34 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​លោក អ៊ូ វីរៈ ពីបទ​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ គណបក្ស​ប្រជា​ជន​កម្ពុជា​​​​បាន​ដាក់ពាក្យ​ប​្តឹង​អ្នក​វិភាគ​នយោបាយ​ដ៏​ឆ្នើម​មួយ​រូ​ប​ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ការ​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​​កំពុង​ប្រើ​ប្រាស់​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​​​មាន​​​រឿង​​​ក្តីក្តាំកាន់តែ​កើន​ឡើង​​ពាក់ព័ន្ធ​លោក កឹម សុខា អនុ​ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ ជា​វិធី​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​។

ពាក្យ​បណ្តឹង​នេះ​ធ្វើឡើង​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រើ​ប្រាស់​ទំព័រ​ហេ្វស​ប៊ុក​របស់​​​លោក​​​ចេញ​​​សេចក្តី​ព្រមាន​​ដល់​អ្ន​កធ្វើ​​អត្ថាធិប្បាយ​ទាំងអស់។​ ពាក្យ​បណ្តឹង​នេះ​ផ្តោត​គោលដៅ​លើ​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​សាធារ​ណៈ តាម​រយៈ​បទ​សម្ភាសន៍របស់​​​លោក​​​​ ​​​តាម​វិទ្យុ​​កាលពី​ថ្ងៃអាទិត្យ​ ហើយ​បាន​ទាម​ទារ​សំណងជាប្រាក់​​ចំនួន​៤០០លាន​រៀល​ ចំពោះ​ “​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្យា​នុភាព​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា”។

បទសម្ភាស​ន៍ដែលត្រូវ​បាន​ដកស្រង់​ចេញ ពី​អត្ថបទ​របស់​វិទ្យុ​អាស៊ី​សេរី​​មាន​ខ្លឹមសារ​ថា “​កាលពី​ថ្ងៃទី​២៤ ខែមេសា​ ឆ្នាំ​២០១៦ អំឡុង​​​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី ​លោក​ អ៊ូ វីរៈ បាន​ធ្វើ​អត្ថាធិប្បាយ​បែប​បរិហារកេរ្តិ៍​ដោយ​លើកឡើង​ថា “​យុទ្ធសាស្ត្រ​របស់​​គណ​​​បក្ស​កាន់​អំណាចនៅពេល​នេះ​​​គឺ​ព្យាយាម​​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​”។

ពាក្យ​បណ្ដឹង​នេះ​​បន្ត​ថា “​ការ​ដែល​គណ​​​បក្ស​ប្រជាជន​កម្ពុជា​​រវល់​គិត​គូរ​បំបាក់​​គូប្រកួត​​​ ​ប្រជែង​នយោបាយ​តាម​របៀប​នេះ ​នឹង​កាន់​តែធ្វើ​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​មន្ត្រី​នៅ​ក្នុង​បក្ស​នេះ​មួយ​ចំនួន​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​យន្តការ​នេះ​ដែរ”។

ពាក្យ​បណ្ដឹង​នេះ​បាន​ហៅ​ការ​អត្ថាធិ​​​ប្បាយ​​​​របស់​លោក អ៊ូ វីរៈ ថា “​ជា​ចេតនា​បំផ្លើស​​​​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ដែលនាំ​ឱ្យ​​ប៉ះពាល់​ដល់​កិត្តិយស​ កិត្តិសព្ទ​ និង​ជាកា​រ​​​បរិហារ​កេរ្តិ៍ដល់​​គណបក្ស​ប្រជាជន​កម្ពុជា​”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ​​​លោក​គ្រាន់​តែ​ផ្ដល់​មតិ​អំពី​ស្ថានភាព​នយោ​​​បាយ​តែ​ប៉ុណ្ណោះ ​មិន​​មាន​កំហុស​​​ពីបទ​បរិហារ ​កេរ្តិ៍​ឡើយ​។

លោក​បាន​ថ្លែង​ថា “​វា​ជា​ការ​បញ្ចេញ​យោបល់​។ មិនមាន​ការ​ចោទ​ប្រកាន់ទេវា​ជា​ការ​បញ្ចេញ​យោបល់​ដោយ​​លើក​ឡើង​ថា ខ្ញុំ​គិត​ថា វា​ជា​ផល​អវិជ្ជមាន​ចំពោះ​​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​នោះ​ជា​ការបញ្ចេញ​យោបល់​អំពី​​ប្រជាប្រិយភាព​តែ​ប៉ុណ្ណោះ”។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា លោក​​​​មិន​ដឹង​ថាតើ​​ត្រូវ​ឆ្លើយ​តប​​ទៅ​នឹង​បណ្ដឹង​នោះ​ដោយ​របៀប​ណា​ឡើយ។ លោក​បាន​និយាយ​ដោយ​អស់​សំណើច​ថា “​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​រង់ចាំ​មើល​សិន…ខ្ញុំ​មិន​មាន​ប្រាក់​ទេ។ វា​ជា​​​សំណើ​ដ៏ធំ​មួយ”។

បើទោះ​ជា​ការ​​បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​រឿង​រ៉ាវ​របស់លោក​ដូចដែលបាន​ចោទ​ប្រកាន់​​ជាមួយ​កញ្ញា ខុម ចាន់តារ៉ាទី ​អាយុ​២៥​​ឆ្នាំ ជា​អ្នក​ធ្វើ​សក់​ក៏ដោយ ក៏​លោក កឹម សុខា ​ស្ថិត​នៅ​​ចំចំណុច​​កណ្ដាលនៃ​​ការ​ស៊ើបអង្កេត​​​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ដែល​តាមការ​អះ​អាង​​ថា បាន​សន្យា​​​ផ្ដល់​ប្រាក់​ដល់​នាង​។

នគរ​បាល​ប្រឆាំង​ភេរវកម្ម​​​​ដែល​ដំបូង​ឡើយ​មាន​ភារកិច្ច​ស៊ើបអង្កេត​បណ្ដឹង​បរិហារ​​​កេរ្តិ៍​​​ផ្អែក​តាម​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​បាន​បែក​ធ្លាយ​​​តាម​​​​ប្រព័ន្ធ​អុីនធឺណិត​​ ​បង្ហាញ​ថា លោក កឹម សុខា និយាយ​ជាមួយ​ស្រីកំណាន់​​​​ យ៉ាង​តិច​ពីរ​នាក់។

ពួកគេ​បាន​​បន្ត​​ចោទ​ប្រកាន់​ពីបទ​ពេស្យា​​​ចារ​ និង​ផ្ដល់​សក្ខីកម្ម​មិន​ពិត​លើ​កញ្ញា ខុម ចាន់តារ៉ាទី ដែលបន្ទាប់មក​បាន​​កែប្រែ​រឿង​​រ៉ាវ​របស់​ខ្លួន​កាលពី​សប្ដាហ៍​មុន ដោយ​សារ​ភាព​​ពី​ទំនាក់​ទំនង​នោះ ហើយ​បាន​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ទាមទារ​សំណង​ចំនួន​៣០០.០០០​ដុល្លារ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចុះ​ហត្ថលេខា​​​លើ​បណ្ដឹង​បរិហារកេរ្តិ៍​ប្ដឹង​លោក អ៊ូ វីរៈ តាង​​​នាម​​​​គណបក្ស​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​ថា ចាំបាច់​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ទប់​ស្កាត់​អ្នក​វិភាគ​នយោបាុយ​រូប​នេះ​​កុំ​ឲ្យ​និយាយ​រឿងរ៉ាវ​​ស្រដៀង​គ្នា​​ទៀត​ក្នុង​ពេល​​​​អនាគត​។

លោក សុខ ឥសាន បាន​ថ្លែង​ថា “​ប្រសិន​បើ​យើង​មិន​ចាត់វិធានការ​ដូច​នេះ​ទេ​នោះ គាត់​នឹង​មិន​ឈប់​និយាយ​​ដដែល​​ឡើយ​។

ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ហៅក្រៅ​របស់​កញ្ញា​ ខុម ចាន់​តារ៉ាទី លោក សុខ ឥសាន​បាន​ថ្លែង​ថា “គាត់​បាន​និយាយ​​យ៉ាង​ច្បាស់​ថា គណ​​​​​​បក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ឆាក​ល្ខោន​សម្រាប់​លោក កឹម សុខា និង​កញ្ញា ស្រីមុំ។ វា​មិន​មែន​ជា​ការ​សម្ដែង​មតិ​​ទេ ប៉ុន្តែ​​ផ្ទុយ​ទៅ​​​វិញ​​​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​ការ​លាបពណ៌​​”។

កាលពី​ព្រឹក​​ម្សិលមិញ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​​របស់លោក​ព្រមានអ្នក​អត្ថាធិប្បាយ​នយោ​​​បាយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​​ “កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​” របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ ដោយ​គំរាម​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ជន​ល្មើស​ទាំង​អស់​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា ​”ខ្ញុំ​អំពាវ​នាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​គ្រប់ជាន់​ថ្នាក់​រៀបចំ​មេធាវី​ ដើម្បី​ប្ដឹង​ទៅ​កាន់​តុលាការ​​ក្នុង​ករណី​មាន​ការ​មួល​បង្កាច់​ រំលោភ​សិទ្ធិ​គណ​​​បក្ស​ប្រជាជន​កម្ពុជា​ដោយ​ជន​ណា​ក៏​​​ដោយ​​​”។

លោក​បាន​បន្ត​ថា “ខ្ញុំ​​អំពាវនាវ​ដល់​អ្នក​វិភាគ​ អ្នក​​អត្ថាធិប្បាយ​កុំ​ព្យាយាម​ក្លែង​បន្លំ ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក​ថា​វា​ដូច​គ្នា។ អស់លោក​មាន​សិទ្ធិ​ តែ​សុំ​កុំ​ភ្លេច​​ថា​ យើង​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដូច​អស់​លោក​ដែរ”។

លោក​ ហ៊ុន សែន មាន​ប្រវត្តិ​រិះគន់​អ្នក​វិភាគ​​ណា​ដែល​រិះគន់​រដ្ឋាភិបាល​​របស់​លោក ប៉ុន្តែ​ជា​រឿយៗ​តែង​តែ​លើក​ឡើង​បែប​ចំអក​អំឡុង​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​។

ដោយ​សំដៅ​ដល់​អ្នក​ដែល​រិះគន់​ការ​ប្រើ​ប្រាស់​​ហ្វេសប៊ុក​​របស់លោក​ដើម្បី​ទាក់​ទង​​ជា​មួយ​ប្រជាពលរដ្ឋ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​កាលពី​ខែ​កុម្ភៈ​ថា “​ខ្ញុំ​គិត​ថា យើង​គួរ​បង្កើត​សាលា​មួយ ហើយ​ហៅ​អ្នក​​​វិភាគ​ទាំង​នោះ​​ឲ្យ​មក​បង្រៀន​យើង​ថាតើអ្វី​​យើង​​​គួរ​ធ្វើ​និងអ្វី​​យើង​​​មិន​គួរ​ធ្វើ”។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ និង​​​ជា​ប្រធាន​ក្រុម​តស៊ូ​មតិ​នយោបាយ ‘ខ្មែរ​ដើម្បី​ ខ្មែរ​’​ បាន​មាន​ប្រសាសន៍​ថា ការ​បញ្ចេញ​យោបល់​​​​របស់​លោក អ៊ូ វីរៈ ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ពី​មុនៗ​​​​​របស់គណបក្ស​កាន់​អំណាច​ហើយ​ស្ថិត​ក្នុង​សិទ្ធិ​នៃការ​ទទួលបាន​ការ​និយាយ​ស្តី​ដោយ​សេរី​ ដែលត្រូ​វ​បាន​ធានាក្រោម​​​​ច្បាប់​កម្ពុជា​។

លោក​បាន​ថ្លែង​ថា “​ទំហំ​ និង​ការ​ផ្ដោត​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​គឺ​ធំណាស់​ ដូច្នេះ​អ្នក​អត្ថាធិប្បាយ ឬ​អ្នក​វិភាគ​​អាច​​ធ្វើ​​​អត្ថាធិប្បាយ​​ផ្អែក​លើ​គំនិត​របស់​ខ្លួន និង​ផ្អែក​លើ​បទ​ពិសោធន៍​មុនៗ”។ លោក​បាន​បន្ថែម​

ថា​ គណបក្ស​កាន់​អំណាច​បាន​បង្កើត​កំណត​់​​​ត្រា​នៃការ​លេង​ល្បែ​ង​មិន​ល្អ​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​ល្បែង​ស្រដៀង​គ្នា​នេះ​​បាន​កើត​ឡើង​រួច​មក​ហើយ​ក្នុង​ពេល​​កន្លង​មក ហើយ​ល្បែង​ពេល​នេះ​ក៏​ត្រូវ​​បានលេង​ដោយ​ក្រុម​នេះ​ផង​ដែរ​។ វា​មិន​មែន​គ្រាន់​តែ​រឿង​លោក អ៊ូ វីរៈ ប៉ុណ្ណោះ​ទេ…។ ប្រជាពលរដ្ឋ​ទាំង​អស់​យល់​ច្បាស់​អំពី​នយោ​បាយ​​​មិនល្អ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​ កែម ឡី បាន​មាន​ប្រសាសន៍​ថា ខ្លួន​​​​លោក​ផ្ទាល់​មិន​បារម្ភ​អំពី​ការ​​គំរាម​​ចាត់​​​វិធាន​ការ​​​​ផ្លូវ​ច្បាប់​ឡើយ​។

លោក​បាន​ថ្លែង​ថា “​យើង​គ្រាន់​តែ​បញ្ចេញ​​​​យោបល់​របស់​ខ្លួន​ផ្អែក​លើការ​ពិត​តែ​ប៉ុណ្ណោះ​។យើង​​​ត្រូវ​និយាយ​ការ​ពិត​​ប្រាប់​សាធារណជន ហើយ​យើង​ត្រូវ​បន្ត​ការ​ងារ​របស់​យើង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស