គណៈប្រតិភូសភារបស់គណបក្សសង្គ្រោះជាតិបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយស្នើសុំព្រះអង្គជួយអន្តរាគមន៍ដោះលែងតំណាងរាស្ត្រ អ៊ុំ សំអាន ពីពន្ធនាគារ ដោយលើកឡើងថា ការជាប់ពន្ធនាគាររបស់តំណាងរាស្ត្ររូបនេះរំលោភអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញជាតំណាងរាស្ត្រ។
លោក សំអាន ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ដោយចោទប្រកាន់ពីបទញុះញង់ក្នុងការបង្ហោះហ្វេសប៊ុកមានអាយុកាល៦ខែ ហើយត្រូវបានបញ្ជូនចូលពន្ធនាគារដើម្បីរង់ចាំសវនាការ ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអះអាងថា អភ័យឯកសិទ្ធិរបស់លោករួចផុតពីការផ្តន្ទាទោស គឺមិនអាចអនុវត្តបានទេ ដោយសារតែប្រព្រឹត្តបទល្មើសជាក់ស្តែង។
គណបក្សសង្គ្រោះជាតិបានចង្អុលបង្ហាញថា ទោះបីករណីបែបហ្នឹងក៏ត្រូវការសំឡេង២ភាគ៣នៃសភា ដើម្បីអនុញ្ញាតឲ្យបន្តឃុំខ្លួនតំណាងរាស្ត្រម្នាក់ ពោលគឺជាសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាមិនបានស្វែងរក បន្ទាប់ពីការចាប់ខ្លួនតំណាងរាស្ត្រ ឬក៏មិនអាចរកបានតំណាងរាស្ត្រ៦៨រូបក្នុងបណ្តា១២៣រូបដែរ។
លិខិតគណបក្សសង្គ្រោះជាតិដែលមានចុះកាលបរិច្ឆេទកាលពីថ្ងៃសុក្រ ហើយទទួលបានកាលពីថ្ងៃអាទិត្យ កត់សម្គាល់ថា មាត្រាទី៩នៃរដ្ឋធម្មនុញ្ញផ្តល់ឲ្យព្រះមហាក្សត្រ”មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់” ហើយនិយាយថា ព្រះអង្គគួរធ្វើអន្តរាគមន៍ដើម្បីការពារអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញ។
លិខិតនោះនិយាយថា “ទួលព្រះបង្គំយើងខ្ញុំ សូមទ្រង់ព្រះមេត្តាជួយធ្វើព្រះរាជអន្តរាគមន៍ឲ្យមានការដោះលែង អ៊ុំ សំអាន ក្នុងព្រះឋានៈព្រះអង្គទ្រង់មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ដូចមានចែងក្នុងមាត្រា៩នៃព្រះរាជាណាចក្រកម្ពុជា”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីថ្ងៃអាទិត្យអំពីការឆ្លើយតបរបស់រដ្ឋាភិបាល បន្ទាប់ពីការចាប់ខ្លួនលោក សំអាន ដោយមានប្រសាសន៍ថា តំណាងរាស្ត្ររូបនេះត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងដោយមានការបង្ហោះសារញុះញង់តាមហ្វេសប៊ុកទាក់ទងនឹងព្រំដែនវៀតណាម គឺមានន័យថាសំឡេង២ភាគ៣នៅក្នុងសភាមិនត្រូវការចាំបាច់ ដើម្បីអនុញ្ញាតឲ្យបន្តការផ្តន្ទាទោសទេ។
លោក ឥសាន បានមានប្រសាសន៍ថា “ការអនុញ្ញាត [តុលាការ]ឲ្យបន្តនីតិវិធី គឺមិនមានចែងថាមានកូរ៉ុមប៉ុន្មានភាគរយទេ អ៊ីចឹងនៅពេលដែលមាន៥០បូកមួយ គឺទៅរួចហើយ។ ជាសិទ្ធិរបស់គេដែលស្្នើសុំព្រះមហាក្សត្រ ប៉ុន្តែការដោះស្រាយយ៉ាងម៉េចនោះ គឺស្រេចលើព្រះមហាក្សត្រ”៕