42.2 C
Phnom Penh

រដ្ឋាភិបាល​ថា ​“​​​គ្មាន​ជម្រើស​​” ក្រៅ​ពី​ចាប់​​ខ្លួន​អ្នក​​​​រិះគន់​ ដើម្បី​​រក្សា​សន្តិភាព​​​នៅ​ក្នុង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ូច បូរិទ្ធ រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​​​បាន​​ទាញ​​​​ទឡ្ហីករណ៍​​​នៅ​​ចុង​​បញ្ចប់​​នៃ​កិច្ច​ប្រជុំ​​​រយៈពេល៣​​ថ្ងៃ​ជាមួយ​​​តំណាង​មក​​​​ពី​​​សហ​ភាព​​អឺរ៉ុប កាល​ពី​​​ថ្ងៃ​​​​ពុធ​​ថា ការ​បង្ក​រឿង​​ដោយ​គណ​បក្ស​​​ប្រឆាំង​​​ក្នុង​រយៈ​ពេល​​​ជាង​២ឆ្នាំ​មក​​នេះ ​បាន​​ធ្វើ​​ឱ្យ​​គណបក្ស​ប្រជា​ជន​កម្ពុជា កំពុង​កាន់​អំណាច “គ្មាន​ជម្រើស” ក្រៅ​ពី​ប្រើ​ប្រាស់​​​តុលាការ​​​ដើម្បី​​​រក្សា​​សន្តិ​ភាព​​ក្នុង​ប្រទេស។

ដោយ​​​ហាក់​ដូច​មិនជឿ​​ជាក់​​លើ​ការ​លើក​​​ឡើង​របស់លោក អ៊ូច បូរិទ្ធ សហ​​​ភាព​​អឺរ៉ុប បាន​​​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​​​​​មួយ​​អំពាវ​នាវ​សុំ​ឱ្យ​​ដោះ​លែង​​​​មន្ត្រី​​​​អង្គ​ការ​​​​សិទ្ធិ​មនុស្ស ដែល​​​ស្ថិត​​ក្នុង​​ចំណោម​​​អ្នក​​​រិះ​គន់​​រដ្ឋាភិបាល​​ជាង​២០នាក់​ដែល​បាន​​ជាប់​ពន្ធ​នាគារ​​ក្នុង​​រយៈ​ពេលជាង​មួយ​​ឆ្នាំ​​មក​​​នេះ​​ក្នុង​សំណុំរឿង​ដែល​​​បាន​ធ្វើ​ឱ្យ​​​​​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជាប់​​អន្ទាក់​​ដែរ​។

​​ក្នុង​សុន្ទរក​ថាបញ្ចប់​របស់​លោក​នៅ​​​ឯ​កិច្ច​​ប្រជុំ​​​គណៈ​កម្មាធិការចម្រុះកម្ពុជា-​​​សហ​ភាព​អឺរ៉ុប លើក​​​ទី​៩​​ធ្វើ​​ឡើង​​​​​ក្នុង​រាធានី​ភ្នំពេញ ​​លោក អ៊ូច បូរិទ្ធ​​ ​បាន​​ថ្លែង​​ថា រដ្ឋាភិបាល​បាន​បង្ខំ​​ចិត្ត​​​​​ចាប់​​ខ្លួន​​មនុស្ស​​ដើម្បី​​រក្សា​ស្ថិរភាព​​​សង្គមដែល​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​​​នាំ​មក​​ជូន​ប្រទេស​​​​ បន្ទាប់​​ពី​​​ខ្មែរ​​​ក្រហម​​ធ្លាក់​ពី​​​​អំណាច។

cam-photo-ambassadors-channa-800x533cam-photo-ambassadors-channa-800x533លោក​​បាន​​លើក​ឡើង​​ទៀត​​​ថា “ប្រវត្តិ​សាស្ត្រ​​ដ៏​ល្អ​​ថ្លៃ​​ថ្លា​​​​​​​របស់​​យើ​ង​​​បាន​​សាង ‘សន្តិ​ភាព ​និង​ស្ថិរភាព​’ ជា​​គុណ​​​​​តម្លៃ​​ដែល​​ត្រូវតែ​ការពារ​ទោះ​​​​ក្នុង​​​តម្លៃ​ណា​​ក៏​​ដោយ​”។ ប៉ុន្តែ​​នៅ​​ក្រោយ​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​​ រាស្ត្រ​​ដ៏​ចម្រូង​ចម្រាស​​​​​​ក្នុង​​​ឆ្នាំ​​​​២០១៣ គណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​​បាន​​​បំផ្លាញ​​សុច្ឆន្ទៈ​​​ដែល​គណបក្ស​​ប្រជាជន​បាន​​​សាង​​​​ក្នុង​រយៈពេល​​​​​ប៉ុន្មាន​ឆ្នាំ​មក​​​នេះ​។

លោក​បាន​​បន្ត​​ថា “ដើម្បី​​សន្តិ​ភាព ស្ថិរភាព​នយោបាយ និង​​​កា​រ​​អភិវឌ្ឍ​​​​​សេដ្ឋ​កិច្ច​​​សង្គម​​​នៅ​​កម្ពុជា គណ​បក្ស​​ប្រជា​ជន ​បាន​​​​​ផ្តល់​​សម្ប​ទាន​​​នយោបាយ​​​ធំ​ណាស់​​ដល់​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​ តាម​រយៈ​ការ​​អនុញ្ញាត​​ឱ្យ​​​​​​ខ្លួន​​មាន​​សមាជិក​​​ស្មើ​​គ្នា​​នៅ​គ.ជ.ប. [គណៈ​​កម្មាធិការ​ជាតិ​​រៀប​ចំ​ការ​​​បោះ​​ឆ្នោត​] និង​​តំណែង​​​​ប្រធាន​​​គណៈ​​កម្មការ​​មួយ​ចំនួន​នៅ​​រដ្ឋសភា។ វា​​ពិត​ជា​​គួរ​ឱ្យ​សោក​ស្តាយ​ណាស់​​​ដែល​​​គណបក្ស​​​​សង្គ្រោ​ះ​​​ជាតិ​​​​​បាន​​បន្ត​បំពាន​​​លក្ខ​ខណ្ឌ​នៃ “វប្បធម៌​សន្ទនា” ​​តាម​រយៈ​​​ឥរិយាបថ​​​​​​​​​អ​សីល​​ធ​ម៌ ​និង​​បង្ក​រឿង​របស់​ថ្នាក់​​ដឹក​​នាំ​ខ្លួន ​​និង​ការ​​​ញុះ​​ញង់​​​​​ទាំង​​​ក្នុង និង​ក្រៅ​ប្រទេស​ ដូច្នេះ​​ធ្វើ​ឱ្យ​គណ​បក្សប្រ​ជា​ជន​​​គ្មាន​​​​ជម្រើស​​​ក្រៅពី​ងាក​​​​​​ទៅ​រក​ការ​​​ដោះ​​ស្រាយ​តាម​​ផ្លូវ​​​ច្បាប់​ដើម្បី​​​​​ពង្រឹង​​​​នីតិ​​​​​រដ្ឋ​​​នៅ​​កម្ពុជា”។

កាល​ពី​​​​ថ្ងៃ​​ច័ន្ទ សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ ​​​​បាន​​​​សម្រេច​ចោទ​ប្រកាន់​​ និង​​ដាក់​​ពន្ធ​នាគារ​​​​លោក នី ចរិយា អគ្គលេខាធិការ​​រង​​​​គ.ជ.ប. ​និង​​​​​​មន្ត្រី​ជាន់​ខ្ពស់​៤​រូប​ទៀត​មក​​​ពី​សមាគម​សិទ​្ធិ​មនុស្ស​​អាដហុក ពីបទ​​​​​​​សូក​ប៉ាន់​​ស្រីកំណាន់​​​​របស់​លោក កឹម សុខា អនុប្រធាន​​គណ​បក្ស​ប្រឆាំង​​​​​​ដើម្បី​ឱ្យ​នាង​​និយាយ​កុហក​​​​រឿង​សេ្នហា​​លួច​​លាក់​​​​​រវាង​នាង និង​​លោក កឹម សុខា។

មេឃុំ​គណបក្ស​ប្រឆាំង​​មួយរូប​​ក៏​​ត្រូវបាន​​​ដាក់​ពន្ធ​នាគារ​ដែរ​​​​​​ពាក់​ព័ន្ធ​រឿង​​អាស្រូវ​​​​​នេះ​ដែល​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) កំពុង​​​ស៊ើប​អង្កេត​ ខណៈ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​គណ​បក្ស​​សង្គ្រោះ​​​​២​​រូបទៀត​​ត្រូវ​បាន​​កោះ​​ហៅ​ទៅ​សាក​សួរ​។ ចំណែក​​​ឯ​​​មន្ត្រី​អង្គ​ការ​សហ​ប្រជាជាតិ​មួយ​​រូប​ត្រូវបាន​​​​​ចោទ​ប្រកាន់​​​ដោយ​​កំបាំង​មុខ​។

​​​​នៅ​​ក្នុង​​​​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​​​​ចេញ​​កាល​​ពី​​​ថ្ងៃ​​​​​ពុធ តំណាង​​​​សហ​ភាព​​​អឺរ៉ុប​បាន​​​​លើក​​ឡើង​​​ថា ខ្លួន​​​​​បាន​​​អំពាវ​នាវ​​ឱ្យ​​​ត្រឡប់​ទៅ​រក​​វប្ប​​​ធម៌​សន្ទ​នា​​​​វិញ​ និង​​ដោះលែង​​​​មន្ត្រី​សិទ្ធិ​មនុស្ស​​​​​​អំឡុង​​​​កិច្ច​​ប្រជុំ​​​របស់​​ខ្លួន​​​ជា​​មួយ​រដ្ឋាភិ​​បាល។

សេចក្តី​​ថ្លែង​ការណ៍​​នោះ​មា​ន​ខ្លឹម​សារ​ដូច្នេះ​​​​​​​ថា ”យើង​បាន​​​លើក​ឡើង​​ពី​ការ​​ព្រួយ​បារម្ភ​​​​​​​អំពី​​​​​​ភាព​​​​ឯក​​រាជ​​​នៃ​ប្រព័ន្ធ​​តុលាការ​​ និង​ភាព​ត្រឹម​ត្រូវ​​​នៃ​​ការ​​​អនុវត្ត​​ច្បាប់​ និង​ជា​​ពិសេស​អំពី​​​ការ​ចាប់​ខ្លួន​​​តំណាង​សង្គម​ស៊ីវិល​​កាល​​ពី​ពេល​​ថ្មីៗ​​​​​​នេះ ​ហើយ​​​យើងសូម​អំពាវ​នាវ​​ឱ្យ​​​ដោះ​​លែង​ពួកគេ”។

ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ ការ​​​រិះគន់​​​របស់​​​សហភាព​​​អឺរ៉ុប​​​លើ​​​រដ្ឋាភិបាល បាន​​​លេច​​​ធ្លោ​​​ព្រោះ​ភាព​​​ត្រង់​​​របស់​​​ខ្លួន ក្នុង​​​ចំណោម​​​ការ​​​​​​ថ្លែង​​​ប្រើ​​​ពាក្យ​​​ខ្លាំង ដែល​​​ចេញ​​​ដោយ​​​ស្ថាន​បេសកកម្ម​​​ការទូត​​​បរទេស​​​ផ្សេងទៀត​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។

នៅ​​​ខែ​​​ឧសភា​ឆ្នាំ​​មុន តំណាង​​​សហភាព​​​អឺរ៉ុប​​​​​ដែល​​​ធ្វើ​​​ទស្សនកិច្ច គឺ​​​លោក ស៊ីលវីយ៉ូ ហ្គន​ហ្សាតូ ព្រមាន​​​ថា វា​​​ពិបាក​​​ធ្វើ​​​យុត្តិកម្ម​​​ទឹក​​​ប្រាក់​​​​៤៣៥​​​លាន​​​ដុល្លារ​​​ដែល​​​សន្យា​​​ផ្តល់​​​ឲ្យ​​​​​​កម្ពុជា​​​រហូត​​​ដល់​​​ឆ្នាំ​​​២០២០​​​ចំពោះ​​អ្នក​​​បង់ពន្ធ​​​អឺរ៉ុប ​ប្រសិនបើ​​​ប្លុក​​​នេះ​​​មិន​​​មើល​​​ឃើញ​​​ការ​​​កែ​​​ទម្រង់​​​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​ដុំ​​​កំភួន​​​ទេ​​​នោះ។

នៅ​​​ខែ​​​វិច្ឆិកា សមាជិក​​​សភា​​​អឺរ៉ុប​​​ជាច្រើន​​​រូប​​​ដែល​​​មក​​​ធ្វើ​​​ទស្សនកិច្ច​​​បាន​​​លើក​​​មតិ​​​នេះ​​​ជាថ្មី។ ហើយ​​​កាលពី​​​ខែ​​​មុន សមាជិក​​​ជាច្រើន​​​​​រូប​​​នៃ​​​អនុ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​សភា​​​​​​បាន​​​ព្រមាន​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​ងាក​​​ចេញ​​​ពី “ផ្លូវ​​​ប្រជាធិបតេយ្យ”។

លោក​​​ស្រី ចក់ សុភាព នាយិកា​​​មជ្ឈ​មណ្ឌល​​​​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​ថា លោក​​​ស្រី សង្ឃឹម​​​ថា ជំហរ​​​របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​នឹង​​​ទាក់ទាញ​ការ​​​គាំទ្រ​​​ពី​​​សហគមន៍​​​អន្តរជាតិ​​​​​​ច្រើន។

លោក​​​ស្រី​​​​និយាយ​​​តាមរយៈ​​​សារ​​​អេឡិច​​ត្រូនិក​​​កាលពី​​​ម្សិលមិញ​​​ថា “នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​គិត​​​ថា ការ​​​អធិប្បាយ​​​អាច​​​ខ្លាំង​​​ជាង​​​នេះ ខ្ញុំ​​​ពិត​​​ជា​​​ជឿ​​​ថា ការ​​​ថ្លែង​​​ជា​​​សាធារណៈ​​​ខ្លាំងៗ​​​ពី​​​តួ​អង្គ​​​​អន្តរជាតិ​​​ដ៏​​​មាន​​​ឥទ្ធិពល​​​អាច​​​ផ្តល់​​​ការ​​​ការពារ​​​ដល់​​​ក្រុម​​​អ្នក​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា”។មិន​​​មែន​​​គ្រប់​​​គ្នា​​​ជឿជាក់​​​នោះ​​​ទេ។

លោក អៀរ សុផល ជំនួយការ​​​សាស្ត្រា​ចារ្យ​​​​​នៅ Occidental College ក្នុង​​​ក្រុង​​​ឡូស ​អេនជឺឡេស ​​និង​​​ជា​​​អ្នក​​​និពន្ធ​​​សៀវភៅ ​ដែល​​​​មាន​ចំណង​ជើង​ថា ”ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា និង​វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​ដំណើរ​​​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទន់​ខ្សោយ” ​​​និយាយ​​​ថា “​​និយាយ​ងាយ​ជាង​ធ្វើ​”។

លោក​​​និយាយ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា ​”គេ​​​ក៏​​​បាន​​​​និយាយ​​ដែរ​នៅ​មុន​​​ពេល​​​ខ្មែរ​​​ក្រហម​​​ឡើង​​​កាន់​​​​អំណាច​​​​​​។ ខ្ញុំ​​​ជឿ​​​ជាក់​​​ថា ​​ពេល​នេះ​​​​គេ​កំពុង​​​មមាញឹក​​វាយ​ទូរលេខ​​យ៉ាង​ប្រញាប់​ប្រញាល់​​ ដើម្បី​​ផ្ញើ​ទៅ​​កាន់​​​ទីស្នាក់​ការ​​របស់​ខ្លួន​​នៅ​ក្នុង​​​រដ្ឋ​ធានី​នានា​​​ទូទាំង​ពិភព​លោក​”។

លោក អៀរ សុផល បាន​​​និយាយ​​​ថា មាន​​​តែ​​​ទណ្ឌកម្ម​​​ចំ​​​គោលដៅ​​​ប៉ុណ្ណោះ​​​នឹង​​​ទទួល​​​បាន​​​​​​ការ​​​យក​​​ចិត្ត​​​ទុកដាក់​​​ពេញលេញ​​​ពី​​​រដ្ឋាភិបាល។

“មាន​​​គេ​​​និយាយ​​​ថា អ្នក​​​ឯង​​​មិន​​​អាច​​​មក​​​អឺរ៉ុប​​​​​ដើរ​​​ទិញ​​​ហួស​​​ហេតុ​​​នៅ​​​ក្រុង​​​ប៉ារីស ​និង ​ក្រុង​​​ហ្សឺណែវ ទៀតទេ… គេ​​​មិន​​​ស្វាគមន៍​​​អ្នក​​​ទេ”។

លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ ដែល​​​កំពុង​​​ត្រូវ​​​រដ្ឋាភិបាល​​​ប្តឹង​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​ទាក់ទិន​​​នឹង​​​ការ​​​សម្ភាស​​​តាម​​​វិទ្យុ បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​ជំនួញ​​​ដែល​​​មាន​​​ទំនាក់ទំនង​​​ជិត​ស្និទ្ធ​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា នឹង​​​ខឹង​​​ខ្លាំង​​​ដោយសារតែ​​​ទណ្ឌកម្ម​​​ទាំង​​​នោះ ប៉ុន្តែ​​​ថា ​វិធាន​​​​ការ​​​បែប​​​នេះ​​​មិន​​​ទំនង​​នឹង​​​កើត​​​ឡើង​​​ទេ ​ប្រសិន​​បើ​​​ស្ថានការណ៍​​​នយោបាយ​​​មិន​​​កាន់តែ​​​ដុន​ដាប​​​​​ខ្លាំង​​​នោះ។

លោក វីរៈ បាន​​​និយាយ​​​ថា “ហេតុ​​​ដូច្នេះ​​​ហើយ មនុស្ស​​​ដូច​​​ខ្ញុំ​​​អ៊ីចឹង កំពុង​​​តែ​​​ព្យាយាម​​​ដើម្បី​​​ឲ្យ​​​រដ្ឋាភិបាល​​​ត្រឡប់​​​មក​​​រក​​​ការ​​​ពិត និង​​​ការ​​​កែ​​​ទម្រង់​​​ស្ថាប័ន”។

“ប្រទេស​​​ម្ចាស់​​​ជំនួយ​​​មាន​​​កាតព្វកិច្ច​​​ពិនិត្យ​​​ឲ្យ​​​ច្បាស់​​​ថា​​​រដ្ឋាភិបាល​​​ទទួល​​​បាន​​​សារ​​​នេះ​​​នៅ​​​ពេល​​​ឥឡូវ មុន​​​ពេល​​​អ្វីៗ​​​អាក្រក់​​​ពេក​​​នោះ”៕ សុខុម​ និង និត​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស