28 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី​ក្រើន​រំឭក​អំពី​ការ​ខ្វះ​ទឹក ​នៅ​ពេល​កើត​មាន​គ្រោះ​រាំង​ស្ងួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​បាន​យក​ទំព័រ​ហ្វេសប៊ុក​ដើម្បី​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើ​ទឹក​ដោយ​សន្សំសំចៃ​នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ ហើយ​លោក​បាន​ពន្យល់​ដែរ​ថា រដ្ឋាភិបាល​កំពុង​ដឹក​ទឹក​ចែកចាយ​ឲ្យ​អ្នក​ដែល​ត្រូវ​ការ​ទឹក​បំផុត។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាន​ខេត្ត​យ៉ាង​ហោច​ណាស់​ប្រាំបួន​បាន​រងគ្រោះ​ខ្លាំង​ដោយសារ​រលក​កម្តៅ ដែល​បាន​បណ្តាល​ឲ្យ​ប្រភព​ទឹក​ជាច្រើន​រីក​ស្ងួត​យ៉ាង​ឆាប់​រហ័ស។

លោក​បាន​សរសេរ​ថា “សូម​បង​ប្អូន​ទាំង​អស់ បន្ថយ​ការ​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ នៅ​ពេល​កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក ហើយ​ខ្ញុំ​សង្ឃឹម​ថា ជំនួយ​ទឹក​ដែល​អាជ្ញាធរ​កំពុង​ចែកចាយ នឹង​ជួយ​បំពេញ​សេចក្តី​ត្រូវការ​របស់​បង​ប្អូន​ទាំង​អស់​គ្នា”។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឲ្យ​ទឹក​បាន​ទៅ​ដល់​សហគមន៍​នានា​ដែល​កំពុង​ត្រូវការ។

លោក​បាន​សរសេរ​ថា “ខ្ញុំ​បាន​ស្នើ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ទិញ​ប្រេង​សម្រាប់​ការ​ដឹក​ជញ្ជូន​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ និង​ក្រសួង​ធនធាន​ទឹក​ប្រើ​ប្រាក់​នោះ​ដើម្បី​បាន​ទឹក​ពី​ប្រភព​ទឹក​នានា”។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា គ្រោះ​រាំង​ស្ងួត​បាន​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​ទឹក​នៅ​១៨​ខេត្ត គឺ​ខេត្ត​កំពង់​ចាម កណ្តាល កំពង់​ធំ ព្រៃវែង កំពង់​ស្ពឺ ស្វាយរៀង ព្រះសីហនុ កំពត បាត់ដំបង បន្ទាយ​មានជ័យ ឧត្តរ​មានជ័យ ពោធិ៍សាត់ សៀមរាប ព្រះវិហារ មណ្ឌលគិរី និង រតនគិរី។

នៅ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​មនុស្ស​ដែល​ប៉ះពាល់ លោក​បាន​និយាយ​ថា ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​កំពុង​ត្រូវការ​ទឹក​ជា​ខ្លាំង។

លោក​បាន​និយាយ​ថា “អាជ្ញាធរ​មូលដ្ឋាន​កំពុង​ដឹក​ទឹក​ពី​ប្រភព​ទឹក​នៅ​ទី​ផ្សេង​ដើម្បី​ផ្គត់ផ្គង់​ដល់​មនុស្ស​ក្នុង​១៣​ខេត្ត ដែល​កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក​ខ្លាំង​បំផុត”។

លោក កែវ វី បាន​បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​កំពុង​ចំណាយ​ប្រាក់​ដែល​លៃ​ទុក​នៅ​ពេល​ថ្មីៗ ដើម្បី​ទិញ​ប្រេង​និង​ជីក​អណ្តូង​ជ្រៅៗ​ឲ្យ​ប្រជាជន​ប្រើប្រាស់ ទោះជា​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​ដឹង​ថា​ទទួល​បាន​ប្រាក់ ឬ​ចំណាយ​អស់​ប្រាក់​សរុប​ប៉ុន្មាន​ទេ។

លោ​បាន​និយាយ​ថា ការ​រាំង​ស្ងួត​នេះ​ទំនង​ជា​បន្ត​រហូត​ដល់​ខែ​កក្កដា ហើយ​ការ​ដក​ស្ទូង​ស្រូវ​ពន្យារ​ពេល​រហូត​ដល់​ខែ​សីហា គឺ​មាន​ន័យ​ថា “កសិករ​នឹង​ប្រមូល​ផល​បាន​តិច​ជាង​ឆ្នាំ​មុនៗ”។

លោក អ៊ំុ ចន្ថា អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​ដឹក​ទឹក​ទៅ​ឲ្យ​គ្រួសារ​ដែល​ខ្វះ​ទឹក​ពីរ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​ថា ស្ថានការណ៍​កាន់តែ​លំបាក បន្ទាប់ពី​កន្លែង​ស្តុក​ទឹក​មង្គលបុរី​បាន​រីងស្ងួត​អស់​កាលពី​សប្តាហ៍​មុន។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទិញ​ទឹក​ពី​អ្នក​លក់ ពីព្រោះ​អាជ្ញាធរ​របស់​យើង​មិន​អាច​ចែកចាយ​ទឹក​ទៅ​ដល់​ផ្ទះ​របស់​គាត់”។

លោក ចែត ម៉ៅ កសិករ​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ឃើញ​មាន​រថយន្ត​ដឹក​ទឹក​រដ្ឋាភិបាល​មួយ​គ្រឿង​ណា​ទេ តែ​គ្រួសារ​របស់​លោក​ផ្គត់​ផ្គង់​ទឹក​ដោយ​ខ្លួន​ឯង។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្រួសារ​របស់​ខ្ញុំ​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ណាស់ ដោយសារ​តែ​ការ​ខ្វះ​ទឹក ជាពិសេស​ឥឡូវ​នេះ​ខ្ញុំ​ត្រូវតែ​ទិញ​ទឹក”។ លោក​បាន​ពន្យល់​ថា ទឹក​២.០០០​លីត្រ​តម្លៃ​៣៥.០០០​រៀល។

ដើម្បី​ជួយ​សម្រាល​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់​នេះ ប្រទេស​ចិន​បាន​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី ជីងហុង (Jinghong) ក្នុង​ខេត្ត​យូណាន ដែល​ការ​ធ្វើ​បែប​នេះ​ទទួល​បាន​ការ​សរសើរ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ព្រោះ​បាន​ផ្តល់​ជំនួយ​ដែល​ត្រូវ​ការ​ខ្លាំង​ដល់​គ្រួសារ​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការ​បើក​បង្ហូរ​ទឹក​ដ៏​ច្រើន​នេះ​នឹង​ជួយ​បួន​យ៉ាង។

លោក​បាន​និយាយ​ថា “ទី​១ កម្រិត​ទឹក​ទាប ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ទឹក​ឡើង ដែល​បំផ្លាញ​ត្រី​និង​ជីវចម្រុះ ដូច្នេះ​ទឹក​ពី​ប្រទេស​ចិន​នឹង​ជួយ​សម្រាល​បញ្ហា​នេះ”។

លោក​បាន​និយាយ​ថា “ទី​២ កសិករ​អាច​ប្រើ​ទឹក​នេះ។ ទី​៣ តំបន់​ដីសណ្ត​វៀតណាម​កំពុង​រងគ្រោះ​ដោយ​ទឹក​សមុទ្រ​ហូរ​ចូល​ដោយសារតែ​ជម្រៅ​និង​កម្ពស់​ទឹក​ទន្លេ​ទាប ដែល​ធ្វើ​ឲ្យ​ខូច​ជីវចម្រុះ។ ហើយ​ទី​៤ ដើម្បី​ជួយ​នាវាចរណ៍”។

យោង​តាម​លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ដែល​បាន​និយាយ​ថា បឹង​នេះ​មាន​ជម្រៅ​តែ​២០​សង់ទីម៉ែត្រ​នោះ សីតុណ្ហភាព​ទឹក​ក្តៅ​គឺ​ជា​ដើមហេតុ​នាំ​ឲ្យ​ត្រី​ងាប់​៦៥​តោន​នៅ​បឹង​ទន្លេ​ឆ្មារ ក្នុង​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​សុក្រ។

លោក ម៉ែន ឈឿន ប្រធាន​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត​សៀមរាប​បាន​និយាយ​ថា ការ​ស្លាប់​ដំរី​អាយុ​៤៥​ឆ្នាំ ដែល​គេ​ប្រើ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ឧទ្យាន​អង្គរ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ក៏ដោយ​សារ​កម្តៅ​ខ្លាំង​នេះ​ដែរ។ នៅ​ពេល​ដែល​មូលហេតុ​ផ្សេងទៀត​អាច​ជា​ដើមហេតុ​ដែរ​នោះ លោក​បាន​និយាយ​ថា សីតុណ្ហភាព​ឡើង​ដល់​៤១​អង្សា​នៅ​ពេល​ដែល​ដំរី​ដួល​ស្លាប់​នោះ។

លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ក្រើន​រំឭក​ប្រជាជន​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជា​មុន​ទប់ទល់​នឹង​កម្តៅ​នេះ និង​ត្រូវ​ធានា​ថា មាន​ទឹក​ស្អាត​ផឹក។ លោក​បាន​និយាយ​ថា កង្វល់​មួយ​ទៀត​ក្នុង​ពេល​រដូវ​ប្រាំង​អូស​បន្លាយ​ពេល​យូរ​នេះ​គឺ​ការ​ឆ្លង​ជំងឺ ដែល​ព្រួយ​បារម្ភ​បំផុត​នោះ​គឺ​ជំងឺ​អាសន្នរោគ ថ្វីបើ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​រាយការណ៍​អំពី​ករណី​នេះ​ក្តី។

លោក​បាន​និយាយ​ថា “យើង​បារម្ភ​អំពី​ជំងឺ​ដែល​មាន​ភ្នាក់ងារ​ចម្លង ដូចជា​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​ឆ្លង​ដោយសារ​ទឹក ដូចជា​ជំងឺ​អាសន្នរោគ​និង​ជំងឺ​ចុះរាក​ជាដើម។ សូម​ហៅ​ទូរស័ព្ទ​មក​លេខ១១៥​ដើម្បី​រាយការណ៍​អំពី​ករណី​អាសន្នរោគ​ដែល​កើត​ឡើង”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស