បុរសម្នាក់ដែលបានអារកសម្លាប់មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុម្នាក់ ដែលបានទៅផ្ទះរបស់គាត់ក្នុងខេត្តកំពតនោះ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្នុងអ្វីដែលនគរបាលជឿថា ទំនងជាអំពើមនុស្សឃាតបង្កឡើងដោយជម្លោះជុំវិញគណនីដែលកូនរបស់ជនសង្ស័យបានបើកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ជនរងគ្រោះ។
លោក សំរិទ្ធ សិលាវិបុល អធិការនគរបាលស្រុកឈូកបានមានប្រសាសន៍ថា នគរបាលប្រហែល៣០នាក់បានឡោមព័ទ្ធផ្ទះរបស់បុរសឈ្មោះ ប្រុស វិត អាយុ៤៨ឆ្នាំ នៅក្នុងឃុំត្រមែង ស្រុកឈូក នៅម៉ោងប្រហែល១១ថ្ងៃត្រង់ បន្ទាប់ពីអ្នកជិតខាងរាយការណ៍ថា បុរសរូបនេះទើបតែបានសម្លាប់មនុស្ស។
ជនសង្ស័យរូបនេះបានឡើងលើដំបូលផ្ទះដោយទុកចោលសាកសព ជឹម បូរិន អាយុ២៤ឆ្នាំប្រឡាក់សុទ្ធតែឈាម ជាមន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងមូលដ្ឋាននៅជាប់ជើងជណ្ដើរ។
លោក សិលាវិបុល បានមានប្រសាសន៍ថា នៅពេលនគរបាលរបស់យើងមកដល់ផ្ទះនោះ ជនដៃដល់បានឡើងលើដំបូលផ្ទះដោយមានកាន់ដាវមួយផង”។
លោកបាននិយាយថា “យើងបាននិយាយបញ្ចុះបញ្ចូលបុរសរូបនេះដោយការនិយាយថា ‘សូមចុះមក យើងមិនធ្វើអីអ្នកទេ’”។
លោកបានថ្លែងថា បន្ទាប់ពីប្រើពេលអស់៤ម៉ោង បុរសឈ្មោះ វិត បានយល់ព្រម ដោយទម្លាក់ដាវរបស់ខ្លួនចោលមុនពេលនគរបាលសម្រុកឡើងលើដំបូល ហើយបានចាប់ខ្លួនជននេះតែម្ដង។
លោក សំ សំអឿន នាយរងការិយាល័យព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ លោកបានបន្ថែមថា អាជ្ញាធរសន្និដ្ឋានថា ករណីនេះជាអំពើមនុស្សឃាត។
លោក សំអឿន មានប្រសាសន៍ថា “យើងបានរកឃើញកូនកាំបិតមួយ និងដាវមួយនៅកន្លែងកើតហេតុ។ ជនរងគ្រោះត្រូវបានអារកបួនកាំបិត ហើយបានស្លាប់ភ្លាមៗ។ ជារួម នគរបាលបានធ្វើការសន្និដ្ឋានថា វាជាករណីមនុស្សឃាត”។
លោក ណុប សារ៉េន នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា មូលហេតុចំពោះការសម្លាប់នេះមិនទាន់ច្បាស់នៅឡើយទេ តែលោកសង្ស័យថាវាពាក់ព័ន្ធអង្គហេតុថា កូនរបស់លោក ប្រុស វិត ដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងមានគណនីជាមួយមីក្រូហិរញ្ញវត្ថុអម្រឹត។
លោក សារ៉េន មានប្រសាសន៍ថា “យើងមិនដឹងច្បាស់លាស់ថាតើជនរងគ្រោះមកទារលុយ ឬមកយកលុយដាក់សន្សំពីជនដៃដល់ឡើយ”។
លោកបានបន្ថែមថា “យើងគ្រាន់តែដឹងថា ម្ចាស់ផ្ទះមានកូនដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ហើយពួកគាត់បានបើកគណនីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត”។
លោក ម៉ក់ វិចិត្រ ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតប្រចាំខេត្តនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន