38 C
Phnom Penh

លោក ហ៊ុន សែន​ លើក​​​ឡើង​​​ថា សន្តិភាព​​​ប្រសើរ​​​ជាង​​​​សេរីភាព​​​នៃការ​​​បញ្ចេញមតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​អ្នក​​​អត្ថាធិប្បាយ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​អ្នក​អត្ថាធិប្បាយ​​​នយោបាយ​​​​​​ដ៏លេច​ធ្លោ​បំផុត​នៅ​​​កម្ពុជា​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​​នោះ ​កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ​​​បាន​​​និយាយ​ការ​​​ពារ​​​ការ​​​រឹត​​​ត្បិត​​​សេរី​​​ភាព​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ថា​​​ ជា​​​ភាព​​​ចំ​​​បាច់​​​សម្រាប់​​​ សន្តិភាព​និង​ស្ថិរភាព​។

លោ​​​ក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​​​​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​​​ជាតិមួយ​ខ្សែ​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​​​​មាន​​​ជ័យ​​​ថា “អ្នក​​​ខ្លះ​​​និយាយ​​​បាន​​​ត្រឹម​​ប្រជា​ធិបតេយ្យ​​​​ និយាយ​​​បាន​​​ពី​​​សិទ្ធិ​​​មនុស្ស​​​  ក៏​​​ប៉ុន្តែ​ គេ​​​អត់​​​បាន​​​គិត​​​ពី​សិទ្ធិ​​​​​​រស់​​​រាន​​​មាន​​ជីវិតសិទ្ធិ​ទទួល​បាន​សន្តិភាពនោះ​ទេ​ “។

វា​​​ជា​​​ប្រធាន​​​បទ​​​ស្រដៀង​​​គ្នា​​​សម្រាប់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែល​​​តែង​​​តែ​​​​​​លើក​​​ឡើង​​​​​​ពី​​​សន្តិភាព​​​ដែល​​​លោក​​​អះ​​​អាង​​​ថា បាន​​​នាំ​​​មក​​​ជូន​​​ប្រទេស​​​កម្ពុជា បន្ទាប់​​​ពី​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៣០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ នៅ​​​ពេល​​ត្រូវបាន​ចោទ​ប្រកាន់​​​ថា មាន​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ និង​​​មាន​ការ​​​រំលោភ ​​​បំពាន​​​ផ្សេង​​​ៗ​​​នោះ  ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ត្រូវ​​​មើល​​​ឃើញ​​​តួនាទី​​​រក្សា​​​សន្តិភាព​​​មុន​​​គេ​​​បង្អស់​​​។​​​តែបើ​​​ចាប់​​​ផ្តើម​​​មាន​​​សង្គ្រាម​​​ហើយ​​​ គឺ​​​ចុក​​​មាត់​​​ជិត​​​ហើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ព្រហ្មទណ្ឌ​​​ទៅ​​​កាន់​​​សាលា​​​​​​ដំបូង​​​រាជធានីភ្នំពេញ​​​ប្តឹង​​​លោក ​​​អ៊ូ ​​​វីរៈ​​​អ្នក​​​វិភាគ​​​​​​នយោបាយ​​​ពី​​​បទ​​​ធ្វើការ​អះអាង​​​​បរិហារ​​​កេរ្តិ៍​​​ជាសាធារណៈ​ តាម​​​វិទ្យុ​​​អាស៊ី​​​សេរី​​​(RFA)​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​។

លោក អ៊ូ វីរៈ បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​ជាមួយ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ថា ​​​ការ​​​ព្យាយាម​ចាត់វិធាន​ការ​​​​ឥត​​​ឈប់​​​ឈរ​​​មក​​​លើ​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ពាក់​​​ព័ន្ធ​​​រឿង​​​សហាយ​​​ស្មន់​​​របស់​​​លោក​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​ផល​ប៉ះពាល់​​អវិជ្ជមាន​​​ដល់​​​រដ្ឋាភិបាល​​​។

លោក​​​ត្រូវ​​​បាន​​​​​​ដក​​​ស្រង់​​​សំដី​​​មក​​​ថា ​​​”ការ​​​ដែល​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជារវល់​គិត​​គូរ​បំបាត់​​​​គូ​​​ប្រជែង​​​​នយោបាយ​​តាម​របៀប​​​នេះ​​​នឹង​​​កាត់តែធ្វើ​ឲ្យ​​​​បាត់​​​បង់​​​ប្រជា​​​ប្រិយ​​​ភាព​​​ខ្លាំង​​​​ ហើយ​​​មន្ត្រី​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​នេះមួយ​​​ចំនួន​​​ក៏​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​​យន្តការ​នេះដែរ​​​​”។

កាល​​​ពី​​​ម្សិលមិញ លោក អ៊ូ វីរៈ បាន​​​​​​និយាយ ​​​ថា លោក​​​មិន​​​​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​សុន្ទរ​​​កថារបស់​​​លោក ហ៊ុន សែន បាន​​​ទេ ពីព្រោះ​​​លោក ​​​មិន​​​បាន​​​ឮ ប៉ុន្តែ បាន​​​ច្រាន​ចោល​​​ការ​​​យល់​​​ឃើញ​​​ដែល​​​ថា ការ​​​បញ្ចេញ​​​មតិ​​​ដោយ​​​សេរី​​​មាន​​​​​​ផល​​​ប៉ះ​​​ពាល់អវិជ្ជមាន​​​ដល់​​​​​​​ស្ថិរភាព​​​នោះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “តាម​​​ពិត​​​ទៅ​​​វា​​​ផ្ទុយ​​​ទៅ​​​​​​វិញ​​​ទេ។ ប្រសិន​​​បើ​​​យើង​​​ងាក​​​មើល​​​ប្រទេស ​​​ដែល​​​​គោរព​​​សិទ្ធិ​​​ប្រជា​​​ពល​​​រដ្ឋ​​​ពិត​​​ប្រាកដ​​​ ​នៅ​​​ក្នុង​​​ដំណើរ​​​ការ​ប្រជា​​​ធិបតេយ្យ​​​ ប្រទេស​​​ទាំង​​​នោះ​​​គឺជា​​​ប្រទេស​​​ដែល​​​មាន​​​ស្ថិរភាព​​​បំផុត​​​ក្នុង​​​លោក​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ផៃ ស៊ីផាន ​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​រិះ​​​គន់​​​ដូច​​​ជា​​​​​​លោក អ៊ូ វីរៈ ​​​ត្រូវ​​​តែ​​​ដាក់​​​ឲ្យ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​ ព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ស៊ាំ​​​ទៅ​​​នឹង​​អ្នក​គ្រប់គ្រង​​​​តែ​​​មួយ​​​ ហើយ​​​មិន​​​បាន​​​ត្រៀម​​​ខ្លួន​​​ទទួល​​​យក​​​នយោបាយ​​​សេរី​​​ពហុបក្ស​​​ទេ​​​។

លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា “យើង​​​មាន​​​ព្រះ​​​មហាក្សត្រ​​​តែ​​​មួយ​​​គត់​​​ មិន​​​មែន​​​មាន​​​ពី​​​រនោះ​​​ទេ​​​។ លោក អ៊ូ វីរៈ មិន​​​យល់​​​អំពី​​​បញ្ហា​​​នេះ​​​ឡើយ​​​។​​​ គណបក្ស​​​ប្រឆាំង​​​មាន​​​ន័យ​​​ថា សត្រូវ​​​​​​នៅ​​​កម្ពុជា​​​”។

លោក ផៃ ស៊ីផាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ខណៈ​​​សុន្ទរក​​​ថា​​​របស់​​​លោក ​​​ហ៊ុន ​​​សែន ​​​គ្មាន​​​​​​គោល​​​ដៅ​​​លើ​​​លោក​​​ អ៊ូ វីរៈ​​​ នោះ​​​ ទស្សនៈ ​​​របស់​​​អ្នក​​​វិភាគ​​​អាចក្លាយ​​​ជា​​​​ការ​”ញុះញង់​​​” ពល​​​រដ្ឋ​​​នៅ ក្នុង​​​សង្គម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​យល់​​​ខុស​​​ទៅ​​​ញុះ​​​ញង់​​​ពល​​​រដ្ឋ​​​ឲ្យ​​​ប្រឆាំង​​​រដ្ឋាភិ​​​បាល ​​​​​​ ​​​គឺ​​​មិន​​​អនុញ្ញាត​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក សុខ ឥសាន អ្ន​​​ក​​​​​​ នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​ដាក់​​​ពាក្យ​​​ប្តឹង​​​លោក អ៊ូ វីរៈ ជំនួស​​​មុខ​​​ឲ្យ​​​គណបក្ស​​​នេះ​​​បាន​​​និយាយ​​​ផ្ទុយ​​​ពី​​​ជំហរ​​​របស់​​​លោក ​​​ផៃ ​​​ស៊ីផាន​​​ ស្តី​​​អំពី​​សេរីពហុបក្ស​​​​​​​​​​ដោយ​​​លើក​​​ឡើង​​​ថា “ប្រទេស​​​របស់​​​យើង​​​ទទួល​​​យក​​​លទិ្ធ​​​ប្រជាធិបតេយ្យ​​​សេរី​ពហុ​​​បក្ស​​​”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​កើត​មាន​​​កំហឹង​​​ វា​​​កើត​​​ចេញ​​​ពី​​​សមាជិក​​​គណ​​​បក្ស​​​ប្រឆាំង​​​។ ពល​​​រដ្ឋ​​​ភាគ​​​ច្រើន​​​គាំទ្រ​​​រដ្ឋាភិ​​​បាល​​​”។

កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​មុន​​​លោក អ៊ូ វីរៈ ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​ផង​​​ និង​​​អាមេរិក​​​ផង​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​តាម​​​បណ្តាញទំនាក់​​​ទំនង​​​​​​សង្គម​​​ ព្រម​​​ទាំង​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​គណៈ​ប្រតិភូ​​​បរទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​នោះ​​​រួម​​​​​​មាន​ទំាង​គណៈប្រតិភូ​​​​សហរដ្ឋ​​​អាមេរិក ​​​និង​​​បារាំង​​​ប្រចាំរាជ​​​ធានីភ្នំពេញ​​​ដែល​​​ជួយ​​​ផ្សព្វ​​​ផ្សាយ​​​រូប​​​ភាព​​​នៃ​​​កិច្ច​​​ប្រជុ​ំ​​​របស់​​​អ្នក​​​វិភាគ​​​រូបនេះ​​​ជាមួយ​​​មន្ត្រី​​​ទូត​​​ផ្សេង​​​ៗ​​​ផងដែរ​។

លោក ចាយ រ៉ាម៉ាន អ្នកនាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​បានលើក​​​ឡើង​​​ក្នុ​​​ងអីុម៉េល​​​មួយ​កាល​​​​​​ពី​​​ម្សិលមិញ​​​ថា “ស្ថានទូត​​​កំពុង​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​​នេះ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់”៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស