29 C
Phnom Penh

មន្ត្រី​អង្គការ​សហប្រជាជាតិ​ និង​​មន្ត្រី​​សិទ្ធិ​មនុស្ស​​​​ជាប់​ឈ្មោះនៅ​​​​ក្នុង​​សំណុំ​​​រឿង​ស្រីកំណាន់របស់​​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សិទ្ធិ​មនុស្ស​​ប្រាំរូប​ មន្ត្រី​អង្គការ​សហ​​​ប្រជាជាតិ​មួយ​រូប និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​​​ ត្រូវ​បាន​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ (ACU) ​​​កោះ​ហៅ​​​កាលពី​ម្សិលមិញ​ដើម្បី​​សាក​សួរ​ពាក់​ព័ន្ធ​​ការ​អះអាង​ថា ​លោក កឹម សុខា អនុ​​​ប្រធាន​គណបក្ស​ប្រឆាំង​មាន​​សាហាយ​ស្មន់​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍។

ក្នុង​ស្ថាន​ការណ៍​​វិវឌ្ឍន៍​ចុង​ក្រោយ​​នៃ​ការ​​ប្តេជ្ញា​ស៊ើបអង្កេត​របស់​លោក ឱម យ៉ិនទៀង ​លើ​ការ​មាន​សាហាយស្មន់​​នេះ​ដែល​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ការ​ស៊ើបអង្កេតដ៏​​តិច​តួច​របស់​ អង្គភាព​​ប្រឆាំង​អំពើពុករលួយ​លើ​ការ​អះ​​​អាង​​​​ ថា​​មាន​​​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ ប្រធាន​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​​​បាន​​ធ្វើ​សន្និសីទកាសែត​​​ដើម្បី​​​និយាយ​​ថា លោក​ជឿថា​​កំពុង​មាន​ការ​លាក់​បាំង​​ការ​ពិត។

កាលពី​សប្ដាហ៍​មុន នាង​ ខុម ចាន់តារ៉ាទី ដែល​គេ​ស្គាល់​​ជាទូទៅ​ថា “​ស្រីមុំ” ​និង​ដែល​គេ​ចោទ​ថាជា​ស្រីកំណាន់​របស់​លោក កឹម សុខា បាន​ចោទ​ប្រកាន់​​មេឃុំ​គណបក្ស​ប្រឆាំង​​​ ​មួយ​រូប​ឈ្មោះ សា៊ង ចែត ថា​បាន​សន្យា​ឲ្យ​ប្រាក់​នាង​ចំនួន​៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​បដិ​​​សេធ​ការ​មាន​សាហាយ​ស្មន់​​ ជា​ការ​ចោទ​​​​ប្រកាន់​​​ដែល​លោក ឱម យ៉ិនទៀង បញ្ជាក់​​ ថា មន្ត្រី​រូប​នេះ​​បានសារភាព​ទទួល​ស្គាល់​​បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ។

cam-photo-front-NEW-1ដូច​នាង ខុម ចាតារ៉ាទី ដែរ លោក​ ស៊ាង ចែត ​​បាន​​បង្ហាញ​ថា ​​ពេល​នេះ​បុគ្គល​​ប្រាំបី​រូប​​ផ្សេង​ទៀត​​ដែល​ត្រូវ​បាន​កោះហៅ​​ បាន​ជាប់​ពាក់​ព័ន្ធ​​ការ​បិទ​បាំង​ការ​ពិត​ នេះ​បើ​យោង​​​​តាម​លោក ឱម យ៉ិនទៀង ដែលបាន​​​​​មាន​ប្រសាសន៍​ថា លោក​នឹង​ឃុំខ្លួន​មេឃុំ​ខាង​លើ​​រយៈ​ពេល​៤៨​ម៉ោង​តាម​ច្បាប់​អនុញ្ញាត​។

លោក ឱម យ៉ិនទៀង ​ដែល​មុនពេល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​បង្កើត​​​ ​ឡើង​ក្នុង​​ឆ្នាំ​២០១០ ​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​​ទីប្រឹក្សា​ជំនិត​បំផុត​របស់​លោក​នាយក​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​​ថា “​ព្រឹក​នេះ​​ យើង​បាន​ចេញ​លិខិត​​​កោះ​ហៅ​មនុស្ស​ប្រាំបី​នាក់​​ទៀត​”។

លោក​​​​បាន​​បដិសេធ​មិន​បញ្ចេញឈ្មោះ​បុគ្គល​ទាំង​ប្រាំបី​រូប​​​នោះទេ ប៉ុន្តែ​​បាន​​គូស​បញ្ជាក់​ថា ​ម្នាក់​ក្នុង​ចំណោម​នោះ​​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​នេះ ហើយ​បន្ទាប់​មក​បាន​​​​គំរាម​ចាប់​ខ្លួន​​មនុស្ស​បន្ថែម​ទៀត​។”​កុំខក​ខាន​បង្ហាញ​ខ្លួនឲ្យ​សោះ​​។ ច្បាប់​ចែង​ថា បើ​​អ្នក​ឯង​ខកខាន​​បង្ហាញ​ខ្លួន​មួយ​លើក​​ លើក​ទី២​យើង​នឹង​នាំ​ខ្លួន​អ្នក​ឯង​ចូល​​”។

អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​អាដហុក​​ ​​​ធ្លាប់​​​​បាន​ផ្ដល់​មេធាវី​ដល់​នាង​ ខុម ចាន់តារ៉ាទី ​សម្រាប់​ការ​សាកសួរ​នាង​រហូត​​មក​ទល់​នឹង​ថ្ងៃសុក្រ ជា​ពេល​ដែល​​នាង​​​បដិសេធ​ការ​ច្រាន​ចោល​របស់​ខ្លួន​​ ខណៈ​ត្រូវ​បាន​សាក សួរ​​ពីបទ​ “​ពេស្យាកម្ម​” ហើយ​បន្ទាប់​មក​បាន​អះអាង​ថា លោក ស៊ាង ចែត ​អង្គការ​អាដ​​​ហុក ​​​និង​បុគ្គល​ពីរ​រូប​​​ទៀត​បាន​បញ្ចុះបញ្ចូល​​ឲ្យ​នាង​និយាយ​កុហក។

​លោក នី សុខា ​ប្រធាន​​ផ្នែក​ឃ្លាំមើល​នៅ​អង្គការ​អាដហុក​​បាន​​បញ្ចេញ​អត្តសញ្ញាណ​បុគ្គល​ទាំង​ប្រាំបី​រូប​​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅមានដូច​ជា ​មន្ត្រី​សិទ្ធិ​មនុស្ស​​ប្រាំពីរ​រូបដែល​នាង​ ខុម ចាន់តារ៉ាទី បាន​បញ្ចេញ​ឈ្មោះ​​ក្នុង​លិខិត​​​មួយ​​ចុះ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ ព្រមទាំង​​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) មួយ​រូប​ដែល​នាង​មិន​បាន​ចោទ​ប្រកាន់​​ផង​ដែរ​។

លោក​បាន​​​បន្ត​ថា បុគ្គល​ទាំង​​ប្រាំបី​រូប​នេះ​​រួម​មានមន្ត្រី​ប្រាំរូប​មកពី​អង្គការ​របស់​លោក រូប​លោក​ផ្ទាល់ អនុប្រធាន​​ផ្នែក​​ស៊ើប​​អង្កេត​របស់​លោកគឺលោក ណៃ វ៉ាន់ដា និង​លោក យី សុខសាន្ត លោក លឹម មុនី អ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់ និង​មេធាវី​ ទ្រី ឈួន ដែល​​​ធ្លាប់​តំណាង​​ឲ្យ​នាង​ ខុម ចាន់តារ៉ាទី នៅ​ក្នុង​តុលាការ​។

លោក​បាន​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល​ផ្សេង​ទៀត​​ដូច​ជាលោក នី ចរិយា អគ្គលេខា​​​ធិការ​រង​ គ.ជ.ប. ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក​ ព្រមទាំង​លោក​ សុឺន សាលី មន្ត្រី​​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ និង​លោកស្រី ធីតា ឃឹះ ប្រធាន​​​​អង្គការ​​​តស៊ូ​មតិ​​ការ​ពារ​សិទ្ធិស្ត្រី​សីលការ។ ​​​​​​

លោកស្រី ធីតា ឃឹះ ​​​បាន​​​បញ្ជាក់​​​ថា ​​​លោក​​​​​​ស្រី​​​បាន​​​ទទួល​​​លិខិត​កោះ​ហៅ​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាល​​​ពី ម្សិលមិញ​​​ហើយ​​​ថា លោក​​​ស្រី​​​ព្រួយ​​​បារម្ភ​​​ដោយ​​​សារ​​​​​​ហេតុការណ៍​​​ថ្មី​​​ហាក់​​​បី​​​ដូច​​​ជា​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោបាយ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​យោង​​​​​​ទៅ​​​តាម​​​មាត្រា​​​២៥​​​និង​​​២៦​​​នៃ​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។​​​ពួក​​​គេ​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ម៉ោង​​​៩​​​ព្រឹក​​​​​​ថ្ងៃ​​​ទី​​​២៨​​​ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹងនាង​​​ខុម ចាន់​​​តារ៉ាទី​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​មួយ​​​ចំនួន​​​ ហើយ​​​បន្ទាប់​​​ពី​​​សន្និសីទ​​​កាសែត​​​របស់​​​ ACU នៅ​​​ព្រឹក​​​មិញ​​​នេះ​​​ ខ្ញុំ​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​​​ខ្លាំង​​​ណាស់​​​ ដោយ​​​សារ​​​ពួក​​​គេ​​​អាច​​​ឃុំ​​​ខ្លួន​​​មនុស្ស​​​រយៈ​​​ពេល​​​៤៨​​​ម៉ោង ​​​មុន​​​ពេល​​​ដាក់​ការ​ចោទ​​​ប្រកាន់​​​។ ខ្ញុំ​​​នឹង​​​ជួប​​​ជា​​​មួយ​​​​​មេធាវី​​​របស់​​​ខ្ញុំ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ហើយ​​​នឹង​​​ធ្វើ​​​តាម​​​ការ​​​ណែនាំ​​​របស់​​​គាត់​​​”។

មាត្រា​​​២៥​​​និង​​​២៦​​​នៃ​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ផ្តល់​​​អំណាច​​​ឲ្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​លើ​​​ការ​​​អះអាង​​​អំពី​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ ព្យួរ​​​មន្ត្រី​​​ពី​​​តំណែង​​​របស់​​​ពួក​​​គេ​​​ហើយ​​​ឃាត់​ខ្លួន​​​​មនុស្ស​​​ បើ​”ចាត់​​​ទុក​​​ថា ចាំបាច់​​​”។

លោក​​​ស្រី​​​ វ៉ាន ហៀលី តំណាង​​​ប្រចាំ​​​ប្រទេស​​​​​​របស់​​​ការិយាល័យ​​​ឧត្តម​​​ស​​​្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ (OHCHR) បាន​​​បញ្ជាក់​​​ថា លោក សុឺន សាលី​ ដែល​ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​នាង ខុម ​​​ចាន់តារា៉ាទី ធ្វើ​​​ការ​​​នៅ​​​ការិយាល័យ​​​នេះ​​​។ ​​​លោក​​​ស្រី​​​បាន​​​សរសេរ​​​នៅ​​​ក​​​្នុ​​​ងអីុម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “OHCHR ទទួល​​​បាន​​លិខិត​​​​កោះ​​​ហៅ​​​ពី​​​ ACU “។

លោកស្រី​​​បាន​​​បន្ត​​​ថា “ការ​​​ឆ្លើយ​​​តប​​​ពី​​​ប្រព័ន្ធ​​​អង្គការ​​​សហប្រជាជាតិ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​នៅ​​​ពេល​​​សម​​​រម្យ​​​ណា​​​មួយ​​​។ ការ​​​ទាក​​​់​​​ទង​​​ជា​​​មួយ​​​​​​នាង ស្រី មុំ ត្រឹម​​​ត្រូវ​​​ទាំង​​​ស្រុង​​​ ហើយ​​​ស្រប​​​តាម​​​ការ​​​ងារ​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​​​​សម្រាប់​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​”។

លោក​​​ នី ចរិយា មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​អត្ថាធិប្បាយ​​​ឡើយ​​​។ លោក ធន សារាយ ប្រធាន​​​អង្គការ​​​អាដហុក​​​​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ឲ្យ​​​សម្ភាសពាក់​​​ព័ន្ធ​​​ការ​​​កោះ​​​ហៅ​​​បុគ្គលិក​​​របស់​​​លោក​​​ដែរ​​​​​​ ខណៈ​​​លោក​​​ ណៃ វ៉ាន់ដា ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​របស់​​​លោក ​​​ឱម ​​​យិុនទៀង បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ពេល​​​ក្រោយ​​​មក​​​។ អង្គការ​​​អាដហុក​​​មាន​​​គម្រោង​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​នៅ​​​ថ្ងៃេនះ​​​ដើម្បី​​​​​​ពិភាក្សា​​​​អំពី​​​ើលិខិត​កោះ​​​ហៅ។

អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​លើក​​​ឡើង​​​ថា ​​​ពួក​​​គេ​​​ជឿ​​​ថា ការ​​​ខិតខំ​បន្ត​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ករណី​​​ប្រឆាំង​លោក​​​ កឹម សុខា គឺ​​​​ដោយសារតែ​​​​មាន​​​បំណង​​​កាត់​​​ផ្តាច់​​​ក្បាល​​​ម៉ាស៊ីន​​​ដឹក​​​នាំ​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

អំឡុង​​​សន្និសីទ​​​កាសែត​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ឱម យិុន​​​ទៀង ក៏​​​បាន​​​បដិ​​​សេធ​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​ការ​​​បំភិត​​​បំភ័យ​​​របស់​​​ខ្មែរ​​​ក្រហម​​​ដើម្បី​​​បង្ខិត​​​បង្ខំ​​​​​​​​​ឲ្យ​​​មាន​​​ការ​​​សារភាព​​​ពី​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​មួយ​​​ទៅ​​​កាន់​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​មួយ​​​ដោយ​​​បង្ខំ​​​ឲ្យ​​​មាន​​​ការ​​​ទម្លាក់​​​កំហុស​​​ទៅ អ្នក​​​ផ្សេង​​​ទៀត​​​នោះឡើយ​។

ការ​​​ប្រៀប​​​ធៀប​​​នេះ​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​

អាទិត្យ​​​ដោយ​​​លោក អេង ឆៃអ៊ាង តំណាង​​​រាស្ត្រ​​​គណបក្ស​​​​​​ប្រឆាំង​​​​​​ដែល​​​គូស​​​បញ្ជាក់​​​ថា ហេតុ​​​ការ​​​ណ៍​​​ជា​​​បន្ត​​​បន្ទាប់​​​ដែល​​​ឈាន​​​​​​​​​ទៅ​​​ដល់​​​​​​ ការ​​​ចាប់​​​ខ្លួន​​​លោក​​​ ស៊ាង ចែត ​​​ទំនង​​​ជា​​​បង្ហាញ​​​ថា មាន​​​​​​ការ​​​បង្ខិត​​​បង្ខំ​​​​​​ និង​​​មាន​​​ការ​​​និយាយ​​​ទម្លាក់​​​កំហុស​​​ដើម្បី ឲ្យ​​​ខ្លួន​​​​​​មាន​​​ទោស​​​​​​ស្រាល​​​។

រហូត​​​មក​​​ដល់​​​ថ្ងៃ​​​អង្គារ​​​សប្តាហ៍​​​មុននាង​​​ខុម ចាន់​​​តារា៉ទី បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​អំពី​​​សហាយ​​​ស្មន់​​​មុន​​​​​​ពេល​​​ដក​​​​​​ការ​​​បដិ​​​សេធ​​​នេះ​​​វិញ ដោយ​​​សារ​​​​​​នាង​​​ត្រូវ​​​បាន​​​គេ​គំរាម​​​​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពេស្យាចារ​​​។ នាង​​​បាន​​​ទម្លាក់​​​កំហុស​​​លើ​​​លោក​​​ ស៊ាង​ ចែត​​​ នៅ​​​ក្នុង​​​​​​រឿង​​​អាស្រូវ​​​នេះ​​​ចំពោះ​ការ​​​សន្យា​​​ផ្តល់​​​ប្រាក់​ឲ្យ​​​នាង​​​៥០០ដុល្លារ​​​​​​ ហើយលោក ស៊ាង ចែត​បាន​​​​ទម្លាក់​​​កំហុស​​​បន្ត​​​ទៅ​លើ​​​លោក ​​​អេង ឆៃអ៊ាង​​​ ចំពោះ​​​ការ​​​បញ្ជា​​​ឲ្យ​​​គាត់​​​ធ្វើ​​​ដូច្នេះ​​​។

លោក ឱម យិុន​​​ទៀង បាន​​​លើក​​​ឡើ​​​ងថា ​​​នេះ​​​គឺ​​​ជា​​​កិច្ច​​​ការ​​​សើុប​​​អង្កេត​​​សាមញ្ញ​​​ហើយ​​​ថា លោក ស៊ាង​ ចែត​​​ ខ្លួន​​​លោក​​​ផ្ទាល់​​​ស្ថិត​​​​​​នៅ​​​ខាង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។

លោក ឱម យិុន​​​ទៀង​​​ បាន​​​សួរ​​​ថា “ដឹង​​​ទេ​​​ភ្លឺឡើង​ព្រឹក​​​មិញ​​​នេះ​​​គុយទាវ​​​សាច់​គោ​ម្នាក់​​​មួយចាន​ ​​​ខ្ញុំ​​​មួយចានគាត់​ [លោក ចែត]​​​មួយ​​​ចាន​។​​​ ដឹង​​​ទេ​​​ថា តើ​​​គាត់​​​បាន​​​និយាយ​​​ម៉េច​​​ទេ​?។ ​​​​​​គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ខឹង​​​មេគាត់​​​ដែល​​​សម្លាប់​​​ គាត់​​​ធ្វើបាប​គាត់​ ​​​​បញ្ជា​​​ឲ្យ​​​គាត់​​​ធ្វើ​​​អ៊ីចឹង​​​​”។​​​

លោក​​​បាន​​​បន្ថែម​​​ថា ​​​”គ្រាន់​​​តែដឹងថា​​​គាត់​​​នៅស្រុកកំណើត​ជាមួយ​ស្រីមុំ​​​​​​ដឹងថា​​​​ជាប់​​​សាច់ញាតិទៀត​​​​ ​​​ប្រើ​​គាត់​ឲ្យទៅ​​​​ធ្វើ​​​។ ​​​គាត់​​​បាន​​​សួរ​​​ថា ​​​តើ​​​មេ​​​ស្អី​​​ប្រើ កូនចៅ​​​​ឲ្យ​​​ជាប់​​​​គុក​​​អ៊ីចឹង​​?”។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​លោក​​​សំដៅ​​​លើ​​​លោក អេង ឆៃអ៊ាង និង​​​ថាតើ​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​​​​នៅតែខិតខំ​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ទោះ​​​បី​​​ជា​​​គាត់​​​មាន​​​​​​អភ័យ​​​ឯកសិទ្ធិ​​​រួចផុត​​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក៏​​​ដោយ​​​ឬយ៉ាងណានោះ​​ លោក ​​​ឱម យិុន​​​ទៀង បាន​​​លើកឡើង​​​ថា វា​​​មិន​​​​​​មាន​​​តម្លៃ​​​អ្វី​​​ទេ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​មិន​​​ចង់​​​រញ៉េរញ៉ៃ​​​ជាមួយ​​​អ្នក​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ច្រើន​​​ទេ។ គាត់​​​ឡាំប៉ា​​ដូច​​​ក្មេង​​​អ៊ីចឹង​​​ពិបាក​​​និយាយ​​​គ្នា​​​ណាស់​​​”។

​​​គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​ទេ​​​ថា តើ​​​ការ​​​សន្យា​​​របស់​​​មេឃុំ​​​រូប​​​នេះ​​​ឲ្យ​​​ប្រាក់​៥០០​​​ដុល្លារ​​​ទៅ​គ្រួសារ​​​របស់​​​នាង ខុម ចាន់​​​តារ៉ាទី ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ជា​​​ទង្វើ​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ជួរដ្ឋាភិបាល​តាមរបៀបណា​នោះ​​​។

លោក គល់​​​​ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មាធិការ​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី ​​​និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល)​​​​​​បាន​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ស្ថាប័ន​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​មិន​​​សើុប​​​អង្កេត​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ពាក់​​​ព័ន្ធ​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​ជួរ​រដ្ឋាភិបាល​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​ឆ្ងល់​​​​​​នឹង​​​នីតិវិធី​​​នេះ​​​ណាស់​​​ ដោយ​​​ស្នើ​​​ឲ្យ​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ឆ្លើយ​​​អំពី​​​ករណី​​​របស់​​​ACU។ ខ្ញុំ​​គិត​​​ថា ការ​គ្រប់គ្រង​របស់​​​ ACU គឺ​​​​​​​ពុក​​​រលួយ​​​ ហើយ​​​ខ្ញុំ​​​ច្របូក​​​ច្របល់​​​ខ្លាំង​​​ណាស់​​​អំពី​​​បញ្ហា​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ” ACU រហ័ស​​​ណាស់​​​រហ័ស​​​ជាង​​​សព្វដង​។ សូម្បី​​​តែ​​​នៅ​​​ថ្ងៃអាទិត្យ​​​ក៏​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​ដែរ​​​។ ពល​​​រដ្ឋ​​​កំពុង​​​តែ​​​ចោទ​​​ជា​​​​សំណួរ​​​។ពួក​​​គាត់​​​អាច​​​មើល​​​ឃើញ​​​នូវ​​​​​​សកម្ម​​​ ភាព​​​ដ៏​​​គឃ្លើន​​​ទាំង​​​នេះ”។

សំណួរ​​​របស់​​​លោក គល់ បញ្ញា ត្រូវ​​​បាន​​​​​​ចែក​​​រំលែក​​​ (Share) ដោយ​​​លោក​​​ សម ​​​រង្ស៊ី ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ដែលបាន​និរទេស​​​​​​ខ្លួន​​​ទៅរស់នៅ​ក្នុង​ប្រទេស​​​បារាំង​​​ដើម្បី​​​គេច​​​ពី​​​ការ​​​ចាប់​​​ដាក់​​​ពន្ធនាគារ។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ក្នុ​​​ង​​​អីុម៉េល​​​​​​មួយ​​​ថា “អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​កំពុង​​​តែ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នូវ​​​មុខ​​​មាត់​​​ពិត​​​របស់​​​ខ្លួន​​​ហើយ ​​​តាមរយៈ​​​ជា​​​ឧបករណ៍​​​របស់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ដោយ​​​ដើរ​​​តួនាទី​​​ប្រឆាំង​​​គណបក្ស​​​ប្រឆាំង​​​និង​​​ប្រឆាំង​​​អង្គភាព​​​មិន​​​មែន​​​រដ្ឋាភិបាល​​​”៕សុខុម និងស៊ុយឈាង​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស