មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកក្នុងស្រុក និងអតីតមន្ត្រីសមាគមនេះមួយរូបដែលបច្ចុប្បន្នធ្វើការនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅ ហើយត្រូវបានឃាត់ខ្លួនមួយយប់នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
បុគ្គលទាំងប្រាំរូបដូចជាលោក នី សុខា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅសមាគមអាដហុក និងអនុប្រធានពីររូបរបស់លោកគឺលោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត លោកស្រី លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមនេះព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប. ដែលជាអ្នកកាន់តំណែងមុនរបស់លោក នី សុខា ត្រូវបាននាំខ្លួនទៅកាន់តុលាការកាលពីថ្ងៃសៅរ៍។
ពួកគាត់ត្រូវបានចាប់ខ្លួន និងឃាត់ខ្លួនដោយ ACU ដែលដឹកនាំការស៊ើបអង្កេតរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយត្រូវបានចោទប្រកាន់ពីបទជួយលោក កឹម សុខា បញ្ចុះបញ្ចូលស្រីកំណាន់របស់លោកឲ្យបដិសេធស្នេហាលួចលាក់ជាថ្នូរនឹងការសូកប៉ាន់ជាប្រាក់ចំនួន៥០០ដុល្លារ។
ពួកគាត់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ACU វិញកាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានបញ្ជូនមកតុលាការវិញនៅព្រឹកថ្ងៃអាទិត្យ ដើម្បីឲ្យព្រះរាជអាជ្ញាសាកសួរបន្ថែម។ ពួកគាត់ត្រូវបានបញ្ជូនត្រឡប់ទៅ ACU ជាថ្មីម្ដងទៀតនៅម៉ោង៨យប់មិញ។
លោក សំ សុខគង់ មេធាវីការពារតំណាងលោក នី ចរិយា ដែលការសាកសួរលោកបានបញ្ចប់កាលពីម្សិលមិញ មានប្រសាសន៍ថា ព្រះរាជអាជ្ញារង លឹម ពេជ្រ មិនទាន់សម្រេចថាត្រូវដាក់ការចោទប្រកាន់លើមន្ត្រី គ.ជ.ប. រូបនេះនៅឡើយទេ។
លោកមានប្រសាសន៍នៅម៉ោងប្រហែល៦ល្ងាចថា “តុលាការទើបតែបញ្ចប់ការសាកសួរជនសង្ស័យម្នាក់ប៉ុណ្ណោះក្នុងចំណោមជនសង្ស័យទាំងអស់ផ្សេងទៀតដែលមិនទានបញ្ចប់នៅឡើយ។ ក្នុងនីតិវិធីច្បាប់ ប្រសិនបើវាជាសំណុំរឿងមួយដែលមានជនសង្ស័យច្រើន វាតម្រូវឲ្យព្រះរាជអាជ្ញាសាកសួរជនសង្ស័យទាំងអស់ ហើយបន្ទាប់មកសិក្សាថាតើត្រូវដាក់ការចោទប្រកាន់ឬក៏អត់”។
លោកបានបន្តទៀតថា លោកមិនបានដឹងថា កូនក្ដីរបស់លោកមានតួនាទីអ្វីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ទេ។ “ខ្ញុំមិនទាន់ដឹងលម្អិតទេ។ យើងមិនជឿថា គាត់ជាប់ពាក់ព័ន្ធទេ ប៉ុន្តែនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីសាកសួរនៅឡើយ ដូច្នេះយើងនឹងស្វែងយល់បន្ថែមទៀត”។
លោក ឡោ ចន្ធី មេធាវីតំណាងមន្ត្រីសមាគមអាដហុកបានមានប្រសាសន៍ថា ការសាកសួរជនសង្ស័យបួនបានបញ្ចប់នៅម៉ោង៨យប់ ជាពេលដែលជនសង្ស័យទាំង៥រូបត្រូវបានបញ្ជូនទៅ ACU វិញ។
លោកថ្លែងថា “ពួកគាត់បានបញ្ចប់នីតិវិធីសាកសួរហើយនៅល្ងាចនេះម៉ោងប្រហែល៨យប់។ ពួកគាត់មិនទាន់សម្រេចថាត្រូវចោទប្រកាន់កូនក្ដីរបស់ខ្ញុំនៅឡើយទេ ពីព្រោះវាយប់ណាស់ទៅហើយ។ ពួកគាត់ [ជនសង្ស័យ] ត្រូវបានបញ្ជូនទៅ ACU វិញនៅយប់នេះ ហើយយោងតាមនីតិវិធី គេនឹងបញ្ជូនពួកគាត់ត្រឡប់មកតុលាការវិញនៅព្រឹកថ្ងៃស្អែក”។
លោក សុឺន សាលី មន្ត្រីអង្គការសហប្រជាជាតិក៏ត្រូវបានកោះហៅដែរនៅក្នុងសំណុំរឿងនេះ ប៉ុន្តែលោកបានបដិសេធមិនបង្ហាញខ្លួនឡើយ ដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីអភ័យឯកសិទ្ធិរបស់លោកក្នុងនាមជាមន្ត្រីអង្គការសហប្រជាជាតិ ទោះបីនៅពេល ACU និយាយថា ខ្លួននឹងកោះហៅលោកម្ដងទៀត ហើយអាចនឹងចាប់លោកគាត់ប្រសិនបើចាំបាច់យ៉ាងណាក្តី។
ក្នុងសុន្ទរកថានៅខេត្តព្រះសីហនុកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អភ័យឯកសិទ្ធិផ្ដល់ឲ្យតែមន្ត្រីអង្គការសហប្រជាជាតិបរទេសដែលបម្រើការងារនៅកម្ពុជាប៉ុណ្ណោះ ហើយមិនអាចផ្ដល់ឲ្យលោក សុឺន សាលី ធ្វើជាមួកការពារបានទេ។
លោកបានថ្លែងក្នុងសុន្ទរកថានោះថា ”ម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ ពួកគេត្រូវជាប់ពន្ធនាគារ ពីព្រោះអភ័យឯកសិទ្ធិមិនមែនមួកដែកទេ។ អ្នកឯងសូកប៉ាន់សាក្សី អ្នកឯងគាបសង្កត់ពួកគេ”។
នៅខាងក្រៅតុលាការកាលពីម្សិលមិញ មនុស្សប្រហែល៦០នាក់បានប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនៅក្នុងសំណុំរឿងនេះដែលរងការរិះគន់យ៉ាងខ្លាំងថាជាការវាយប្រហារលើសង្គមស៊ីវិលក្នុងហេតុផលនយោបាយ។ នគរបាលបង្ក្រាបកុបកម្មប្រមាណ៤០នាក់បានប្រើខែលដើម្បីរុញអ្នកតវ៉ាឲ្យឡើងលើចិញ្ចើមផ្លូវ នៅពេលពួកគាត់ស្រែកថា ”អយុត្តិធម៌” ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ។
មេឃុំគណបក្សប្រឆាំងមួយរូបត្រូវបានចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី” ហើយត្រូវបានដាក់ពន្ធនាគារក្នុងសំណុំរឿងនេះពីបទសន្យាផ្ដល់ប្រាក់ចំនួន៥០០ដុល្លារដល់គ្រួសាររបស់ស្រីកំណាន់លោក កឹម សុខា ប៉ុន្តែគណបក្សសង្គ្រោះជាតិបកស្រាយថា វាជាជំនួយសប្បុរសធម៌បានពីអ្នកគាំទ្រនៅបរទេសសម្រាប់ការបាត់បង់ការងាររបស់នាងដោយសាររឿងអាស្រូវនេះ។
លោក កែម ឡី អ្នកវិភាគនយោបាយក្នុងចំណោមអ្នកអង្កេតតាមដានសកម្មភាពក្នុងថ្ងៃនោះ បានមានប្រសាសន៍ថា លោកយល់ថា ACU មានរឿងសំខាន់ជាងនេះដែលត្រូវដោះស្រាយដូចជាការលាតត្រដាងអំពើពុករលួយក្នុងក្រសួងសុខាភិបាលដោយមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ជាដើម។
កាលពីឆ្នាំ២០១៤ មូលនិធិសកលបានចោទប្រកាន់ថា លោក ដួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ និងមន្ត្រីមួយចំនួនទៀតបានទទួលការសូកប៉ាន់ចំនួន៤៥០.០០០ដុល្លារពីក្រុមហ៊ុនផ្គត់ផ្គង់មុងការពារមូសខ្លាមួយនៅបរទេសជាថ្នូរនឹងការទទួលបានកិច្ចសន្យាក្នុងទំហំទឹកប្រាក់១២លានដុល្លារជាផ្នែកមួយនៃគម្រោងរបស់របស់មូលនិធិសកល។
លោកមានប្រសាសន៍ទៀតថា ”ប្រសិនបើយើងប្រៀបធៀបរឿងនេះទៅមូលនិធិសកលវាពាក់ព័ន្ធទឹកប្រាក់ប្រហែល៤១០.០០០ដុល្លារ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនឹងមូលនិធិសកលមិនត្រូវបានស៊ើបអង្កេតទេ។ វាជាករណីលុយ២០០ដុល្លារ ឬ៥០០ដុល្លារដើម្បីជួយជនរងគ្រោះក្នុងនាមមនុស្សធម៌ នៅពេលនាងប្រឈមបញ្ហាផ្លូវច្បាប់។ ត្រឡប់មកសំណុំរឿងតុលាការនេះវិញ ខ្ញុំយល់ថា វាគួរឲ្យអស់សំណើច”៕ សុខុម