41.3 C
Phnom Penh

មន្ត្រី​​​ជលផល​​​ត្រូវ​​​ចាប់​​​ខ្លួន ​​​និង​​​ចោទ​​​ប្រកាន់​​​ទាក់ទិន​​​​ការ​ទទួល​​​​​សំណូក​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​​​ខេត្ត​​​សៀមរាប​​​បាន​​​ចោទ​​​ប្រកាន់​​​​​លោក រឹម ​សំអុ៊ន នាយ​​​រង​​​ផ្នែក​រដ្ឋបាល​ជល​ផល​​​ពី​​​បទ​​​ពុក​​​រលួយ​​​កាលពី​​​ម្សិលមិញ ព្រោះ​​​ការ​​​ប្រមូល​​​ប្រាក់​​​រាប់​​​សែន​​​ដុល្លារ​​​ជា​​​សំណូក​​​ពី​​​ប្រជា​​​នេសាទ ជា​​​ថ្នូរ​​​នឹង​​​ការ​​​មិន​​​អើពើ​​​នឹង​​​ការ​​​​​​នេសាទ​​​ខុស​​​ច្បាប់។

យោង​​​តាម​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​រលួយ​​​​​ឲ្យ​​​ដឹង​​​ថា លោក រឹម សំអុ៊ន អាយុ​​​៤៦​​​ឆ្នាំ នាយ​​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ជលផល​​​ដំដែក ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ។

លោក រៀម ចាន់មុន្នី ព្រះរាជអាជ្ញា​រង​អម​​​​សាលាដំបូង​ខេត្ត​សៀមរាប បាន​​​និយាយ​​​កាល​​ពី​​​ម្សិលមិញ​​​ថា “រឹម សំអុ៊ន ជាប់​​​ចោទ​​​ពី​​​បទ​​​ចាយ​​​​​​វាយ​​​មូលនិធិ​រដ្ឋ​​​មិន​​​ត្រឹមត្រូវ ហើយ​​​លោក ​ស៊ិន ​​​សុវណ្ណរ័ត្ន ចៅក្រម​​​ស៊ើបសួរ បាន​​​សម្រេច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ពន្ធនាគារ”។

លោក​​​​​​និយាយ​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​​ពុក​រលួយ​​​បាន​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​តុលា​ការ ​បន្ទាប់​ពី​​​មាន​​​ការ​​​ស៊ើបអង្កេត​​​លោក ​សំអុ៊ន ​ក្រោយ​​​ពី​​​មាន​​​ការ​​​តវ៉ា​​​ពី​​​អ្នក​​​នេសាទ​​​ក្នុង​​​មូល​ដ្ឋាន ​ហើយ​​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ទារ​​​សំណូក​​​ដោយ​​​នាយ​​​រង​​​ផ្នែក​​​រូប​​​នេះ​​​មាន​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២។

ចៅក្រម សុវណ្ណរ័ត្ន មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បង្ហោះ​​​​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​ទាក់ទិន​​​នឹង​​​ករណី​​​​នេះ​​​លើ​​​គេហ​​​ទំព័រ​​​របស់​​​ខ្លួន។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​មាន​​ខ្លឹមសារ​​​​ថា ​”ផ្អែក​​​​​លើ​​​ភ័ស្តុតាង​​​​​​ប្រមូល​​​បាន​​​នៅ​​​ពេល​​​​​ស៊ើប​អង្កេត ACU​​​ បាន​​​សម្រេច​​​ចាប់​​​ខ្លួន រឹម  សំអុ៊ន ​នាយ​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ជលផល​​​ដំដែក នៅ​​​ខេត្ត​​​​​សៀម​រាប ​នៅ​​​​ថ្ងៃ​​​ទី​​​២៦​​​មេសា ហើយ​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​តុលាការ​​​ខេត្ត​​​សៀម​រាប​​​​​​នៅ​​​រសៀល​​​ថ្ងៃ​​​នោះ”។

“អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​រក​​​ឃើញ​​​ថា រឹម សំអ៊ុន បាន​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ បទ​​​វីតិក្រម​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ ដោយ​​​បាន​​​ទាមទារ​​​និង​​​ទទួល​​​ប្រាក់​​​សរុប​​​ប្រមាណ​​​៣៦៥.០០០​​​ដុល្លារ​​​ពី​​​ប្រជា​​​នេសាទ ដោយ​​​មិន​​​បាន​​​បង្ក្រាប​​​បទល្មើស​​​ជលផល​​​ដែល​​​កើត​​​មាន​​​ក្នុង​​​ដែន​​​សមត្ថកិច្ច​​​របស់​​​ខ្លួន”។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​នេះ​​​មិន​​​បាន​​​ពន្យល់​​​​​ថា​​​ភ័ស្តុតាង​​​អ្វី​​​ដែល​​​ប្រមូល​​​បាន​​​ដាក់​​​បន្ទុក​​​លើ​​​លោក សំអ៊ុន នោះ​​​ទេ ហើយ​​​លោក ឱម ​យ៉ិន​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ។ មន្ត្រី​​​រដ្ឋបាល​​​​​ជលផល​​​ក៏​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ដែរ។

រដ្ឋបាល​​​ជលផល​​​នេះ​​​រួម​​​បញ្ចូល​​​ទាំង​​​ផ្នែក​​​បឹង​​​ទន្លេ​​​សាប​​​ដែរ។ ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ព្រមាន​​​​​​​អំពី​​​ការ​​​នេសាទ​​​ហួស​​​កម្រិត​​​នៅ​​​ទន្លេ​​​សាប ​ច្រើន​​​​​ឆ្នាំ​​​មក​​​ហើយ ទោះជា​​​យ៉ាង​​​នេះ​​​ក្តី ការ​​​នេសាទ​​​​​ខុស​​​ច្បាប់​​​នៅ​​​តែ​​​កើត​​​មាន​​​ជា​​​ធម្មតា៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស