កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀបចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។
សកម្មជន និងអង្គការនានាកំពុងអំពាវនាវសុំឲ្យដោះលែងបុគ្គលទាំងប្រាំរូបនេះ ដោយបួនរូបក្នុងចំណោមនោះត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញហើយកាលពីសប្ដាហ៍មុនពីបទឃុបឃិតសូកប៉ាន់នារីម្នាក់ឲ្យបដិសេធស្នេហាលួចលាក់របស់ខ្លួនជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងស៊ើបអង្កេតការចោទប្រកាន់ទាំងនេះនៅក្នុងសំណុំរឿងមួយដែលមជ្ឈដ្ឋានទូទៅយល់ថាជំរុញដោយហេតុផលនយោបាយ។

ក្រុមសកម្មជនបានលុបចោលការហែក្បួនតវ៉ាមួយទៅកាន់ទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសាលារាជធានីមិនអនុញ្ញាត។ ពេលនេះដោយមានការចូលរួមពីអង្គការសិទ្ធិមនុស្សរាប់សិប ពួកគេមានគម្រោងស្លៀកពាក់ខ្មៅ ហើយប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារព្រៃសនៅព្រឹកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយបង្ហោះលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានលើកឡើងថា អ្នករៀបចំកំពុង “ញុះញង់ឲ្យមាន ‘យុទ្ធនាការស្លៀកពាក់ខ្មៅ’” ហើយសមត្ថកិច្ចនឹង “អនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន” ដើម្បីអនុវត្តច្បាប់ ប្រសិនបើការហែក្បួននោះពិតជាធ្វើឡើងតាមការគ្រោងទុកមែន។
សេចក្តីប្រកាសព័ត៌មានដដែលមានខ្លឹមសារថា ”អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដើម្បីអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ក្នុងគោលដៅថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណ និងការពង្រឹងនីតិរដ្ឋក្នុងក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។
មន្ត្រីនៅក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រដូចគម្រោងតវ៉ាដោយស្លៀកពាក់ខ្មៅនេះទៅនឹង ”បដិវត្តន៍ពណ៌” ដែលមិនអាចអត់ឱនឲ្យបាន។
លោកបានថ្លែងថា “គេចង់រំខានដល់មុខងារណាមួយនៃស្ថាប័នរដ្ឋ នោះគឺជាការគំរាមកំហែង។ នេះជាទង្វើបះបោរនៅក្នុងទីក្រុង ហេតុអីអំពាវនាវឲ្យដោះលែងពួកគេ? ហេតុអីពួកគេដាក់សម្ពាធលើតុលាការ?”។
លោកបានលើកឡើងបម្ថែមទៀតថា អ្នកតវ៉ាគួរតែបង្វែរការមិនពេញចិត្តរបស់ខ្លួនតាមរយៈតុលាការ ឬរដ្ឋសភា។ ការជ្រើសរើសពណ៌ខ្មៅក៏ជាផែនការគ្រោងទុកមុន និងមិនអាចទទួលយកបានចំពោះឯកសណ្ឋានខ្មែរក្រហម។ ”ហេតុអីពួកគេជ្រើសរើសពណ៌នោះ? វាធ្វើឲ្យប្រជាពលរដ្ឋនឹកឃើញដល់ឆ្នាំ១៩៧៥ ដែលបានផ្តាច់ជីវិតមនុស្ស២លាននាក់”។
ប៉ុន្តែសកម្មជន និងអង្គការសិទ្ធិមនុស្សដែលគ្រោងចូលរួមការតវ៉ានេះបានច្រានចោលការព្រួយបារម្ភរបស់រដ្ឋាភិបាលចំពោះបដិវត្តន៍ថាជាប្រតិកម្មតបហួសហេតុទៅលើអ្នកប្រឆាំង។
លោក អុី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោត ដែលជាអង្គការសិទ្ធិលំនៅដ្ឋានមានប្រសាសន៍ថា “នេះមិនមែនជារឿងបដិវត្តន៍ទេ។ នេះជាការតវ៉ាទាមទារឲ្យដោះលែងបុគ្គលទាំងប្រាំរូប”។
លោកបានបន្តថា លោកស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុមសហគមន៍ប្រហែល៣០ដែលគ្រោងធ្វើការតវ៉ា ហើយលោករំពឹងថានឹងមានអ្នកចូលរួមចន្លោះពី២០០នាក់ទៅ៣០០នាក់។
ពាក់ព័ន្ធការសម្រេចក្នុងការស្លៀកពាក់ខ្មៅ លោកលើកឡើងថា ពណ៌នេះតំណាងភាពខ្មៅងងឹតគ្របដណ្តប់លើសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ដោយសារតែយើងគិតថា សិទ្ធិរបស់យើងក្នុងការជួបជុំត្រូវបានរំលោភបំពានដោយរដ្ឋាភិបាល។ វា….ខ្មៅ [ដោយសារ] គ្មានពន្លឺតទៅទៀតឡើយ បើនិយាយពាក់សិទ្ធិរបស់យើង”។
លោកបានថ្លែងបន្តថា “វាច្បាស់ណាស់ថា រដ្ឋាភិបាលកំពុងព្យាយាមសម្លាប់សិទ្ធិមនុស្សនៅកម្ពុជា” បើនគរបាលឬទាហាននៅតែព្យាយាមបញ្ឈប់ពួកគេនោះ។
អ្នកស្រី គឹម សារ៉ាន់ សកម្មជនសិទ្ធិដីធ្លី បានលើកឡើងថា អ្នកតវ៉ានឹងត្រឡប់មកពន្ធនាគារវិញនៅរៀងរាល់ថ្ងៃច័ន្ទ រហូតដល់អ្នកទាំងប្រាំនាក់នោះត្រូវបានដោះលែងវិញ ហើយថា ការព្យាយាមណាមួយដើម្បីបញ្ឈប់ពួកគេ មានតែធ្វើឲ្យខូចឈ្មោះរបស់រដ្ឋាភិបាលទៅវិញទេ ក្រោមក្រសែភ្នែករបស់អ្នកបោះឆ្នោតនិងម្ចាស់ជំនួយបរទេស។
អ្នកស្រីបាននិយាយថា ”យើងនឹងពាក់អាវខ្មៅដើម្បីកាន់ទុក្ខការចាប់ខ្លួន។ ខ្មៅវាជាភាពងងឹត និងអយុត្តិធម៌សម្រាប់ពួកគាត់។ យើងនឹងបង្ហាញឲ្យអង្គការជាតិនិងអន្តរជាតិឃើញថា ឥឡូវនេះ កម្ពុជាកំពុងស្ថិតក្នុងភាពខ្មៅងងឹត”។
មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារទំាងបួននាក់ គឺសុទ្ធតែជាបុគ្គលិករបស់សមាគមសិទ្ធិមនុស្សអាដហុក ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជារឿយៗតែងតែរិះគន់រដ្ឋាភិបាល។លោក នី ចរិយា ដែលត្រូវបានចោទប្រកាន់និងបញ្ជូនទៅពន្ធនាគារជាមូយពួកគាត់ គឺជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្លាប់បម្រើការងារជាមន្ត្រីកំពូលមួយរូបនៅសមាគមសិទ្ធិមនុស្សអាដហុក រហូតដល់ពេលលោកទទួលមុខតំណែងក្នុងពេលបច្ចុប្បន្នកាលពីខែមករា។ អ្នកទាំងអស់នេះសុទ្ធតែបដិសេធថា មិនបានធ្វើខុសទេ។
ករណីនេះកើតចេញពីខ្សែអាត់សំឡេងដែលបែកធ្លាយស្តីអំពីការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជនដែលគេអះអាងថា រវាងលោក កឹម សុខា និងស្រីកំណាន់ដែលគេចោទថាជារបស់គាត់។លោក កឹម សុខា ត្រូវបានកោះហៅសម្រាប់ការសាកសួរដោយសាលាដំបូងរាជធានីកាលពីថ្ងៃពុធពាក់ព័ន្ធការអះអាងដែលថា លោក បានបរិហាកេរ្តិ៍សកម្មជនវ័យក្មេងដ៏លេចធ្លោម្នាក់នៅក្នុងខ្សែអាត់សំឡេងមួយក្នុងចំណោមខ្សែអាត់សំឡេងទាំងនោះ។
កាលពីម្សិលមិញ លោក លី សុផាន់ណា អ្នកនាំពាក្យព្រះរាជអាជ្ញា បានលើកឡើងថា តុលាការបានចេញដីកាកោះមួយផ្សេងទៀតសម្រាប់លោក កឹម សុខា កាលពីថ្ងៃសុក្រ ប៉ុន្តែ លោកបានបដិសេធមិនរៀបរាប់លម្អិតនោះឡើយ។យោងតាមច្បាប់ចម្លងនៃដីកាកោះនេះដែលបង្ហោះតាមអុីនធឺណិតដោយគេហទំព័រព័ត៌មាន Fresh News លោក កឹម សុខា ត្រូវបានស្នើឱ្យមកបង្ហាញខ្លួននៅថ្ងៃទី១៧ ខែ ឧសភា ក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿងពាក់ព័ន្ធអំពើពេស្យាចារ។
ខុម ចាន់តារ៉ាទី ស្រីកំណាន់ដែលគេចោទថា ជារបស់លោក កឹម សុខា ត្រូវបានសាកសួរជុំវិញការចោទប្រកាន់ពីបទពេស្យាចារកាលពីខែមុន ប៉ុន្តែមិនត្រូវបានចោទប្រកាន់នោះឡើយ។
គណបក្សសង្គ្រោះជាតិបានលើកឡើងថា តំណាងរាស្ត្ររបស់ខ្លួននឹងមិនធ្វើតាមដីកាកោះរបស់តុលាការឡើយ លុះត្រាតែអភ័យឯកសិទ្ធិរបស់ពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញត្រូវបានដកដោយសំឡេងពីរភាគបីនៃការបោះឆ្នោតនៅក្នុងសភាឬព្រឹទ្ធភាជាមុនសិន។ ក្រសួងយុត្តិធម៌បានលើកឡើងថា អភ័យឯកសិទ្ធិមិនការពារតំណាងរាស្ត្រពីការសាកសួរឡើយ៕សុខុម និងស៊ុយឈាង