បន្ទាប់ពីកាលពីសប្ដាហ៍មុនបានបោះបង់ការបដិសេធស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ប៉ុន្តែនៅតែប្រឈមនឹងនគរបាលប្រឆាំងភេរវកម្មដែលព្យាយាមចោទប្រកាន់នាងពីបទសញ្ចរកម្មនោះ កាលពីថ្ងៃសុក្រ នាង ខុម ចាន់តារា៉ទី បានប្ដឹងលោក កឹម សុខា ទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទនេះ។
ពាក្យបណ្ដឹងនេះបានឈានដល់ការចាប់ខ្លួនមេឃុំគណបក្សប្រឆាំងមួយរូបកាលពីម្សិលមិញ ខណៈលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា លោកជឿថា គណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំព្រឹត្តិការណ៍ថ្មីៗនេះ “ដើម្បីបង្កើតឆាកសម្រាប់តុលាការខុសច្បាប់ចោទប្រកាន់លោក កឹម សុខា”។
ចាប់តាំងពីដើមខែមីនាមក នាង ខុម ចាន់តារា៉ទី ដែលគេស្គាល់ច្បាស់ថា “ស្រីមុំ” បានច្រានចោលការអះអាងថានាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ទោះបីជារឿងអាស្រូវនេះបានបែកធ្លាយដំបូងតាមរយៈខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទបង្ហោះលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះរបស់នាងក្តី។

ខ្សែអាត់សំឡេងទាំងនោះត្រូវបានបង្ហោះអមដោយសារបញ្ចេញកំហឹងបាញ់ឆ្ពោះទៅរកលោក កឹម សុខា ដែលទំនងជាសរសេរដោយ ខុម ចាន់តារ៉ាទី ប៉ុន្តែនាងបានអះអាងក្នុងបទសម្ភាសន៍តាមវិទ្យុ និងជាមួយនគរបាលប៉ុន្មានសប្ដាហ៍បន្ទាប់ពីរឿងអាស្រូវនេះបានបែកធ្លាយថា នាងគ្រាន់តែជាអ្នកធ្វើសក់ម្នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា បន្ទាប់ពីបោះបង់ការច្រានចោលទាំងនោះប្រាប់ព្រះរាជអាជ្ញាកាលពីសប្ដាហ៍មុន ខុម ចាន់តារ៉ាទី បានដាក់ពាក្យបណ្តឹងចោទប្រកាន់លោក កឹម សុខា ថាមិនបានឲ្យប្រាក់នាងចំនួន៣.០០០ដុល្លារតាមការសន្យាអំឡុងពេលមានស្នេហាលួចលាក់នឹងគ្នា និងអង្គការមិនមែនរដ្ឋាភិបាលដែលប្រាប់ឲ្យនាងច្រានចោលការអះអាងទាំងនោះ។
ខុម ចាន់តារ៉ាទី បានលើកឡើងក្នុងពាក្យបណ្ដឹងតុលាការថា ”ដោយសារទង្វើរបស់គាត់ ខ្ញុំបានខាតបង់ពេលវេលា បាត់បង់ការងារ ខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរ និងខាតបង់សេដ្ឋកិច្ចគ្រួសារដែលខ្ញុំជាអ្នកទ្រទ្រង់តែម្នាក់គត់។ ជាពិសេសនារីនៅលីវដូចខ្ញុំ ខ្ញុំសុំសួរថា តើមានអ្នកណាត្រូវការខ្ញុំ?”។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍កាលពីម្សិលមិញថា តុលាការទទួលបានពាក្យបណ្ដឹងនេះហើយ ហើយព្រះរាជអាជ្ញារងមួយរូបទំនងជាត្រូវបានចាត់តាំងឲ្យដោះស្រាយសំណុំរឿងនេះនៅថ្ងៃនេះ។
នៅក្នុងលិខិតមួយច្បាប់អមពាក្យបណ្ដឹងនេះ ខុម ចាន់តារា៉ទី ក៏បានចោទប្រកាន់បុគ្គលិកអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក អង្គការអង្គការសិទ្ធិស្ត្រីសីលការ ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងលោក ស៊ាង ចែត មេឃុំគណបក្សប្រឆាំងក្នុងស្រុកកំពង់សៀម ដែលបានបញ្ចុះបញ្ចូលនាងឲ្យនិយាយកុហកពាក់ព័ន្ធទំនាក់ទំនងស្នេហារបស់នាងជាមួយលោក កឹម សុខា ផងដែរ។
ការលើកឡើងបែបនោះបានឈានដល់ការចាប់ខ្លួនលោក ស៊ាង ចែត នៅម៉ោង១០និង៣០នាទីព្រឹកម្សិលមិញ ដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នេះបើយោងតាមការលើកឡើងរបស់អភិបាលស្រុកកំពង់សៀម ដែលម្ដាយរបស់ ខុម ចាន់តារ៉ាទី រស់នៅ។
លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀមបានមានប្រសាសន៍ថា ”លោក ឱម យ៉ិនទៀង បានមកសួរនាំគាត់រហូតដល់ម៉ោង១០និង៥៥នាទីព្រឹក ហើយបន្ទាប់មកគាត់និយាយថា សក្ខីកម្មរបស់លោក ស៊ាង ចែត ជាប់ពាក់ព័ន្ធរឿងជាច្រើន ហើយត្រូវសាកសួរគាត់ច្រើនទៀត ដូច្នេះហើយក៏ស្នើសុំនាំខ្លួនគាត់ត្រឡប់ទៅរាជធានីភ្នំពេញ”។
លិខិតរបស់ ខុម ចាន់តារ៉ាទី អះអាងថា លោក ស៊ាង ចែត បានផ្ដល់ប្រាក់ចំនួន៥០០ដុល្លារដល់គ្រួសាររបស់នាងដើម្បីបញ្ចុះបញ្ចូលនាងឲ្យនិយាយកុហកពាក់ព័ន្ធសំណុំរឿងនេះ។
គណបក្សសង្គ្រោះជាតិបានថ្កោលទោសការចាប់ខ្លួននេះថាគ្មានច្បាប់ទម្លាប់ និងធ្វើឡើងផ្អែកលើការអះអាងតែមួយដោយគ្មានភ័ស្តុតាងផ្សេង ហើយលោក ឱម យ៉ិនទៀង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរាប់សិបរវាងលោក កឹម សុខា និងនារីយ៉ាងហោចណាស់ពីរនាក់ក្នុងរយៈពេលពីរឆ្នាំ បានបែកធ្លាយតាមអុីនធឺណិតចាប់តាំងពីដើមខែមីនាដោយខ្សែអាត់ជាច្រើនហៅចេញពីទូរស័ព្ទរបស់លោក កឹម សុខា បណ្ដាលឲ្យមានការចោទសួរថា តើនរណាជាអ្នកថតការសន្ទនាទាំងនោះ ហើយធ្វើបែបនេះស្របច្បាប់ដែរទេ។
ទោះជាយ៉ាងណា ការស៊ើបអង្កេតដោយនគរបាលប្រឆាំងភេរវកម្ម មិនធ្លាប់បានលើកឡើងពីចំណុចនេះទេ ហើយបែរជាផ្ដោតថាតើលោក កឹម សុខា មានទំនាក់ទំនងស្នេហាជាមួយ ខុម ចាន់តារ៉ាទី ទៅវិញ ទោះបីជាគ្មាននរណាម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងអំពើផិតក្បត់បានដាក់ពាក្យបណ្ដឹងក្តី។
នគរបាលប្រឆាំងភេរវកម្មដែលនិយាយថាខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងនេះ ដោយសារខ្លួនទទួលបានការណែនាំឲ្យធ្វើដូច្នេះ បានចូលរួមពាក់ព័ន្ធក្នុងសំណុំរឿងលោក កឹម សុខា បន្ទាប់ពីសកម្មជនវ័យក្មេង ធី សុវណ្ណថា ដែលសាងភាពល្បីល្បាញក្នុងនាមជាអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ បានដាក់ពាក្យបណ្ដឹង ដោយសារតែឈ្មោះរបស់នាងត្រូវបានបញ្ចេញនៅក្នុងខ្សែអាត់សំឡេងទាំងនោះ។
កាលពីថ្ងៃសៅរ៍ កញ្ញា ធី សុវណ្ណថា ខ្លួននាងផ្ទាល់បានធ្វើសន្និសីទកាសែតមួយដើម្បីបង្ហាញថា នាងក៏នឹងប្តឹងលោក កឹម សុខា ទាមទារសំណងសរុប១លានដុល្លារដែរចំពោះការធ្វើឲ្យនាងកើតទុក្ខយ៉ាងខ្លាំងដោយសារការលើកឡើងនៅក្នុងខ្សែអាត់សំឡេងមួយក្នុងចំណោមខ្សែអាត់សំឡេងដែលលោក កឹមសុខា បដិសេធថា គ្មានសហាយស្មន់ជាមួយសកម្មជនរូបនេះដែលលោកចោទប្រកាន់ថាបានប្រើប្រាស់គណបក្សសង្គ្រោះជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ពេលនិយាយនៅឯសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញក្រោមបដាមួយដែលមាន រូបភាពរបស់នាងនៅខាងស្តាំដៃ ហើយរូបភាពរបស់លោក កឹម សុខ និងកញ្ញា ខុម ចាន់តារ៉ាទីនៅខាងឆ្វេងដៃនោះ កញ្ញា ធី សុវណ្ណថា បាន និយាយថា នាងកើតទុក្ខយ៉ាងខ្លាំងដោយសាររងការបរិហារកេរ្តិ៍។
សកម្មជនរូបនេះបាននិយាយមុនពេលអំពាវនាវឲ្យមានការជ្រើសរើសអ្នកផ្សេងជំនួសអនុប្រធានគណបក្សសង្គ្រោះជាតិដោយសាររឿងអាស្រូវនោះថា “ខ្ញុំបានសម្រេចប្តឹងលោក កឹម សុខា ទាមទារសំណង១លានដុល្លារ”។
នាងបាននិយាយទៀតថា “ឥឡូវនេះគាត់មិនទាន់ដឹកនា ំ[ប្រទេសកម្ពុជា] ផង។ ប្រសិនបើគាត់ដឹកនាំប្រទេស ឬក៏ដឹកនាំគណបក្សប្រឆាំងកាន់តែធំ ខ្ញុំគិតថា ប្រទេសនេះនឹងពោរពេញទៅដោយអំពើអនាចារ”។ នាងបានបន្ថែមថា “ជំហររបស់ខ្ញុំនៅតែដដែល៖ នៅក្នុងគណបក្សសង្គ្រោះជាតិមិនមែនមានតែលោក កឹម សុខា នោះទេ។ មានមនុស្សជាច្រើនដែលស្រឡាញ់ជាតិ និងមានមនុស្សល្អជាច្រើនដែលគួរតែគាំទ្រ ហើយគណបក្សហ្នឹងមួយ បើទោះជាគ្មានលោក កឹម សុខា ក៏មិនរលាយដែរ”។
កញ្ញា ធី សុវណ្ណថា ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរបស់នាងដើម្បីស្នើឲ្យមានការចោទប្រកាន់លោក កឹម សុខា ពីបទ “ជួញដូរផ្លូវភេទ” ផងដែរសម្រាប់ការនាំកញ្ញា ខុម ចាន់តារ៉ាទី ទៅកាន់ទីក្រុងបាងកកអំឡុងពេលពួកគាត់ត្រូវបានគេចោទមានទំនាក់ទំនងនឹងគ្នា ជាការចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
គេមិនដឹងច្បាស់ថា តើតុលាការនឹងនៅតែដាក់ការចោទប្រកាន់ពីបទ “ពេស្យាចារ” និង “ផ្តល់សក្ខីកម្មមិនពិត” លើកញ្ញា ខុម ចាន់តារ៉ាទី ដែលឥឡូវបានងាកមកប្តឹងលោក កឹម សុខា វិញនោះ ឬយ៉ាងណាឡើយ។ ទោះជាយ៉ាងណា នាងនឹងត្រូវសាកសួរនៅក្នុងតុលាការ នៅថ្ងៃសុក្រ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា នៅថ្ងៃពុធ។
លោក អីុ សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃដែលណែនាំឲ្យមានការដាក់ការចោទប្រកាន់ពីបទ “ពេស្យាចារ” និង “ផ្តល់សក្ខីកម្មមិនពិត” លើកញ្ញា ខុម ចាន់តារា៉ទី នៅដើមខែនេះនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណុំរឿងនេះឡើយកាលពីម្សិលមិញ។
គណបក្សសង្គ្រោះជាតិភាគច្រើនប្រកាន់ខ្ជាប់គោលនយោបាយមិនឆ្លើយតបចំពោះការចោទប្រកាន់លើលោក កឹម សុខា ដែលកាលពីឆ្នាំ២០១២បានដឹកនាំគណបក្សរបស់លោករំលាយបញ្ចូលគ្នាជាមួយគណបក្សរបស់លោក សម រង្ស៊ី ដោយបង្កើតបានជាគណបក្សប្រឆាំងរួបរួមគ្នាលើកដំបូងនៅក្នុងប្រទេស បន្ទាប់ពីវាយប្រហារគ្នាជាមួយគណបក្សផ្សេងៗអស់រយៈពេលជិត២០ឆ្នាំ។
គណបក្សដែលរួបរួមគ្នានេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០១៣បានធ្វើឲ្យខ្លួនទទួលបានអាសនៈកើនឡើងស្ទើទ្វេដងនៅក្នុងសភាដែលគណបក្សទាំងពីរទទួលបាននៅក្នុងឆ្នាំ២០០៨។ចាប់តាំងពីពេលនោះមកគណបក្សនេះនៅតែប្រកាន់ជំហរថាការរួមរួមគ្នានេះមានសារៈសំខាន់សម្រាប់សេចក្តីសង្ឃឹមរបស់ខ្លួននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ ហើយអះអាងថា គណបក្សប្រជាជន កម្ពុជានឹងព្យាយាមធ្វើឲ្យខ្លួនបែកបាក់គ្នា។
លោក សម រង្ស៊ី ដែលពីមុនបានស្នើឲ្យលោកស្រី មូរ សុខហួរ ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាធារណៈនៅគណបក្សសង្គ្រោះជាតិជួលមេធាវីសម្រាប់កញ្ញា ខុម ចាន់តារ៉ាទី បានលើកឡើងតាមអីុម៉េលមួយថា លោកជឿថា នាងត្រូវគេបង្ខំឲ្យដាក់ពាក្យប្តឹងលោក កឹម សុខា ជាផ្នែកនៃការព្រមព្រៀងមួយដើម្បី បញ្ចប់ការផ្តន្ទាទោសរូបនាង។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ស្ត្រីរូបនេះគឺពិតជាស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងដើម្បីឲ្យកែប្រែរឿងរ៉ាវរបស់នាងជាបន្តបន្ទាប់។ រដ្ឋាភិបាលកំពុងព្យាយាមប្រើប្រាស់នាងដើម្បីបង្កើតឆាកសម្រាប់តុលាការខុសច្បាប់របស់ខ្លួនផ្តន្ទាទោសលោក កឹម សុខា ពីបទចោទប្រកាន់មិនត្រឹមត្រូវ។ កលល្បិចបែបនេះគឺគួរឲ្យអាមា៉ាស់ណាស់”។
គណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំមុនទំនងជាមានបំណងរំខានដល់ការរួបរួមដែលប្រះស្រាំរវាងក្រុមរបស់លោក សម រង្ស៊ី និងក្រុមរបស់លោក កឹម សុខា ដោយគេឃើញថា “វប្បធម៌សន្ទនា” ត្រូវគណបក្សកាន់អំណាចកោតសរសើរចំពោះភាពចេះបន្ទន់ឥរិយាបថ របស់លោក សម រង្ស៊ី ប៉ុន្តែទន្ទឹមនឹងនោះបានចោទប្រកាន់លោក កឹម សុខា ថាមានផែនការធ្វើរដ្ឋប្រហារ។
កាលពីខែវិច្ឆិកា មេធាវីរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនៅពេលនោះបានចេញសេចក្តីបង្គាប់ភ្លាមៗឲ្យចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគារដោយសារសំណុំរឿងបរិហារកេរ្តិ៍ដែលលោក សម រង្ស៊ី ចាញ់ក្តីកាលឆ្នាំ២០១១ ប៉ុន្តែវាត្រូវបានពិចារ ណាលុបចោលវិញដោយសារមានការព្រះរាជទានលើកលែងទោសកាលពីឆ្នាំ ២០១៣។
លោក សម រង្ស៊ី កំពុងស្នាក់នៅក្រៅប្រទេសនៅឡើយដើម្បីគេចចេញពីការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ព្រមទាំងបទចោទប្រកាន់ថ្មីជាច្រើនទៀត ដោយទុកឲ្យលោក កឹម សុខា កាន់តំណែង “ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ”។ខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទបានចាប់ផ្តើមបែកធ្លាយតាមអីុនធឺណិតមិនយូរប៉ុន្មាន បន្ទាប់ពីពេលនោះមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកផ្ទាល់បានអះអាងថា មានរូបថតនៃការសម្រាក លំហែកាយរបស់លោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ទៅកាន់ប្រទេសថៃហើយ អង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យិុនទៀង ក៏បាននិងកំពុងសើុបអង្កេតការសន្យារបស់លោក កឹម សុខា នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ទិញផ្ទះឲ្យស្រីកំណាន់របស់គាត់ដែរ។
រដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងពេលថ្មីៗក៏បានបកស្រាយឡើងវិញអំពីការការពារអភ័យឯកសិទ្ធិផ្តល់ដោយសភាផងដែរ ដោយអនុញ្ញាតឲ្យនគរបាលចាប់ខ្លួន ពេលមានភ័ស្តុតាងជាក់ស្តែងនៃការប្រព្រឹត្តបទល្មើស ទោះបីដូចជាការប្រព្រឹត្តបទល្មើសកន្លងផុតជាច្រើនខែក៏ដោយ។ រដ្ឋាភិបាលបានចាប់ខ្លួនលោក អុ៊ំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមវិធីនេះកាលពីទី១០ ខែមេសា។
លោក កែម ឡី ប្រធានក្រុម “ខ្មែរដើម្បីខ្មែរ” ជាក្រុមតស៊ូមតិផ្នែកនយោបាយមូលដ្ឋានបានលើកឡើងថា លោកនៅឆ្ងល់នៅឡើយថា តើនរណាជាអ្នកថតការសន្ទនារបស់លោក កឹម សុខា តាមទូរស័ព្ទ ហើយបាន រៀបរាប់ឡើងវិញអំពីការទទួលបានជោគជ័យនៅក្នុងបំបែកគូប្រជែងផ្នែកនយោបាយរបស់ខ្លួនឲ្យបែកខ្ញែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០និងទសវត្សរិ៍ឆ្នាំ២០០០។
លោកបានមានប្រសាសន៍ថា “គោលបំណងនៃល្បែងនេះគឺដើម្បីបំបែកគណបក្សប្រឆាំង។ ពួកគេត្រូវតែបំបែកប្រធាននិងអនុប្រធានបក្សឲ្យបែកចេញពីគ្នា ហើយបន្ទាប់មកពួកគេបានយកប្រធាន និងអនុប្រធានផ្សេងមកជំនួស។ នេះគឺជាល្បែងដែលពួកគេលេង។ វាគ្មានអ្វីថ្មី នោះទេ”។
លោកបានបន្ថែមថា “ពួកគេបានធ្វើដូច្នេះចំពោះគណបក្សហ្វុនសិុនបិុចកាលពីឆ្នាំ១៩៩៧ ហើយបានធ្វើចំពោះគណបក្សជាតិខ្មែររបស់លោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៦។ ពួកគេប្រើប្រាស់លោក កឹម សុខា ដើម្បីប្រឆាំងលោក សម រង្ស៊ី ហើយប្រើប្រាស់លោក សម រង្ស៊ី ប្រឆាំងលោក កឹម សុខាហើយប្រសិនបើពួកគេអាចធ្វើដូច្នេះបានទេ ពួកគេនឹងស្វែងរកអ្នកផ្សេង”។
លោកបានបន្ថែមទៀតថា “ពួកគេវិធីតែមួយគត់។ ពួកគេមិនអាចទាញយកប្រជាប្រិយភាពរបស់ខ្លួនត្រឡប់មកវិញបានទេ ពួកគេមិនអាចទាញយកបេះដូងរបស់ប្រជាពលរដ្ឋមកវិញបានឡើយ ហេតុដូច្នេះពួកគេមានតែធ្វើដូច្នេះ គឺបំបែកបំបាក់គណបក្សប្រឆាំងហើយយកប្រទេសមកគ្រប់គ្រងបន្ត”៕ សុខុម និងស៊ុយឈាង