បួនឆ្នាំបន្ទាប់ពីលោក ឈុត វុទ្ធី សកម្មជនបរិស្ថានត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅខេត្តកោះកុង ខ្សែភាពយន្តមួយពណ៌នាពីជីវិតប៉ុន្មានខែចុងក្រោយរបស់លោកដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា នឹងត្រូវចាក់បញ្ចាំងទូទាំងពិភពលោកនៅថ្ងៃនេះ។
យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ Not1More ជាបណ្ដាញគាំទ្រអ្នកការពារបរិស្ថានទូទាំងពិភពលោកដែលទើបបង្កើតឡើងថ្មីៗបានឲ្យដឹងថា ខ្សែភាពយន្តរឿង “ខ្ញុំ ឈុត វុទ្ធី” នឹងត្រូវចាក់បញ្ចាំងក្នុងប្រទេសនានារួមមាន ចក្រភពអង់គ្លេស ថៃ អុីស្លង់ និងហ្គីណេប៊ីស្សូ។ វាក៏នឹងអាចរកបានដោយឥតគិតថ្លៃនៅលើទំព័រហ្វេសប៊ុករបស់ខ្សែភាពយន្តនេះរយៈពេល២៤ម៉ោងផងដែរ។
កាលពីសប្ដាហ៍មុន គម្រោងចាក់បញ្ចាំងភាពយន្តនេះនៅ Meta House ក្នុងរាជធានីភ្នំពេញ ដែលវាត្រូវបានចាក់បញ្ចាំងដំបូងនៅឆ្នាំ២០១៤ ត្រូវបានលុបចោលតាមបញ្ជារបស់ក្រសួងវប្បធម៌ ដែលបានហាមប្រាមវាចាប់តាំងពីពេលនោះមក។ ថ្វីបើមានបម្រាមនេះក្ដី ក៏រោងភាពយន្ត Flicks បានលើកឡើងថា ខ្លួនមានគម្រោងចាក់បញ្ចាំងខ្សែភាពយន្តនេះនៅទីតាំងមួយមិនបង្ហើបឲ្យដឹងនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។
សូមរំឭកថា លោក ឈុត វុទ្ធី ត្រូវខ្មាន់កំាភ្លើងបាញ់ស្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ អំឡុងពេលប្រកែកគ្នាជាមួយកងរាជអាវុធហត្ថខេត្តកោះកុង ខណៈកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់ជាមួយអ្នកយកព័ត៌មានពីររូបមកពីកាសែត ខេមបូឌា ដេលី។
ការស៊ើបអង្កេតផ្លូវការដែលបានសន្និដ្ឋានថា មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អុិន រតនា បានបាញ់បុរសវ័យ៤៦ឆ្នាំរូបនេះឲ្យស្លាប់ មុនពេលត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតបាញ់សម្លាប់បន្តគ្នានោះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្ដាអង្គការសិទ្ធិមនុស្សថា ប្រញាប់ប្រញាល់ពេក និងមានការធ្វេសប្រហែស។ នៅទីបំផុតសាលាដំបូងខេត្តកោះកុងបានដកការចោទប្រកាន់លើមន្ត្រីកងរាជអាវុធហត្ថដែលនៅរស់។
ពេលទាក់ទងកាលពីម្សិលមិញ យុវជន ឆឺយ ឧត្ដមរស្មី វ័យ២៥ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោក ឈុត វុទ្ធី បាននិយាយថា ខ្លួននឹងនៅតែបន្តស្វែងរកយុត្តិធម៌។ ”ខ្ញុំមិនដឹងទេថា ហេតុអីបានជារដ្ឋាភិបាលស្អប់ប៉ាខ្ញុំ និងមិនហា៊នចាក់បញ្ចាំងភាពយន្តនេះ។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលសើរើសំណុំរឿងនេះឡើងវិញ ប៉ុន្តែខ្ញុំមិនជឿលើតុលាការនៅកម្ពុជាទេ ពីព្រោះតុលាការមិនឯករាជ្យ…។ ខ្ញុំកំពុងប្រមូលភ័ស្តុតាង ហើយនឹងបញ្ជូនវាទៅ ICC” ជាការសំដៅដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងទីក្រុងឡាអេ។ យុវជនរូបនេះបន្តថា “ខ្ញុំគិតថា អ្នកដែលសម្លាប់ប៉ាខ្ញុំជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលវែកមុខអ្នកដែលបញ្ជាឲ្យសម្លាប់ប៉ាខ្ញុំ”៕ សុខុម