38 C
Phnom Penh

រដ្ឋាភិបាល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ម្នាក់​​​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាក់​ទិន​នឹង​ការ​ចោទ​ថា ​ពួកគេ​បាន​​ណែនាំ​ស្រីកំណាន់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ឲ្យ​បដិសេធ​​រឿង​ស្នេហា​របស់​គេ​។

អ្នក​ទាំង​ប្រាំ​​គឺ​ជា​ការ​​ប៉ះពាល់​ចុង​ក្រោយ​នៃ​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​នយោបាយ​​​ចាត់ទុក​ថា ជា​រលក​​​នៃ​ការ​បំភិត​បំភ័យ​​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ មុន​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​នេះ​។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹកថ្ងៃ​សុក្រ ​លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​មាន​ប្រសាសន៍​ថា ​អ្នក​ទាំង​​ប្រាំ​មាន​​អ្នកស្រី លឹម មុនី អ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់​អាដហុក លោក នី សុខា ប្រធាន​ក្រុម​ស៊ើបអង្កេត អនុប្រធាន​របស់​លោក​​គឺ​លោក ណៃ វ៉ង់ដា ​លោក យី សុខសាន្ត និង​លោក នី ចរិយា អគ្គលេខាធិការ​រង​ គ.ជ.ប. ​ដែល​ក៏​ជា​អតីត​ប្រធាន​របស់​លោក​ នី សុខា ដែរ​ គឺ​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ទីស្នាក់ការ​​​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ម៉ោង​៨យប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ខុម ចាន់តារាទីចាកចេញ​ពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី
ខុម ចាន់តារាទីចាកចេញ​ពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

លោក យ៉ិនទៀង បាន​និយាយ​ថា “​យើង​​​ឃាត់​​ខ្លួន​ប្រាំនាក់​ អាដហុក​បួន​នាក់ និង​​ គ.ជ.ប.​ម្នាក់​”។ លោក​បាន​និយាយ​ថា ពួកគេ​ត្រូវ​ចាប់​ខ្លួន​​ពីបទ​ “ពុករលួយ​” ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ ដោយ​គ្រាន់​តែ​បន្ថែម​ថា មន្ត្រី​ទាំង​ប្រាំ​​រូប​នោះ​កំពុង​ជាប់​ឃុំ​ក្នុង​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​។

បុគ្គលិក​សិទ្ធិ​មនុស្ស​​ត្រូវ​បាន​សួរ​ចម្លើយ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ថ្ងៃទី២​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​​ស្ត្រី​ធ្វើ​សក់​​អាយុ​២៥​ឆ្នាំ គឺ​ ខុម ចាន់តារ៉ាទី បាន​សារភាព​ថា មាន​ស្នេហា​ជាមួយ​លោក កឹម សុខា ពេល​សាកសួរ​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​ ហើយ​បន្ទាប់​មក​ក៏​បាន​ចោទ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ថា បាន​​បញ្ចុះបញ្ចូល​នាង​​ឲ្យ​បដិសេធ​រឿង​នោះ​។

ស្ត្រី​រូប​នេះ​​ក៏​បាន​ចោទ​​​មេធាវី​សមាគម​អាដហុក​ គឺ​អ្នកស្រី ទ្រី ឈួន មន្ត្រី​តស៊ូមតិ​សិទ្ធិស្ត្រី​​គឺ​អ្នកស្រី ធីតា ឃឹះ មន្ត្រី​​សហប្រជាជាតិ​គឺ​លោក សុឺន សាលី និង​មេឃុំ​គណបក្ស​ប្រឆាំង​​គឺ​លោក ស៊ាង ចែត ថា​​បាន​បញ្ចុះ​បញ្ចូល​នាងឲ្យ​និយាយ​កុហក​។ លោក ចែត ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​​ពីបទ​សូក​ប៉ាន់​កាលពី​ថ្ងៃ​ពុធ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា លោក​​បាន​ឲ្យ​លុយ​កញ្ញា ចាន់តារ៉ាទី ៥០០​ដុល្លារ ដើម្បី​ឲ្យ​នាង​បដិសេធ​រឿង​ស្នេហា​នោះ​។

លោក​​ យ៉ិនទៀង ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ចាប់​ខ្លួន​អ្នកស្រី​ ទ្រី ឈួន ឬ​អ្នកស្រី ធីតា ឃឹះ ដែល​ក៏​ត្រូវ​បាន​សាកសួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ព្រោះ​​ពួកគេ​​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទេ​។

លោក​បាន​​និយាយ​ថា “​ធី​តា ឃឹះ និង​មេធាវី​ម្នាក់​ [អ្នកស្រី ទ្រី ឈួន] ចម្លើយ​របស់​​ពួកគេ​​ច្បាស់​ជាង​ចម្លើយ​​​​អ្នក​ផ្សេង​ដែល​​ចោទ​គាត់​​។ យើង​ជឿជាក់​​លើ​ចម្លើយ​របស់​គាត់​ ​ថា​គាត់​មិន​មាន​ការ​ពាក់​ព័ន្ធ​​”។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​​​បាន​និយាយ​ថា លោក​ សុឺន សាលី ជា​មន្ត្រី​នៅ​ការិយាល័យ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​​របស់​អង្គការ​ប្រជាជាតិ​​ ដែល​មិន​បាន​​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ អាច​នឹង​ត្រូវ​នាំខ្លួន​មក​ទីស្នាក់​ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ប្រសិន​បើ​​មន្ត្រី​រូប​នេះ​​មិន​ធ្វើ​តាម​ដីកា​កោះ​ហៅ​​នៅ​ពេល​ខាង​មុខ​។

លោក យ៉ិនទៀង ​បាន​និយាយ​ថា “ប្រសិន​ជា​យើង​កោះ​ហៅ​គាត់​ម្ដង​ទៀត​​​ ​មិន​ចូល​ខ្លួន​​​ យើង​ត្រូវ​តែ​នាំខ្លួន​”។

លោក​បាន​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ពេល​រហូត​ដល់​ម៉ោង​៨យប់​​ថ្ងៃ​សៅរ៍ ​ដើម្បី​សាកសួរ​អ្នក​ជាប់​ឃុំ​មុន​ពេល​បញ្ជូន​​​ពួកគេ​​​ទៅ​តុលាការ​ក្រុង​។

សេចក្ដី​សម្រេច​ចាប់​ខ្លួន​មន្ត្រី​​អាដហុក​បួន​នាក់​បាន​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​អ្នក​វិភាគ​ និង​​ក្រុម​សិទ្ធិ​មនុស្ស​ ដែល​បាន​អះអាង​ថា រដ្ឋាភិបាល​​កំពុង​វិល​ទៅ​រក​ការ​ប៉ុនប៉ងដែល​ឃើញ​ថា ​ជោគជ័យ​​​ដើម្បី​បំភិត​បំភ័យ​ក្រុម​​​​​ណា​ដែល​ពួកគេ​គិត​ថា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធាន​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​​ប្រចាំ​តំបន់​អាស៊ី​​​បាន​និយាយ​តាម​រយៈ​អុីម៉េល​មួយ​ថា “​រដ្ឋាភិបាល​កំពុង​បង្កើត​វិបត្តិ​មួយ​​ដើម្បី​តាម​​ចាប់​អាដហុក​​​​ជា​ក្រុម​សិទ្ធិមនុស្ស​​ ដែល​តែង​តែ​​លាត​ត្រដាង​ការ​ប្រព្រឹត្ត​​ខុស​ដោយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​”។

លោក​បាន​និយាយ​ថា “​នេះ​ជា​ការ​​បំភិត​បំភ័យ​សុទ្ធសាធ​លើ​សង្គម​ស៊ីវិល​ គឺ​ច្បាស់​ណាស់​​ថា​លោក ហ៊ុន សែន ចង់​​ឲ្យ​អាដហុក​​​កុំ​ឲ្យ​ពាក់​ព័ន្ធ​ ឬ​ធ្វើ​ឲ្យ​ពួកគេ​​រងគ្រោះ​ខ្លាំង​រហូត​ដល់​លែង​ហា៊ន​តតាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​ជា​ថ្មី​ទៀត​”។

លោក រ៉ូបឺតសុន បាន​និយាយ​ថា លោក​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើ​​ស្នៀត​ចាស់​​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​មុន​មាន​​ការ​​​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​។

លោក​​បាន​និយាយ​​ថា គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​​បញ្ចេញ​ចង្កូម​ដាក់​សង្គម​ស៊ីវិល​ ដោយ​បង្ហាញ​ថា ខ្លួន​អាច​វាយ​ប្រហារ​ និង​​កម្ទេច​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ណាមួយ​ក៏​បាន​​​ឲ្យ​តែ​ខ្លួន​ចង់​​​ធ្វើ​”។

លោក​បាន​និយាយ​ថា “​វា​ហាក់​​ដូច​ជា​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​វិល​​ទៅ​រក​ស្នៀត​ចាស់​របស់​ខ្លួន​វិញ​ ដោយ​​​សាបព្រោះ​​​ការ​ភ័យ​ខ្លាច​ និង​បំភិត​បំភ័យ​អ្នក​ដែល​បាន​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ និង​ចង់​បាន​​ការ​ទទួល​ខុស​ត្រូវ​ និង​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែល​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​រំលោភ​បំពាន​”។

លោក​ អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ​​ដែល​​​ប្ដឹង​ដោយ​​​គណបក្ស​ប្រជាជន​កម្ពុជា​​​នៅ​សប្ដាហ៍​នេះ​ពីបទ​បរិហារកេរ្តិ៍​​បន្ទាប់ពី​រិះគន់​រដ្ឋាភិបាល​ក្នុង​បទ​សម្ភាស​មួយ​​ ក៏​បាន​និយាយ​ដែរ​ថា ​គាត់​ជឿ​ថា​​គណបក្ស​កាន់​អំណាច​​បាន​​បែរ​ទៅ​រក​ការ​ប្រើ​កណ្ដាប់ដៃដែក​ ដើម្បី​គាប​​សង្កត់​ក្រុម​ប្រឆាំង​។

​លោក​​​​បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា រឿង​នេះ​គឺ​ច្បាស់​ណាស់​ ប្រសិន​បើ​​លោក​ក្រឡេក​មើល​​វា​ហាក់​ដូច​ជា​​មាន​ការ​ប៉ុន​ប៉ង​​យ៉ាង​ច្រើន​ដើម្បី​ដាក់​សម្ពាធ​លើ​​ក្រុម​ប្រឆាំង​ ហើយ​ខ្ញុំ​គិត​ថា ​​​គឺ​​សង្ឃឹម​ថា​​​ក្រុម​ប្រឆាំង​នឹង​មាន​ជម្លោះ​ផ្ទៃ​ក្នុង​”។ លោក​បាន​និយាយ​ថា “​​ប្រាកដ​ហើយ​ចំពោះ​ខ្ញុំ​​មើល​ទៅ​ដូច​ជា​រឿង​នយោបាយ​​ពី​អតីត​កាល​​អ៊ីចឹង​”។

លោក វីរៈ បាន​និយាយ​ថា មូល​ហេតុ​នៅ​ពីក្រោយ​ការ​​តាម​រក​មន្ត្រី​សហប្រជាជាតិ​​មិន​សូវ​ច្បាស់​សោះ ហើយ​អាច​មាន​ផល​អាក្រក់​ ​​​ប្រសិន​បើ​វា​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ថ្នាក់​លើ​របស់​​អង្គការ​នេះ​។

​លោក​បាន​និយាយ​ថា “​ក្នុង​​ក្របខ័ណ្ឌ​​​មន្ត្រី​សហប្រជាជាតិ​ ចំពោះ​ខ្ញុំ​​គឺ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ណាស់​។ ចម្លែក​ណាស់​​ វា​ពិត​ជា​រឿង​ល្អ​មួយ​ ពីព្រោះ​ខ្ញុំគិត​ថា វា​នឹង​មាន​ការ​ចាប់​អារម្មណ៍​​ពី​សហប្រជាជាតិ​ ពី​ថ្នាក់​ខ្ពស់​បំផុត​ ពីព្រោះ​ខ្ញុំ​គិត​ថា សហប្រជាជាតិ​​មិន​អាច​បណ្ដោយ​​ឲ្យ​មាន​ការ​យាយី​​​បុគ្គលិក​របស់​ខ្លួន​ទេ”។

យោង​តាម​អនុសញ្ញា​ឆ្នាំ​១៩៤៦ ស្ដីពី​ឯកសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​​​សហប្រជា​ជាតិ​ មន្ត្រី​សហប្រជាជាតិ​មាន​​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​​ដំណើរ​ការ​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​ពាក្យ​ដែល​និយាយ​ស្ដី​ ឬ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​ទង្វើ​ទាំង​អស់​​ដែល​​ពួកគេ​ធ្វើ​ក្នុង​សមត្ថភាព​ផ្លូវ​ការ​របស់​ខ្លួន​។

លោក ធន សារាយ​ ប្រធាន​សមាគម​អាដហុក​​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​ស្រងាក​ចិត្ត​​នឹង​​ការ​ចាប់​ខ្លួន​​បុគ្គលិក​មាន​បទ​ពិសោធន៍​បំផុត​​មួយ​ចំនួន​របស់​លោក​ ហើយ​លោក​បាន​អះអាង​ថា ក្រុម​សិទ្ធិ​មនុស្ស​នេះ​តែង​តែ​អនុវត្ត​ដោយ​មិន​លម្អៀង​​។

លោក ធន សារាយ បាន​និយាយ​ថា “យោង​តាម​ការ​យល់​ដឹង​របស់​ខ្ញុំ ខ្ញុំ​គិត​ថា វាមិន​ត្រឹម​ត្រូវ​ទេ​ចំពោះ​សហការី​របស់​ខ្ញុំ​។ ពួកគេ​មិន​បាន​ធ្វើ​អី​ខុស​ទេ​។ ខ្ញុំ​គិត​ថា វា​ជា​ការ​គំរាម​កំហែង​​ស្មារតី​​​របស់​សកម្មជន​សិទ្ធិ​មនុស្ស។ រយៈ​ពេល​​២៥​ឆ្នាំ​មក​ហើយ​ យើង​បាន​ព្យាយាម​បង្ហាត់​បង្រៀន​ប្រជាពលរដ្ឋ​​ នគរ​បាល​ មន្ត្រី​រដ្ឋាភិបាល​​ និង​បាន​ផ្ដល់​ប្រឹក្សា​ច្បាប់​​ដល់​មនុស្ស​ជាច្រើន​នាក់​”៕ និត​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស