27 C
Phnom Penh

ក្រុម​ជួញដូរ​មនុស្ស​ត្រូវ​​​​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​​​​នៅ​​​ខណ្ឌ​​​ជ្រោយចង្វា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​និយាយ​​​​​​ថា ​កង​រាជអាវុធហត្ថ​បាន​ឆ្មក់​​ចូល​ផ្ទះវីឡា​​មួយ​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ​​​កាល​​​​​​ពី​​​ម្សិល​​​មិញ ហើយ​​​​​​បាន​​​ដោះលែង​ក្មេងស្រី​វ័យ​​​​ជំទង់​១៣​នាក់ដែល​កំពុង​ទទួល​ការ​បណ្ដុះ​​​បណ្ដាល​ជា​​​​​អ្នក​​​ម៉ាស្សា ហើយ​បាន​ចាប់​ខ្លួន​ស្ត្រី​បី​នាក់​​​។

យោង​តាម​​​លោក សេន កូមុន នាយ​ការិយា​​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​បាន​មានប្រសាសន៍​ថា ក្មេងស្រី​​ទាំង​នេះ​ដែល​មាន​អាយុ​ចន្លោះពី​១៤​ឆ្នាំ​ដល់​១៧​ឆ្នាំ ត្រូវ​បាន​គេ​ល្បួង​​នាំពី​​​​ផ្ទះ​​​​​​​​​របស់​​​​​ពួកគេ​​​​​​ក្នុង​​​ខេត្ត​បាត់ដំបង​ មក​កាន់​​​​​​ផ្ទះ​​​​​​​​​វីឡាក្នុង​​​​ខណ្ឌ​ជ្រោយចង្វា​​​នេះ​ ​​ដោយ​សន្យា​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ឥត​គិត​ថ្លៃ​ផ្នែក​ម៉ាស្សា ​​​និង​​​ការ​ថែរក្សា​​​​សម្ផស្ស​។

លោកមាន​​​​ប្រសាសន៍​ទៀត​ថា ស្ត្រី​ជន​សង្ស័យ​​ទាំង​​​​បី​នាក់​​​ដែល​ពីរ​នាក់​ជា​​​​ជន​​​ជាតិ​​​ខ្មែរ និង​ម្នាក់​ជា​ជន​ជាតិ​ថៃ​ ត្រូវ​បាន​សាកសួរ​កាល​​​ពី​ម្សិលមិញ​ពាក់​ព័ន្ធ​​ប្រតិបត្តិការ​ជួញ​​​​​​ដូរ​​​​​​មនុស្ស។​​ ”​យើង​​​​ឃាត់​​​​​ខ្លួន​​​​​​​​ស្ត្រី​បី​នាក់​​​​​នេះ ​ព្រោះ​​​ពួកគេ​បាន​​​​ចាប់​​​បង្ខាំង​​ក្មេងស្រី​អនីតិជន​សម្រាប់​​​ជួញ​​​ដូរ​”។ លោក​ជឿ​ថា ក្មេងស្រី​ទាំង​នេះ​ប្រហែល​​​​ជា​​ត្រូវ​គេ​នាំ​​​​​​មក​​​​​​ភ្នំ​​​ពេញ ដើម្បី​​​​​ធ្វើ​​​​​ “​រឿង​ផ្សេង​” ​​​ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា តើ​​​អ្នក​​​​​​ស៊ើប​​​​​​អង្កេត​​​ជឿ​​​​​​ថាពួកគេ​​​​​​​​​ត្រូវ​​​​​​​​​បាន​លក់​ឲ្យ​ធ្វើ​ជា​​នារី​​រក​ស៊ី​ផ្លូវ​ភេទ​ ឬយ៉ាង​ណា​ឡើយ។

លោក​​​​ថ្លែង​​​​​​​​​ថា “ពេល​នេះ​យើង​កំពុង​សាក​​សួរ​ជន​សង្ស័យ​ម្នាក់​ម្ដង​ ហើយ​យើង​នឹង​បញ្ជូន​​​​​​ជន​​​ទាំង​នោះ​ទៅ​តុលាការ ​បន្ទាប់ពី​​​​យើង​​​សាក​​​សួរ​​​ចប់​​​”។ លោក​​​​​​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ស្ត្រី​​​​​​ទាំង​​​នេះ​​បដិសេធ​​​ថា​​​មិន​​​បាន​​​ជួញ​​​​​​ដូរ​​​​​​ក្មេង​​​ស្រី​​​​​​វ័យ​​​ជំទង់​​​ទាំង​​​​​​នេះ​​​ទេ ហើយ​​​​​​បាន​​​​​​ប្រាប់​​​កង​​​រាជ​​​​​​អាវុធ​​​​​​ហត្ថ​​​​​​ថា ពួក​​​គេ​​​ត្រូវបាន​​​​​​ជ្រើស​​​រើស​​​ឲ្យ​​​​​​ទទួល​​​ការ​​​បណ្តុះ​​​បណ្តាល​​​​​​ជា​​​​​​​​នារីម៉ាស្សា​ដោយ​​​​​មាន​​​ជំនួយ​​​ពី​​​ស្ត្រី​​​​​​ទី​​​​​​៤ ម្នាក់​​​​​​ទៀត​​​ដែល​​​លោក​​​បាន​​​​​​ស្នើសុំ​​​​​​ដីកា​​​​​​​​​ចាប់​​​​​​ខ្លួន។

លោក​​​​​​​បន្ថែម​ថា ប្រតិបត្តិការ​​​ជួញ​​ដូរ​​​​​​​​​នេះ​​​បាន​​​​​​បែក​​​ធ្លាយ​​​ នៅ​​​ពេល​​​​ក្មេងស្រី​​វ័យ​១៥​ឆ្នាំ​ម្នាក់​​​​ដែល​ត្រូវ​គេ​​​ចាប់​បង្ខាំង​នៅ​វីឡា​​​នេះ ​​បាន​​​​ទាក់​ទង​ទៅ​សាច់​ញាតិ​​​របស់នាង​​​​​​ដើម្បី​ប្រាប់​ពួកគេ​​​​​​​​ថា អ្នក​ចាប់​​​បង្ខាំង​​​​​​នាង​​​មាន​បំណង​បញ្ជូន​​​​នាង​ទៅ​ប្រទេស​ថៃ​។ ពេល​​​នោះ​​​​​​សាច់​​​ញាតិ​​​បាន​​​​​​​​​ប្តឹង​​​​​​ទៅ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​ដែល​​​បាន​​​​​​​​ចុះ​​​​​​ទៅ​​​ដល់​​​​​ផ្ទះ​​​វីឡា​​​នោះ ​​​​​ហើយ​បាន​​នាំ​​​ខ្លួន​​​​ក្មេងស្រី​​ម្នាក់​​​នោះ​មក​សាកសួរ​​​កាលពី​​​​​ថ្ងៃ​អង្គារ។​

លោក​បាន​បន្ត​ថា “​នាង​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវ​​​គេ​ល្បួង​​ឲ្យ​មក​​​​​​ទទួល​​​​​​​​​ការ​​​​បណ្ដុះ​បណ្ដាល​​ផ្នែក​ម៉ាស្សា និង​ផាត់មុខ ដោយ​​​ប្រាប់​​​​​​ថា​​​នាង​​​មិន​​​​ត្រូវបាន​​​​​​​​​​​​​​​​​​តម្រូវ​​​​​​​​ឲ្យ​​​បង់​ប្រាក់​សម្រាប់​ការ​បណ្ដុះ​​​​បណ្ដាលទេ។ ប៉ុន្តែ​​ពេល​នាង​មក​ដល់​ភ្នំពេញ ​​​គេ​​​បាន​​​​​​​​​ឲ្យ​​​នាង​ខ្ចី​​​៤០ម៉ឺនរៀល​ [ប្រហែល​​​១០០​​ដុល្លារ​] ហើយ​ម្ចាស់​ផ្ទះ​វីឡា​បាន​ប្រាប់​នាង​​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ”។

​​​នាយ​​​ការិយាល័យ​​​​​​​​​រូបនេះ​​ថ្លែង​​​​​​ថា បន្ទាប់​​​ពី​​​​​​ទទួល​​​បាន​​​​​​​​​ដំណឹង​​​​​​អំពី​​​​​​​​​​​​បំណង​​​របស់​​​​​​​​​​ជន​​​ជួញ​​​​​​ដូរ កង​​​រាជ​​​អាវុធ​​​​​​ហត្ថ​​​​​​បាន​​​សម្រុក​​​​​​ចូល​​​​​​ក្នុង​​​​​​ផ្ទះ​​​​​​វីឡា​​​នោះ​​។ ខ្ញុំ​​​​សន្និដ្ឋាន​ថា ម្ចាស់​ផ្ទះវីឡា​​​នោះ​​​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​នាង ហើយ​​​នឹង​​​ជួញ​​​​​​​​​ដូរ​​​នាង​​​ទៅ​​​​ប្រទេស​ថៃ​” ហើយ​​​​​​​​​ថា ​ស្ត្រី​​​​​ជន​សង្ស័យ​​​ទាំង​​​​​​​បី​នាក់​នឹង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃសុក្រ។

លោក​​​បញ្ជាក់​​​ថា ក្មេងស្រី​ទាំង​១៣នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​​ក្រសួង​សង្គម​កិច្ច​ហើយ ​ហើយ​ពួកគេ​​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូលរួម​​​​​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ជំនាញ​។ អង្គការ​បេស​ក​កម្ម​​យុត្តិធម៌​អន្តរជាតិ​ (IJM) ​ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​បាន​ជួយ​​​ខ្នះ​​​​​​ខ្នែង​​​​​​​​​ក្នុង​ប្រតិបត្តិការ​នេះ​។

លោក សេក សារឿន ​មេធាវី​ដែលបម្រើ​​​ការ​​​​​​ឲ្យ​​​​អង្គការ​​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ​មាន​​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ អង្គការ​នេះ​​​កំពុង​​​​​​ជួយ​​​​​​ផ្តល់​​​សេវា​​​​​​​​​ថែទាំដល់​​​​​​​​​ក្មេង​​​​​​​ស្រី​​​ទាំង​​​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​​​និយាយ​​​​​​​​​បន្ថែម​​​ទៀត​​​ទេ​​​​អំពី​​​ការចូល​​​​​​រួម​​​​ពាក់​ព័ន្ធ​របស់​អង្គការ​នេះ​ក្នុង​​​​​​​​​ករណី​​​នេះ​​​។

លោក​​​​​​បាន​​​លើក​​​ឡើង​​​​​​ទៀត​​​​​​​​​ថា “​IJM មិន​មែន​ជា​អ្នក​ស៊ើបអង្កេត​ករណី​នេះ​ទេ។ កង​​​រាជអាវុធហត្ថ​​​​គ្រាន់​​​តែ​​​​ស្នើ​ឲ្យ​ IJM ជួយ​គាំទ្រ​ពួកគេ​​​ប៉ុណ្ណោះ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ អ៊ូច សូនី​)​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស