​​​​​សាក្សី​មិន​​​បាន​​​​បង្ហាញ​មុខ​។

កាលពី​ម្សិលមិញ លោក សុះ កាំរី បាន​ឡើង​​វេទិកា​សាក្សី​ដើម្បី​ផ្ដល់​សក្ខីកម្ម​អំពី​ការ​​​ប្រព្រឹត្ត​​​លើ​​​​​​ជន​​​ជាតិ​​​​​​ចាម កាន់​​​​​​សាសនា​​​​អុិស្លាម​​​​អំឡុង​​សម័យ​ ប៉ុល ពត។ គាត់​​​រៀបរាប់​ថា​​​​​​​​​បាន​​​​​​​ឃើញ​សាកសព​​​ជន​​​ជាតិ​​​​​ចាម គរ​​​​​​​លើ​​​​​​គ្នា​​​នៅ​ខេត្ត​កំពង់ចាម ហើយ​​​និយាយ​​​​​​​ថា ​គាត់​បាន​អាន​កូន​សៀវភៅ​មួយ​ដែល​​បង្ហាញ​ពី​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម​ ដើម្បី​បំផ្លាញ​​ក្រុមសាសនា​​​នេះ​​​​​​ចោល​​​​។

លិខិត​មួយ​​​​ច្បាប់​​​​ពី​​​ឧត្ដម​សេនីយ៍​​ទោ ឡោ សុឡេង ដែល​ទទួល​បាន​កាលពី​ម្សិល​មិញ​​​​បញ្ជាក់​​​​​​ថា លោក សុះ កាំរី ​​​​​​​​បាន​​​​​​យល់​​​​ព្រម​​​បន្ទាប់​​ពី​​​​​​មាន​​​​​​ការ​​​​​​បញ្ចុះ​​​​​​បញ្ចូល​​​​​​ពី​​​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​ប្រឹក្សា​សាសនា​អុិស្លាម​​និង​នៅ​ពេល​​នគរ​បាល​យុត្តិធម៌​ត្រៀម​​​​​​​​​​​​​​​ប្រើ​​​កម្លាំង​​​​​​​​ដើម្បី​​​នាំ​​​​​​ខ្លួន​​​​​​​​​​​​​​​​​​គាត់​​​​​​ឡើង​តុលាការ​។

លោក ឡោ សុឡេង បាន​សរសេរ​​​​នៅ​​​​​​ក្នុង​​​​​​​​​​​​លិខិត​​​​​​នោះ​​​​​​ថា “​ផ្នែក​សន្តិសុខ​ជាតិ​ និង​មន្ត្រី​នគរ​បាល​យុត្តិធម៌​​​​​បាន​​​​​​ត្រៀម​ខ្លួន​​​​​​អនុវត្ត​​​ដីកា​​​បង្គាប់​​​​​​​​​​​ដោយ​​​​សហការ​ជាមួយ​នគរ​បាល​​​​មូល​​​​​​ដ្ឋាន និង​អង្គភាព​គាំទ្រ​សាក្សី និង​អ្នក​ជំនាញ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដោយ​កំណត់​ពេល​វេលា​​ និង​ទីតាំង​​សម្រាប់​អនុវត្ត​នៅ​ម៉ោង​​៧:០០ព្រឹក [ថ្ងៃអង្គារ​]”។

មន្ត្រី​នគរ​បាល​រូប​នេះ​​​លើក​ឡើង​ថា បន្ទាប់​​មក​លោក​ទទួល​បាន​ ”​សំណើ​បន្ទាន់​” ​​​មួយ​​​​​​ពី​ក្រុម​ប្រឹក្សា​សាសនា​អុិស្លាម​​​​ថា ទុក​​​​​​​​​​ពេល​​​​​​​​ឲ្យ​​​​​​​​​ខ្លួន​​​​​​បញ្ចុះ​បញ្ចូលលោក សុះ កាំរី ឲ្យ​​​​​​​​​​ចូល​​​​​​​​​​​​ខ្លួន​​​​ដោយ​​​​ស្ម័គ្រ​ចិត្ត​ ដោយ​​​​​បញ្ជាក់​​​​ថា ​ការ​​​​​​​ចាប់​​​​​​​​​បង្ខំ​​​​​​​​ឲ្យ​​​​​​ចូល​​​​​​​ខ្លួន​ ”​នឹង​​នាំ​ឲ្យ​​​បង​​​​​​ប្អូន​​​​​​​ខ្មែរ​អុិស្លាម​យល់​ខុស ហើយ​​​​​​អាច​​​​​​​​​ឈាន​ទៅ​​​​​​ដល់​​​​​​​ការ​តវ៉ា​​​​​​ផ្សេងៗ និង​អំពើ​ហិង្សា​”។

នៅ​ក្នុង​តុលាការ​កាលពី​ម្សិលមិញ លោក វីកទ័រ កូប៉េ ​​​ជា​​​មេធាវី​ការ​ពារ នួន ជា ​មេបញ្ជា​​​​​​​​​​​​​​ការ​​​​​​​​​ទី​​​២​​​​​​របស់​​​​​​​​​​​​ខ្មែរ​​​​​​ក្រហម ដែល​ឡើង​សវនា​ការ​​​​ជំនុះ​​​​​​​​​ជម្រះ​​​ទោស​​​​​​​​​ពីបទ​​​ល្មើស​​​​​​​​​រួម​​​ទាំង​អំពើ​ប្រល័យ​ពូជសាសន៍​ផង រួម​ជាមួយ ខៀវ សំផន ដែល​​​​​​ជា​​​​​​​​​ប្រធាន​រដ្ឋ​​​​​​​របស់​​​​​​​​​ខ្មែរ​​​​​​ក្រហម ​​បាន​សួរ​សាក្សី​រូប​​​​​​​​​​​​នេះ​​​​​ពី​​​​​​មូល​​​​​​​​​ហេតុ​​​​​​​​​ដែល​​​​គាត់​ស្ទាក់​ស្ទើរ​ខ្លាំង​ក្នុង​ការ​ផ្ដល់​សក្ខី​កម្ម។

នៅ​ពេល​លោក សុះ កាំរី ឆ្លើយ​តប​ថា ​មូល​​​​​​​​​​​​ហេតុ​​​​​​តែ​​​មួយ​​​​​​គត់​​​ដែល​​​រារាំង​​​គាត់​​​មិន​​​​​​​​​ចូល​​​​​​​​ខ្លួន​​​​​​​​​គឺ​​​​​​​​​សុខភាព​ចុះ​​​ខ្សោយ​​​របស់​​​​​​គាត់​​​នោះ លោក វីកទ័រ កូប៉េ បាន​ចង្អុល​បង្ហាញ​​​​​​​ថា វា​​​​​​​​​បណ្តាល​​​​​​​​​មក​​​ពី​​​​​​ការ​​​​​​ព្រួយ​​​​​​បារម្ភ​ដូច​​​​​​ដែល​​​​ក្រុម​ប្រឹក្សា​សាសនា​អុិស្លាម​​​​បាន​​​​​​លើក​​​​​​ឡើង​​​។

cam-photo-ecccមេធាវីរូប​​​នេះ​​​​​​បាន​សួរ​ថា “​តើ​លោក​​​បាន​​​​​​​​​​​​​ដឹទេ​​​​​​ថា​ក្រុម​ប្រឹក្សា​កិច្ច​ការ​សាសនា​អុិស្លាម​​ដែល​មាន​លោក​ជា​ប្រធាន​​ ​​​​​​​​​បាន​​​​​​​​​​​​​​​​​​ទាក់​​​ទង​​​ទៅ​​​តុលាការ [ការ​​​​​​​​​លើក​​​​​ជា​​​​​​​​​ទឡ្ហីករណ៍​​​] ​ថា ​​ការ​បង្ខំ​ឲ្យ​លោក​ចូល​​​ខ្លួន​នឹង​នាំ​ឲ្យ​មាន​ការ​តវ៉ា​ និង​អំពើ​​​ហិង្សា​នៅ​ក្នុង​សហគមន៍​​​ជន​​​ជាតិ​​​ចាម?”។

លោក សុះ កាំរី បាន​ឆ្លើយ​​​ថា “​​​​ការ​​​​​​លើក​​​​​​ឡើង​​​​​​​​​នោះ​គឺ​​ត្រឹម​ត្រូវ​” មុន​ពេល​​​​​​ប្តូរ​​​​​​​​​​​​ជំហរ ​ហើយ​​​​​​​​​​​​​​​​​​​​​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា អវត្តមាន​​របស់គាត់​​​​​​​ពាក់​ព័ន្ធ​បញ្ហា​សុខភាព​។

បន្ទាប់​មក​ លោក វីកទ័រ កូប៉េ ​​លើក​ឡើង​ពី​សំណើ​មួយ​​របស់​លោក​​ អូស្មាន់ ហាសាន់ ​ជា​​​​​​ជន​​​​​​​​​​​​​​​ជាតិ​​​​​​ចាម​​​​​​កាន់​​​​​​សាសនា​​​​​​អិុស្លាម និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ​​ ដែល​សុំ​​​ឲ្យ​​តុលាការ​​រក​សាក្សី​ជំនួស​លោក​ សុះ កាំរី។ ​​​​​​

មេធាវី​រូប​េនះ​បាន​សួរ​ថា ”​តើ​នរណា​គឺ​ជា​ឯកឧត្តម អូស្មាន់ ហាសាន់ គឺ​ជា​ទីប្រឹក្សា​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ? ​តើ​គាត់​គឺ​ជា​នរណា​ ហើយ​តើ​លោក​ស្គាល់​គាត់​ដែរ​ឬទេ?

សាក្សី​រូប​នេះ​បាន​ឆ្លើយ​តប​ថា “សូម​កុំ​សួរ​ខ្ញុំ​អំពី​បញ្ហា​របស់អ្នក​​ផ្សេង”។ លោក វីកទ័រ កូប៉េ បាន​សួរ​​បន្ទាប់​មក​ទៀត​ថា “​តើ​លោក​មាន​ដឹង​​ ថា ​លោក អូសា្មន់ ហាសាន់ ​​បាន​ស្នើ​ជួស​មុខ​លោក​​ ឱ្យរក​សាក្សី​ផ្សេងមក​​ជំនួស​លោក​​​ដើម្បី​ផ្ដល់​សក្ខីកម្ម​​​ដែរឬទេ​”។ ​លោក សុះ កាំរី បាន​ឆ្លើយ​តប​ម្ដង​ទៀត​​ដោយ​​ត្អូញ​ត្អែរ​អំពី​សុខភាព​មិន​ល្អ​​របស់​លោក​។

ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ លោក អូស្មាន់ ហាសាន់ បាន​លើក​ឡើង​ថា លោក​មិន​ដែល​​បានទាក់​ទង​​ទៅ​សាលា​​ក្ដី​ឡើយ​​ ប៉ុន្តែ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​យល់ឃើញ​​ថា មិន​គួរ​បង្ខំ​លោក សុះ កាំរី ឲ្យ​​ផ្ដល់​​សក្ខី​កម្ម​​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា មាន​​​​​​អ្នក​ដែល​អាច​ជំនួស​គាត់​បាន មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ឆ្លង​កាត់​ [សម័យ​ខ្មែរ​ក្រហម​]”។

​ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ លោក វីកទ័រ កូប៉េ ​បាន​សួរ​លោក​ សុះ កាំរី ថា ហេតុ​អ្វី​​​​បាន​ជា​លោក​បដិសេធ​​មិន​ព្រម​ស្បថ ហើយ​​​ថា ​ការ​ធ្វើ​បែប​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​លោក​​​​​​​កំពុង​និយាយ​កុហក​​អំពី​ការ​ដែល​ថា ​បាន​អាន​កូន​សៀវភៅ​មាន​១៦​ទំព័រ​នៅ​ក្នុង​ឆ្នាំ​១៩៧៧​ ដែល​​លើក​ឡើង​ថា ​ជនជាតិ​ចាម​នឹង​ត្រូវ​កម្ទេច​​​​​ចោល​នៅ​ត្រឹម​ឆ្នាំ​១៩៨០។

លោក​បាន​សួរ​ថា “​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​សួរ​លោក​នូវ ​[សំណួរ​] ដ៏​ច្បាស់​លាស់​​ ហើយ​សូម​កុំ​អាក់អន់ចិត្ត​​ ​​ពេល​ខ្ញុំ​សួរ​សំណួរថា ការ​ដែល​លោក​​មិន​ព្រម​ស្បថ​ គឺ​ដោយ​សារ​​​តែ​តាម​ពិត​ទៅ​លោក​មិន​បាន​ឃើញ​កូន​សៀវភៅ​នោះ​ ហើយ​ខ្លាច​មិន​ហ៊ាន​​ស្បថ​មែនទេ​?។

លោក សុះ កាំរី ដែល​​​ពីមុន​បានពន្យល់​ថា នៅ​ក្នុង​ច្បាប់​សាសនា​អុិស្លាមមិន​តម្រូវ​ឲ្យ​លោក​ស្បថ​នោះ បាន​បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​។

លោក​បាន​មាន​ប្រសាសន៍​​ថា “​​នៅ​ទីនេះ​​ ខ្ញុំ​គិត​ថា យើង​មិន​ត្រូវ​ប្រើ​ពាក្យ​ថា​ខ្លាច​ទេ ​ព្រោះ​យើង​កំពុង​និយាយ​អំពី​ការ​ពិត​។ ខ្ញុំ​និយាយ​ត្រឹម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​បាន​ឮតែ​​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ​​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​​​​​ប្រាប់​​យ៉ាងម៉េចទេ​ ក្នុងនាម​ខ្ញុំ​ជា​អ្នក​ប្រតិបត្តិ​តាម​សាសនា​មួយ​រូបនោះ​​”។

បន្ទាប់​មកទៀត​​ លោក សុះ កាំរី ​ត្រូវ​បាន​សាក​សួរ​ទាក់​ទិន​​ការ​និយាយប្រាប់​ជាលើក​​ដំបូង​​​ទៅ​កាន់​​អ្នក​ស៊ើបអង្កេត​ ដោយ​ពន្យល់​អំពី​វិធី​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​​ជាតិ​ចាម​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​បះបោរ​ឆ្នាំ​១៩៧៥ ​​​​​នៅ​ភូមិ​កោះ​ផល ក្នុង​ខេត្ត​កំពង់ចាម និង​ភូមិ​ស្វាយឃ្លាំង ខេត្ត​ត្បូងឃ្មុំ។

ទោះ​ជាយ៉ាង​ណា នៅ​ក្នុង​សាលា​ក្ដី​ សាក្សី​​​​រូប​នេះ​បាន​អះអាង​ថា លោក​ដឹង​តិច​តួច​អំពី​ការ​សម្លាប់​រង្គាល​ ហើយ​មិន​ចង់​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ​។

យោង​តាម​របាយការណ៍ក្នុង​ពេល​ថ្មីៗ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សបាន​ឲ្យ​ដឹង​

ថា​ អង្គភាព​ខ្មែរ​ក្រហម​ក្រោម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​​លោក អ៊ុក ប៊ុនឈឿន ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​ងើប​ឡើង​បះបោរ​នោះ។

លោក​​ វីកទ័រ កូប៉េ បាន​សួរ​ទៀត​ថា “តើ​លោក​ធ្លាប់​បាន​ឮ​អំពី​ការ​ពាក់​ព័ន្ធ​របស់​បុគ្គល​ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​​ ទៅនឹង​​ការ​បង្ក្រាប​ការ​​បះ​បោរ​នេះ​ដែរ​ឬទេ?”។

សាក្សី​រូប​នេះ​បាន​ឆ្លើយ​តប​ថា ”​ខ្ញុំ​មិន​ដែល​​​ឮ​ទេ​”៕ សុខុម និង​ ស៊ុយឈាង (រាយការណ៍​​បន្ថែម​ដោយ អ៊ូច សូនី)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស