មេឃុំគណបក្សប្រឆាំងម្នាក់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ហើយមន្ត្រីជាន់ខ្ពស់បីរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានសាកសួររហូតដល់យប់ម្សិលមិញពាក់ព័ន្ធការអះអាងដែលថា ពួកគាត់បានបញ្ចុះបញ្ជូលស្រីកំណាន់ដែលចោទថាជារបស់លោក គឹម សុខា ឲ្យបដិសេធរឿងសហាយស្មន់។
ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតដែលមិនអាចពន្យល់បានលើទំនាក់ទំនងស្នេហានេះជាមួយនគរបាលប្រឆាំងភេរវកម្មនោះ លោក សា៊ាង ចែត មេឃុំម្នាក់នៅក្នុងខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទសូកបា៉ាន់។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងកាលពីម្សិលមិញថា លោក បានសាកសួរ លោក ស៊ាង ចែតបន្ទាប់ពីគាត់ ត្រូវបានបញ្ជូនមកតុលាការដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយថាតុលាការបានចោទប្រកាន់គាត់ពីបទសូកប៉ាន់ស្រីកំណាន់រូបនេះឲ្យនិយាយកុហកដោយសន្យាផ្តល់ប្រាក់ចំនួន៥០០ដុល្លារ។
លោកបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់រួចហើយ។ ខ្ញុំរវល់ណាស់មិនអាចផ្តល់ព័ត៌មានបន្ថែមបានឡើយ”។ លោកបានពន្យល់ត្រឹមតែថា ការចោទប្រកាន់ គឺពីបទ”សូកប៉ាន់សាក្សី” តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ាង ចែត ត្រូវបានបញ្ជូនទៅឃុំឃាំងជាបណ្តោះអាសន្ននៅពន្ធនាព្រៃសកាលពីម្សិលមិញ ហើយប្រឈមនឹងការជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាពនោះ។
កាលពីម្សិលមិញ ស្ត្រីកំណាន់រូបនេះ ដែលមានឈ្មោះ ខុម ចាន់តារ៉ាទី បានកែប្រែការបដិសេធអស់រយៈពេលជិតពីរខែមកនេះចំពោះរឿងសាហាយស្មន់អំឡុងការសាកសួរនៅតុលាការជុំវិញការចោទប្រកាន់ពីបទពេស្យាចារ និងផ្តល់សក្ខីកម្មមិនពិត។ នាងបានចោទប្រកាន់ លោក ស៊ាង ចែត សមាគមអាដហុក មន្ត្រីអង្គការសហប្រជាជាតិមួយរូប និងអ្នកតស៊ូមតិសម្រាប់ស្ត្រីមួយរូបពីថា បានបញ្ចុះបញ្ចូលនាងឲ្យនិយាកុហក។
អ្នកទាំងនេះសុទ្ធតែបានផ្តល់ជំនួយគាំទ្រដល់នាង ខុម ចាន់តារ៉ាទី ដែលមានអាយុ២៤ឆ្នាំ ពេលនាងប្រឈមការសាកសួរជាច្រើនលើកច្រើនសាដោយនគរបាលប្រឆាំងភេរវកម្ម និងតុលាការ ប៉ុន្តែនាងបែរជាបដិសេធថា អ្នកទាំងនេះបានជំរុញឱ្យនាងបដិសេធចំពោះការដែលថា នាងមានរឿងសហាយស្មន់ជាមួយលោក កឹម សុខាទៅវិញ។
ម្តាយរបស់នាង ខុម ចាន់តារ៉ាទី រស់នៅក្នុងឃុំដែលលោក ស៊ាង ចែត ជាអ្នកគ្រប់គ្រង ហើយនៅក្នុងលិខិតចំហមួយចេញកាលពីថ្ងៃសុក្រ នាង ខុម ចាន់តារ៉ាទី បាននិយាយថា លោក ស៊ាង ចែត បានសន្យាឱ្យប្រាក់មកនាង៥០០ដុល្លារ ប្រសិនបើនាងបដិសេធរឿងសហាយស្មន់ជាមួយលោក កឹម សុខា ជាហេតុនាំឱ្យ ACU ចាប់ខ្លួនមេឃុំរូបនេះ កាលពីព្រឹកថ្ងៃអាទិត្យ។

អ្នកស្រី ស្រេង សុខឿន អាយុ៤៣ឆ្នាំ ដែលជាប្រពន្ធលោក ស៊ាង ចែត បានលើកឡើងថា វាជារឿងអយុត្តិធម៌ដែលនិយាយថា ប្រាក់នេះជា “សំណូក” ហើយថា ប្រាក់នេះ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាអ្នកយកមកឱ្យ ក្នុងរូបភាពជាជំនួយមនុស្សធម៌។ អ្នកស្រី បាននិយាយថា “វាគ្រាន់តែជាចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ ហើយនាងមិនទាំងបានទទួលវាផង។ នេះជារឿងអយុត្តិធម៌ណាស់”។
ដោយប្រើឈ្មោះហៅក្រៅសម្រាប់នាង ខុម ចាន់តារា៉ាទី អ្នកស្រីបានបន្ថែមថា “គាត់យកប្រាក់នេះពីលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ បានប្រាប់គាត់ថា បងប្អូននៅអូស្ត្រាលី បានផ្ញើមកឱ្យម្តាយរបស់ស្រីមុំ ដោយសារតែនាងស្ថិតក្នុងស្ថានភាពក្រលំបាក”។
អ្នកស្រី ស្រេង សុខឿន បានបន្ថែមទៀតថា “ខ្ញុំសូមអំពាវនាវដល់រាល់អង្គការទាំងអស់ សូមឱ្យជួយរកយុត្តិធម៌សម្រាប់ប្តីរបស់ខ្ញុំផង”។
លោក ម៉ៅ មុនីវណ្ណ បានលើកឡើងថា រឿងរ៉ាវដែលអ្នកស្រី ស្រេង សុខឿន រៀបរាប់ គឺត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា “វាជារឿងពិត” ។ ខ្ញុំបានទទួលប្រាក់មនុស្សធម៌ពីបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសនូវែលសេឡង់។ ពួកគាត់អាណិតគ្រួសាររបស់ ស្រីមុំ ព្រោះនាងកំពុងជួបបញ្ហា”។
លោកបានបន្ថែមថា “ពេលនាងក្លាយជាជនរងគ្រោះ នាងបានបាត់បង់ការងារ ហេតុដូច្នេះ បងប្អូនទាំងនោះបានរៃអង្គាសប្រាក់តាមរយៈមន្ត្រីរបស់គណបក្សនេះ។ ខ្ញុំគឺជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ហេតុដូច្នេះ ពួកគាត់បានស្នើ់ឱ្យខ្ញុំយកប្រាក់នេះទៅឱ្យម្តាយស្រីមុំ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ”មេឃុំបានយកប្រាក់ពីខ្ញុំ ហើយគាត់បាននិយាយថា គាត់បានយកទៅឱ្យម្តាយស្រីមុំ”។
ដោយលោក ស៊ាង ចែត ត្រូវបានបញ្ជូនទៅពន្ធនាគារ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅជនសង្ស័យបួននាក់ក្នុងចំណោមជនសង្ស័យប្រាំបីរូបផ្សេងទៀតរបស់ខ្លួន។ នៅអំឡុងពេលព្រឹក លោកស្រី ទ្រី ឈួន មេធាវីដែលសមាគមអាដហុកចាត់តាំងឱ្យធ្វើជាតំណាងនាង ខុម ចាន់តារ៉ាទី និងលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៅសមាគមសិទ្ធិមនុស្សនេះ ត្រូវបានកោះហៅឱ្យមកកាន់ទីស្នាក់ការរបស់ ACU នៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ អនុប្រធានផ្នែកស៊ើបអង្កេតគឺលោក យី សុខសាន្ត និងលោក ណៃ វ៉ាន់ដា បានចូលទៅក្នុងទីស្នាក់ការរបស់អង្គភាពនេះនៅពេលរសៀល។
លោកស្រី ទ្រី ឈួន ត្រូវបានអនុញ្ញាតឱ្យចាកចេញពី ACU វិញនៅម៉ោងប្រហែល១១ និង៣០នាទីថ្ងៃត្រង់ រីឯបីនាក់ផ្សេងទៀតនៅមិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយទេ បើគិតត្រឹមម៉ោង១០យប់។
លោកស្រី ទ្រី ឈួន បានមានប្រសាសន៍បន្ទាប់ពីចាកចេញពី ACU ថា “ពួកគេគ្មានភ័ស្តុតាងណាមួយដាក់បន្ទុកខ្ញុំឡើយ ប៉ុន្តែ ACU គ្រាន់តែយកលិខិតមកសាកសួរខ្ញុំពាក់ព័ន្ធតួនាទីរបស់ខ្ញុំក្នុងការការពារស្រីមុំប៉ុណ្ណោះ”។
លោកស្រីបានបន្ថែមថា “ACU បានសួរខ្ញុំជាច្រើនសំណួរ។ ប៉ុន្តែខ្ញុំគិតថា គ្មានចំណុចណាអាចដាក់បន្ទុកខ្ញុំបានទេ ព្រោះខ្ញុំធ្វើតាមវិជ្ជាជីវៈរបស់ខ្ញុំ”។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិនការសាកសួរនេះ។ លោកមានប្រសាសន៍ថា “មេបានទុកពេលឲ្យខ្ញុំធ្វើការ”។
លោក សុឺន សាលី មន្ត្រីអង្គការសហប្រជាជាតិ លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់មកពីសមាគមអាដហុក និងលោកស្រី ធីតា ឃឹះ ប្រធានអង្គការការពារសិទ្ធិស្ត្រីសីលការ សុទ្ធតែត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនៅថ្ងៃនេះ។
ស្របពេលមានការឃាត់ខ្លួន និងការសាកសួរកាលពីម្សិលមិញ សកម្មជននយោបាយវ័យ២០ឆ្នាំ ធី សុវណ្ណថា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សាកសួរដែរទាក់ទិនការខំប្រឹងរបស់នាងប្ដឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍នាងនៅក្នុងការសន្ទនាគ្នាជាមួយស្រីកំណាន់ម្នាក់។
កញ្ញាបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំទាមទារ១លានដុល្លារ។ ខ្ញុំទាមទារសំណងមិនច្រើនពេកទេ ពីព្រោះខ្ញុំមិនចង់ឲ្យគាត់ប្រព្រឹត្តបទល្មើសបែបនេះទៀត ហើយឈប់បរិហារកេរ្តិ៍អ្នកដទៃដែលស្អាតស្អំ។ ខ្ញុំប្ដឹងដើម្បីទាមទារភាពស្អាតស្អំរបស់ខ្ញុំវិញ”។
កញ្ញា ធី សុវណ្ណថា ដែលបានអំពាវនាវឲ្យមានការចោទប្រកាន់លោក កឹម សុខា ពីបទជួញដូរផ្លូវភេទចំពោះដំណើររបស់លោកទៅកាន់ក្រុងបាងកក ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ក៏បានច្រានចោលដែរនូវការអះអាងដែលលើកឡើងថា នាងត្រូវបានអ្នកនយោបាយណាម្នាក់បង្គាប់បញ្ជាឲ្យប្ដឹងលោក កឹម សុខា។
កញ្ញានិយាយថា “មានតែអ្នកនិយាយបែបនេះ។ ប៉ុន្តែពាក្យបណ្ដឹងរបស់ខ្ញុំមិនពាក់ព័ន្ធនយោបាយទេ វាគ្រាន់តែជាសំណុំរឿងបរិហារកេរ្តិ៍។ ខ្ញុំដាក់ពាក្យបណ្តឹងគ្រាន់តែដើម្បីទាមទារយុត្តិធម៌ប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាតុលាការនឹងស្វែងរកយុត្តិធម៌”។
កញ្ញាអះអាងថា ខ្លួនត្រូវគេបរិហារកេរ្តិ៍ក្នុងខ្សែអាត់សន្ទនាតាមទូរស័ព្ទរវាងលោក កឹម សុខា និងស្រីកំណាន់ម្នាក់របស់លោកដែលបានបែកធ្លាយតាមអុីនធឺណិតកាលពីខែមុននាំឲ្យរដ្ឋាភិបាលផ្ដើមយុទ្ធនាការរបស់ខ្លួនប្រឆាំងរូបលោក។
នៅក្នុងខ្សែអាត់សន្ទនាតាមទូរស័ព្ទនោះ បុរសដែលគេចោទថាជាលោក កឹម សុខាប្រាប់ស្រីកំណាន់របស់ខ្លួនថា លោកមិនដែលមានស្នេហាលួចលាក់ជាមួយកញ្ញា ធី សុវណ្ណថា ទេ ពីព្រោះកូនស្រីរបស់លោកមិនចូលចិត្តនាង និងដោយសារតែនាងបោកលុយពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅឯបរទេស។
ព្រះរាជអាជ្ញារង លី សុផាណ្ណា បានមានប្រសាសន៍ថា “យើងបានសាកសួរ ធី សុវណ្ណថា រួចហើយនៅព្រឹកនេះ ហើយក្រោយពីយើងស្ដាប់នាងរួច យើងយល់ថាវាមានប្រយោជន៍សម្រាប់យើងបន្តការស៊ើបអង្កេតលើអ្នកដែលពាក់ព័ន្ធរឿងនេះ”។
ពេលសួរថា តើលោក កឹម សុខា អាចនឹងត្រូវកោះហៅឲ្យចូលខ្លួននៅតុលាការ ឬយ៉ាងណា លោក លី សុផាណ្ណា បានចុចផ្តាច់ទូរស័ព្ទ។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការស៊ើបអង្កេតដែលមិនធ្លាប់មានលើលោក កឹម សុខា ថាតើលោកមានស្រីកំណាន់ ឬក៏អត់ និងការអះអាងថាមានមនុស្សកំពុងព្យាយាមលាក់បាំងស្នេហាលួចលាក់នេះ គឺជាការធ្វើនយោបាយបែបចាស់គំរឹលរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា “ទង្វើទាំងនេះគឺដូចគ្នា [នឹងពីមុន]។ ពេលជិតដល់ការបោះឆ្នោត គេចាប់ផ្ដើមធ្វើរឿងដដែលៗដើម្បីដាក់សម្ពាធមកលើគណបក្សប្រឆាំង។ វាដដែលៗ”៕ ស៊ុយឈាង និង សុខុម