27 C
Phnom Penh

នគរ​បាល​សួរ​នាំ​ប្រធាន​​​​​​សមា​គម​​​​ពាក់​ព័ន្ធ​​​​នឹង​ការ​បោះ​ពុម្ព​អាវ​​​យឺត​​សម្រាប់​​​យុទ្ធនាការ​ “ថ្ងៃច័ន្ទ​​​​ពណ៌ខ្មៅ”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ នគរ​បាល​​បាន​​សួរ​នាំ​ប្រធាន​​​សមាគម​មួយ​រូប​ជុំវិញ​ការ​ពាក់​ព័ន្ធ​​របស់​គាត់​នៅ​ក្នុង​ការ​បោះពុម្ព​អាវ​យឺត​ខ្មៅ​​សម្រាប់​ប្រើ​​ប្រាស់​​​ក្នុង​ការ​តវ៉ា​ “​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ” ដែល​​គ្រោង​​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ ខណៈ​មន្ត្រី​មួយ​​​រូប​​​​​និយាយ​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​បាន​​ច្រាន​ចោល​ការ​អះ​អាង​​ដែល​លើក​ឡើង​​​​ថា ស្ថាន​ទូតជា​​​អ្នក​​​​នៅ​ពីក្រោយ​យុទ្ធនាការ​នេះ​​អំឡុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ និង​​សកម្មជន​ប្រាំបីរូប​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​​​​តវ៉ា​​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ដំបូង​​​កាលពី​​​​​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​បាន​ប្ដេជ្ញា​បន្ត​​​​​ប្រមូល​ផ្ដុំ​ប្រចាំ​សប្ដាហ៍​​នូវ​អ្នក​តវ៉ា​ស្លៀក​ពាក់​ខ្មៅ​​​ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​ដោះ​​​​លែង​​សហសេវិក​ប្រាំរូប​​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ក្នុង​រឿង​អាស្រូវ​​ផ្លូវ​ភេទ។

លោក វន់ ពៅ ប្រធាន​​​សមាគម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​​សមាជិក​ភាគ​ច្រើន​​​របស់​​ខ្លួន​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់បី​ ត្រូវ​​​​​​​នគរ​បាល​សួរ​នាំ​កាលពី​ម្សិលមិញ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​វោហារសាស្ត្រ​​កាល​ពី​ថ្ងៃ​អង្គារ​ប្រឆាំង​យុទ្ធនាការ​នេះ ដោយ​ព្រមាន​ថា អ្នក​ដែល​បោះ​ពុម្ព​​ ឬ​​ផ្តល់​​​ប្រាក់​​​​សម្រាប់​​បោះពុម្ព​​​​​​អាវយឺត​ពណ៌ខ្មៅ​ “​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​”។

លោក វីលៀម ហេដ ឯកអគ្គរដ្ឋ​​​ទូត​​​សហរដ្ឋ​​​អាមេរិក (ឆ្វេង) មាន​​​ប្រសាសន៍​​​ជា​​​មួយ​​​លោក ប្រាក់​​​ សុខុន រដ្ឋ​​​មន្ត្រីក្រសួង​​​ការ​​​បរទេស​​​អំឡុង​​​ជំនួប​​​មួយនៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី​​​
លោក វីលៀម ហេដ ឯកអគ្គរដ្ឋ​​​ទូត​​​សហរដ្ឋ​​​អាមេរិក (ឆ្វេង) មាន​​​ប្រសាសន៍​​​ជា​​​មួយ​​​លោក ប្រាក់​​​ សុខុន រដ្ឋ​​​មន្ត្រីក្រសួង​​​ការ​​​បរទេស​​​អំឡុង​​​ជំនួប​​​មួយនៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី​​​

លោកប្រាប់​​​​​​​ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​​​​​នគរ​​​​​​​​​បាល​​​​​​រដ្ឋបាល​​​សង្កាត់​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​សែនសុខ វេលាម៉ោង​ប្រហែល​៩ព្រឹក​​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា សមាគម​​​​របស់​លោក​ជា​អ្នក​បោះពុម្ព​អាវ​យឺត​ខ្មៅ​​សម្រាប់​អ្នក​តវ៉ា​ពាក់ ជា​ការ​អះអាង​ដែល​​​លោក​​បដិសេធ​។

លោក​លើក​ឡើង​ថា ការ​សង្ស័យ​របស់​នគរ​បាល​​​បណ្ដាល​មក​​​​​​ពី​រូប​ថត​មួយ​សន្លឹក​បង្ហោះ​តាម​ហ្វេសប៊ុកដែល​​​​​បង្ហាញពី​គំនរ​អាវ​​ពណ៌​ខ្មៅ​​នៅ​ពី​លើ​ចំណង​ជើង​អំពាវនាវ​ឲ្យ​អ្នក​តវ៉ា​​ទៅ​យក​អាវ​ទាំង​នោះពី​​ Solidarity House ដែល​ជា​ទីធ្លា​ការិយាល័យ​រួម​សម្រាប់​​អង្គការ​សិទ្ធិ​មនុស្ស​​ជាច្រើន​ រួម​ទាំង​សមាគម​របស់​លោក​ផង​។

លោក​​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “​គេ​បាន​សួរ​នាំខ្ញុំ​ថា​ តើ​​ Solidarity House របស់​យើង​ជា​អ្នក​បោះ​ពុម្ព​អាវ​យឺត​ខ្មៅ​​ទាំង​នោះ​ឬ​​មិន​មែន​។ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា យើង​​មិន​បាន​បោះពុម្ព​អាវ​យឺត​ទាំង​នោះ​ទេ ហើយ​​​យើងក៏​មិន​ដឹង​ថា​នរណា​ជា​អ្នក​បោះពុម្ព​វា​ដែរ​”។ លោក​​​​​​​​​បញ្ជាក់​​​​​​ថា សមត្ថកិច្ច​​​​​បាន​​​​​​ដោះ​​លែង​​​​លោក​​​មក​វិញ​​បន្ទាប់ពី​​សួរ​នាំ​អស់​១​ម៉ោង​កន្លះ។

លោក ហេង សំអ៊ន អគ្គលេខាធិការ​នៃ​សមាគម​របស់​លោក វន់ ពៅ ឲ្យ​​​ដឹង​​​ថា នគរ​បាល​ក៏​បាន​​ចុះទៅ​ឆែក​ឆេរ​នៅការិយាល័យ​របស់ Solidarity House ដែរ​​ បន្ទាប់ពី​​សួរ​នាំ​រួច​ ប៉ុន្តែ​រក​មិន​ឃើញ​អាវ​យឺត​​ដែល​មាន​​​សារ​ថា “​កាន់​ទុក្ខ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​” ដែល​ពួកគេ​កំពុង​រក​ឡើយ​។

លោកបាន​​​បន្ត​​​​​​ថា “​បន្ទាប់ពី​សួរនាំ​គាត់​រួច នគរ​បាល​ក៏​មក​ឆែក​ឆេរ​​ការិយា​ល័យ​របស់​យើង ហើយ​យើង​​បានអនុញ្ញាត​ឲ្យ​ពួកគាត់​ឆែកឆេរ ប៉ុន្តែ​ពួកគាត់​រក​មិន​ឃើញ​អ្វី​ទេ”​ហើយ​​​​​​​នគរ​បាល​​និយាយ​ថា ខ្លួន​គ្រោង​​​​​​កោះ​​ហៅ​សមាជិក​​នៃ​សមាគម​នេះ​បន្ថែម​ទៀត។

​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​បាន​បញ្ជាក់​ថា លោក វន់ ពៅ ពិត​ជា​ត្រូវ​បាន​សួរ​នាំ​មែន​ពាក់​ព័ន្ធ​ការ​សង្ស័យ​ថា គាត់​អាច​ជាប់​ពាក់​ព័ន្ធ​​ការ​បោះ​ពុម្ព​អាវ​យឺត​ទាំង​នោះ ប៉ុន្តែ​​​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ។

​ក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​​ការ​បរទេសកម្ពុជា ​កាលពី​ម្សិលមិញ លោក វីលៀម ហេដ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​បាន​ចុះ​ផ្សាយ​តាម​​​​​​ប្រព័ន្ធ​​​​​​​​​​អុីនធឺណិត​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែល​អះអាង​ថា ស្ថានទូត​សហរដ្ឋអាមេរិក​​​ជា​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដោយ​​​សម្ងាត់ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​​របស់​​​លោក ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​​នេះ​។

អ្នក​នាំពាក្យ​រូប​នេះ​​មាន​ប្រសាសន៍​ថា “ឯក​អគ្គរដ្ឋទូត​អាមេរិក​​ បាន​បដិសេធ​ដាច់​អហង្ការ​​​​ថា ​ស្ថានទូត​អាមេរិក​ មិន​បាន​​អំពាវ​នាវ​​​ឲ្យ​អ្នក​ធ្វើ​យុទ្ធនាការ​​​​​ទាំង​នោះ​​ស្លៀក​ពាក់​ខ្មៅ​ទេ។ វា​មិន​ដូច​​អ្វី​​ដែល​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយ​​ទេ។ ទោះ​បី​ជា​អាមេរិក​គាំទ្រ​សង្គមស៊ីវិល​ក៏ដោយ ក៏​ខ្លួន​យល់​ច្បាស់​ណាស់​​​ថា នេះ​មិន​មែន​ជា​បញ្ហា​ដែល​អាមេរិក ​គួរ​​ពាក់​ព័ន្ធ​ឡើយ មាន​ន័យថា ការ​ជំរុញ​យុទ្ធនា​​​ការ​ប្រឆាំង​​​​រដ្ឋាភិបាល​”។

Fresh News ដែល​​​​​​ជា​​​​​​គេហទំព័រ​ក្នុង​ស្រុក​ដ៏ល្បីល្បាញ​​បាន​​ចុះ​ផ្សាយ​អត្ថបទ​មួយ​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ក្រោម​​​ចំណង​ជើង​ថា “មេខ្លោង​​នៅ​ពីក្រោយ​បដិវត្តន៍​ពណ៌​ខ្មៅ​បង្ហាញ​​​​មុខ​នៅ​កម្ពុជា​” អម​ដោយ​ដ្យាក្រាម​​ភ្ជាប់​រដ្ឋា​ភិបាល​​សហរដ្ឋអាមេរិក ​ទៅ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេងៗ និង​រូប​ថត​លោក វីលៀម ហេដ ​​ជួប​ជាមួយ​អ្នក​តស៊ូមតិ​​ការ​ពារ​សិទ្ធិ​មនុស្ស​សំខាន់ៗ​កាលពី​សប្ដាហ៍​មុន​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ លោក វីលៀម​ ហេដ គ្រាន់​តែ​មាន​ប្រសាសន៍​ថា លោក​បាន​លើក​ឡើង​អំពី​ “​ស្ថានភាព​​នយោបាយ​បច្ចុប្បន្ន​” រួច​ហើយ​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក ប្រាក់ សុខុន។

អំឡុង​សុន្ទរកថា​មួយ​​ធ្វើ​ឡើង​នៅ​រាជ​ធានី​​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គការ លោក ហ៊ុន សែន បាន​ប្រកាសថា លោក​នឹង​ហាម​ឃាត់​​ការ​តវ៉ា​​ពេល​ខាង​មុខ​ណា​ដែល​អ្នក​ចូល​រួម​​ស្លៀក​ពាក់​ពណ៌​ដូចៗ​គ្នា​។ លោក​ក៏​បាន​ព្រមាន​ដែរ​​​​​​​​​​​​​​ថា អ្នក​ជាប់​ពាក់​ព័ន្ធការ​​បោះពុម្ព​​អាវយឺត​ខ្មៅ​ក្នុង​គោល​បំណង​សម្រាប់​អ្នក​តវ៉ា​​​ពាក់ អាច​នឹង​ត្រូវ​តាម​ប្រមាញ់​។

​លោក​មាន​ប្រសាសន៍​ថា “​​អ្នក​ដែល​​​ផ្តល់​លុយ ឬ​អ្នក​​កំពុង​បោះពុម្ព​អាវយឺត​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​ ព្រោះ​យើង​​​​កំណត់​អត្តសញ្ញាណ​​អ្នក​ឯង​បាន​ច្បាស់​ណាស់” ហើយ​សមត្ថកិច្ច​នឹង​មិន​​​បណ្តោយ​​​​​​ឲ្យ​សេរីភាព​បញ្ចេញ​មតិ​រំខាន​​​​​​ដល់​​​​សន្តិភាព និង​ស្ថិរភាព​ឡើយ។

សូម​​​រំឮក​​​ថា យុទ្ធនាការ​​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​​បាន​ចាប់​ផ្ដើម​ក្រោយ​ការ​ដាក់​ពន្ធនាគារ​មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​មកពី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​លោក នី ចរិយា អតីត​មន្ត្រី​សមា​គម​នេះ​ ដែលកាលពី​ពេល​ថ្មីៗ​នេះ​​​​​​​បាន​ក្លាយ​​​ជា​អគ្គលេខាធិការ​រង​​នៃ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។ មេឃុំ​គណ​​បក្ស​ប្រឆាំង​មួយ​រូប​​ក៏​ជាប់​ពន្ធនាគារ​ដែរ​នៅ​ក្នុង​សំណុំរឿង​នេះ។

ការ​ចាប់​ខ្លួន​​មនុស្ស​ជាច្រើន​នេះ​​កើត​មាន​ឡើង​ស្រប​ពេល​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ (ACU) ​​ស៊ើបអង្កេត​​ការ​អះអាង​ថា សមាគម​​​នេះ​​បាន​ឃុបឃិត​គ្នា​សូកប៉ាន់​ស្រី​កំណាន់​ម្នាក់​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ជា​​​​​​ថ្នូរនឹងការឲ្យនាង​បដិសេធ​ស្នេហា​លួច​លាក់​របស់​ខ្លួន​។ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​មួយ​រូប​​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ​ដែរ​នៅ​ក្នុង​សំណុំរឿង​នេះ​។

លោក កឹម សុខា និង​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ពីរ​រូប​​ទៀត​ត្រូវ​បាន​កោះហៅ​ទៅ​​​​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ពាក់​ព័ន្ធ​រឿង​អាស្រូវ​នេះ ប៉ុន្តែ​ពួកគាត់​បាន​​​​​​បញ្ជាក់​​​​​​​ជំហរ​​​​​​​​​ថា​នឹង​មិន​ចូលខ្លួន​ឡើយ​៕ សុខុម​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស