ដោយបន្តធ្វើអត្ថាធិប្បាយអំពីថា តើគណបក្សសង្គ្រោះជាតិគួរចូលរួមក្នុងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតដែលកំពុងកើតឡើងដូចម្តេចនោះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានគូបដិបក្ខនយោបាយរបស់លោកកុំឱ្យធ្វើការសន្យាខ្យល់ឱ្យសោះ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកថា ”ចំពោះអ្នកដែលនិយាយថា ស្រឡាញ់ជាតិ និងពលរដ្ឋគឺមានច្រើន រួមទាំងអ្នកដែលកំពុងសន្យាតាមសំឡេងខ្យល់មួយចំនួនផងដែរ”។

ដោយសំដៅច្បាស់ក្រឡែតដល់រឿងអាស្រូវផ្លូវភេទដែលជាប់ពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ លោកបានមានប្រសាសន៍ថា “ពលរដ្ឋលែងលង់ជឿលើពាក្យលួងលោមសន្យាតាមខ្យល់តទៅទៀតហើយ…ព្រោះពួកគេគ្មានប្រវត្តិស្នាដៃអ្វីសម្រាប់ជាតិ និងប្រជាជនក្រៅតែពីរឿងអាស្រូវមួយចំនួនឡើយ”។
លោក ហ៊ុន សែន បានធ្វើការវាយប្រហារជាបន្តបន្ទាប់លើការឆ្លើយតបរបស់បក្សសង្គ្រោះជាតិចំពោះគ្រោះរាំងស្ងួតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចោទបក្សប្រឆាំងថា បានប្រើប្រាស់បញ្ហានេះសម្រាប់កេងចំណេញនយោបាយ ហើយមិនបានធ្វើអ្វីដើម្បីសម្រាលការរងគ្រោះរបស់ប្រជាពលរដ្ឋឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងជាថ្មីអំពីជំហររបស់គណបក្សលោកថា វាជាការងាររបស់រដ្ឋាភិបាលក្នុងការផ្តល់ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ហើយភារកិច្ចរបស់គណបក្សប្រឆាំងគឺមានតួនាទីទទួលមតិត្រឡប់ពីសាធារណជន និងជួយធ្វើច្បាប់។
លោកបានមានប្រសាសន៍ថា “គណបក្សប្រឆាំងគ្មានភារកិច្ចប្រមូលពន្ធ ទទួលជំនួយអន្តរជាតិ ឬ ទទួលកម្ចីពីបរទេសឡើយ ដូច្នេះយើងត្រូវបែងចែកឱ្យដាច់ស្រឡះរវាងការទទួលខុសត្រូវរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច”។
នៅក្នុងសុន្ទរកថានៅអគារការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញផងដែរដល់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រី ប៊ុន រា៉ានី ភរិយារបស់លោកឱ្យលៃទុកប្រាក់ដែលទទួលបានពី “សប្បុរសជនក្នុងឆ្នាំ២០១៦” ជួយដោះស្រាយអ្វីដែលលោកចាត់ទុកថាជាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១សតវត្សរ៍។
ការផ្តល់ទឹកក្នុងស្ថានភាពគ្រាអាសន្នត្រូវបានធ្វើឡើងក្នុងខេត្តចំនួន១៨ជាការឆ្លើយតបចំពោះគ្រោះរាំងស្ងួតនៅឆ្នាំនេះ ដែលបានប៉ះពាល់ប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ដីគោក ហើយត្រូវបានចាត់ទុកថា ជាគ្រោះរាំងស្ងួតមួយក្នុងចំណោមគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានឱ្យដឹងថា លទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបគ្រោះមហន្តរាយដូចនេះនៅមានកម្រិតដោយសារពុំមានប្រព័ន្ធត្រួតពិនិត្យកម្រិតទឹកគ្រប់គ្រាន់ និងសារខ្វះសមត្ថភាពក្នុងការបកស្រាយទិន្នន័យព្យាករណ៍ទៅជាសកម្មភាពសាធារណៈប្រកបដោយប្រសិទ្ធភាព៕ សារុន (រាយការណ៍បន្ថែមដោយ David Boyle)