26 C
Phnom Penh

គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​ខេត្ត​បាត់ដំបង​បណ្តាល​ឱ្យ​មនុស្ស​៨នាក់ស្លាប់​ និង​២៥នាក់រង​របួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​៨នាក់​បាន​ស្លាប់​​​ និង​ប្រហែលជាង២០​នាក់​​ទៀត​​​រង​របួស​ធ្ងន់​​នៅ​ពេល​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បាន​បុក​ជាមួយ​រថយន្ត​សណ្ដោង​មួយ​គ្រឿង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល ពី​ថ្ងៃ​អាទិត្យ។

លោក សាត គឹមសាន ​នាយ​នគរ​បាល​ចរាចរ​ខេត្ត​បាន​មាន​​ប្រសាសន៍​ថា មនុស្ស​៨នាក់​បាន​ស្លាប់ និង​២៥​នាក់​ទៀត​រង​របួស​នៅ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​អ្នក​ដំណើរ​ពេញ​បាន​ចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅ​កាន់​ក្រុង​បាត់ដំបង បាន​រេចង្កូត​ចូល​​​​គន្លង​ផ្លូវ​មួយ​ទៀត​ ហើយ​បាន​បុក​ជាមួយ​រថយន្ត​សណ្ដោង​​ដែល​មកពី​ខាង​មុខ​នៅ​​​ម៉ោង​​​​ប្រហែល​៣​និង​៣០​នាទី​រសៀល។

លោក គឹមសាន បាន​​ថ្លែង​ថា អ្នក​ស្លាប់​រួម​មាន​អ្នក​បើក​បរ​រថយន្ត​ក្រុង​ពីរនាក់​របស់​ក្រុមហ៊ុន​ភី​.អេស ដឹកអ្នក​ដំណើរ​​ ហើយ​អ្នក​បើក​បរ​រថយន្ត​សណ្ដោង ចំ​​​ណែក​​​ព្រូ​​​ឡាន​​​នៅ​​​រស់​​​។

cam-photo-bus-crashលោក​បានថ្លែង​ថា ”​ការ​ស៊ើបអង្កេត​បឋម​ របស់​យើង​រក​ឃើញ​ថា រថយន្ត​ក្រុង​បើក​បរ​​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​បើកបរ​ងងុយ​ដេក​​នៅ​ពេល​បើក​បរ​ ហើយ​នៅ​ពេល​គាត់​ភ្ញាក់​ឡើង រថយន្ត​បាន​​បើក​ចូល​ក្នុង​គន្លង​ផ្លូវ​ផ្សេង​ទៅ​ហើយ​”។

លោក​បាន​បន្ថែម​ថា ”​គាត់​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​​ដែល​បណ្ដាល​ឲ្យ​គាត់​ទៅ​បុក​ជាមួយ​រថយន្ត​សណ្ដោង​ធុនធ្ងន់​មួយ​គ្រឿង​ដែល​បើក​បរក្នុង​ទិសដៅ​ផ្ទុយ​គ្នាតែម្តង”។

លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា សាក្សី​ម្នាក់​ដែល​ឃើញ​គ្រោះ​ថ្នាក់​នោះ​បាន​បន្ទោស​ទៅ​លើ​ការ​បែក​កង់​ ប៉ុន្តែ​ក្រុម​មន្ត្រី​ដែល​​ស៊ើបអង្កេត​នៅកន្លែង​កើត​ហេតុ​​ក្នុង​ឃុំកំពង់​ព្រៀង ​រក​ឃើញ​ថា មិន​មាន​បញ្ហា​កង​់​រថយន្ត​ទេ​។

លោក​បាន​ថ្លែង​ថា ”​យើង​បាន​រក​ឃើញ​ស្នាម​កង់​អូស​លើ​ផ្លូវ​ចម្ងាយ​​៣០​ម៉ែត្រ​មុន​ពេល​​រថយន្ត​ក្រុង​នេះ​បង្ក​គ្រោះ​ថ្នាក់ ដែល​មាន​​​​ន័យ​ថា អ្នក​បើក​បររថយន្ត​ក្រុង​បាន​ព្យាយាម​ ជាន់​ហ្វ្រាំង​”។ លោក​បាន​បន្ថែម​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​មាន​កំហុស ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​។

លោក គឹមសាន បាន​ថ្លែង​ថា ជន​រង​​​គ្រោះ ​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បួន​ផ្សេង​គ្នា​ រួម​មាន​មន្ទីរ​ពេទ្យ​បង្អែកខេត្ត និង​​​ស្រុក និង​គ្លីនិក​ឯកជន ដោយ​សារ​មិន​មាន​កន្លែង​គ្រប់គ្រាន់​។

លោក ស វិជាតិ អ្នក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​​​ ភី.អេស ដឹកអ្នក​ដំណើរ បាន​និយាយ​​ថា ក្រុម​​​​ហ៊ុន​​ធានា​រ៉ាប់រង​ឈ្មោះ People & Partners​​​ នឹង​ទទួល​ខុស​ត្រូវ​ផ្ដល់​​សំណង​ហិរញ្ញវត្ថុដល់​អ្នក​ជន​រងគ្រោះ​ដែល​ស្លាប់ និង​រង​របួស។

ដោយ​​​បង្ហាញ​អត្តសញ្ញាណ​អ្នក​បើក​បរ​ម្នាក់​​ក្នុង​ចំណោមអ្នក​បើក​បរ​ទាំង​នោះ​ថា ឈ្មោះ សំ រុន អាយុ​២៥​ឆ្នាំ និង​អ្នក​បើក​បរ​ម្នាក​​​់​ ទៀត​​ប្រាប់​​​ត្រឹម​តែ​ឈ្មោះ​ថា ខេន ​អាយុ​១៩​ឆ្នាំ​​​ លោក វិជាតិ បាន​និយាយ​ថា ទំហំ​នៃ​គ្រោះ​​​​ ថ្នាក់​ចរាចរណ៍​នេះ​មិន​ដែល​​កើត​មាន​​ពីមុន​មក​ទេ​ក្នុងតំបន់​នេះ។

លោក​បាន​ថ្លែង​ថា “​វា​ជា​គ្រោះ​ថ្នាក់​ចរា​​​ចរណ៍​ដ៏អាក្រក់​បំផុត​​ទាក់​ទង​នឹង​រថយន្ត​ក្រុង​នៅ​ក្នុង​ខេត្ត​របស់​ខ្ញុំ យើង​មិនដែល​​ឃើញ​​គ្រោះ​ថ្នាក់​ដូច​នេះ​ទេ​ពីមុន​មក”។

លោក វិជាតិ បាន​បដិសេធ​ការ​អះអាង​របស់​នគរ​បាល​ដែល​ថា អ្នក​បើក​បររថយន្ត​ងងុយ​ដេក​​នៅ​ពេល​បើក​បរ​ ហើយ​បាន​អះ​​​អាង​​​​ថា រថយន្ត​ក្រុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​​​ល្អ​ណាស់។

លោក​បាន​និយាយ​ថា “​យើង​ច្រាន​ចោល​ការ​ដែល​ថា អ្នក​បើក​បរ​រថយន្ត​ងងុយ​ដេក ពីព្រោះ​រថយន្ត​​ចេញ​ដំណើរ​​ពី​រាជធានី​ភ្នំពេញ​​​​ នៅ​ពេល​ព្រឹក ហើយ​មុន​ពេល​មាន​គ្រោះ​ថ្នាក់ អ្នក​បើកបរ​រូប​នេះ​បាន​យក​ច្បាប់​ឈប់​សម្រាក​ពីរ​ថ្ងៃឯណោះ​​​”។ លោក​បាន​បន្ថែម​​​ថា លោក​​មិន​ប្រាកដ​ថា តើ​អ្នក​បើកបរ​របស់​លោក​បើក​​ក្នុង​ល្បឿន​លឿន​ឬយ៉ាង​ណា​ឡើយ ពីព្រោះ​ “​ខ្ញុំ​មិន​បាន​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​”។

លោក​ វិជាតិ បាន​និយាយ​ថា រថយន្ត​ក្រុង​​​នេះ​ដឹកអ្នក​ដំណើរ​៤៥​នាក់ រួម​ទាំង​អ្នក​បើក​បរផង ប៉ុន្តែ​ថា អ្នក​ដំណើរ​មួយ​ចំនួន​បាន​ចុះ​នៅ​តាម​ផ្លូវ​។

លោក​បាន​និយាយ​ថា”​យើង​សោក​ស្ដាយ​ណាស់​ចំពោះ​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ ពីព្រោះអ្នក​បើកបរ​របស់​យើង​បាន​​ស្លាប់​ ព្រម​ទាំង​​អ្នក​ដំណើរក៏បាន​​​រងរបួស​​ និង​ស្លាប់​ផង​ដែរ​”៕ សារុន​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស