29.3 C
Phnom Penh

ឯកអគ្គ​​​រាជ​​​ទូត​​​ប្រចាំ​ប្រទេស​​​អូស្ត្រាលី​​​​ប្រឈម​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​ការបរទេស​​​បាន ​​​ប្រាប់​​​ឲ្យ​​​ឯកអគ្គ​​​រាជ​​​ទូត​​​កម្ពុជា​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា គាត់​​​ និង​​​បុគ្គលិក​​​របស់គាត់​បាន​​​និង​​​កំពុង​​​លក់គ្រឿង​​​ស្រវឹង និង​​​បារី​​​​​​​ដោយ​​​រួច​​​ពន្ធ​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដោយ​​​ខុស​​​ច្បាប់​​​ទៅ​​​ឲ្យ​​​ហាង​​​មួយ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែលបឺន​​​​​។

​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា កង​​​កម្លាំង​​​ការ​​​ពារ​​​ព្រំដែន​​​អូស្ត្រាលី​កំពុង​​​តែ​​​សើុប​​​អង្កេត​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ទី​​​ក្រុង​​​កង់​​​​​​បេរ៉ា​​​ និង​​​ហាង​​​លក់​​​ស្រា​​​ និង​​​បារី​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន  អស់​​​​​​រយៈ​​​ពេល​​​៦​​​ខែ​​​មក​​​ហើយ​​​ជុំ​​​វិញ​​​ការ​​​សង្ស័យ​​​ដែល​​​ថា ទំនិញ​​​នាំ​ចូល​​​រួច​​​ពន្ធ​​​សម្រាប់​​​សម្រាប់​​​បុគ្គលិក​​​ស្ថាន​​​ទូត​​​ត្រូវ​​​បាន​​​លក់​​​ជូន​​​សាធារណជន​​​។​​​​​​

លោក ជុំ សុន្ទរី អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការ​​​បរទេស​​​និង​​​ជា​​​អតី​​​ត​​​ឯកអគ្គរាជទូត​​​​ប្រចាំ​ប្រទេស​អូស្ត្រាលី​​​បាន​​​លើក​​​ឡើង​​​ថា ក្រសួង​បាន​ប្រាប់​​លោក កុយ គួង ​ឲ្យ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។

cam-photo-koy-kuongលោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ឥឡូវ​​​ក្រសួង​​​កំពុង​​​តែ​​​រង់​​​ចាំ​​​ការ​​​បញ្ជាក់​​​ពី​​​ឯក​​​ឧត្តម​​​កុយ គួង​​​ ព្រោះ​​​​​​យើង​​​ទើប​​​តែ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​នេះ​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ​​​…ក្រសួង​​​បាន​​​ណែនាំ​​​ឲ្យ​​​ឯកទឧត្តម​​​ កុយ គួង​​​ ឆ្លើយ​​​តប​​​នឹង​​​ព័ត៌​​​មាន​​​នោះ​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​លើ​​​ប្រធាន​​​បទ​​​នេះ​​​ឡើយ​​​។

អត្ថបទ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​អះ​​​អាង​​​ថា គ្រឿង​​​ស្រវឹង និង​​​បារី​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដែល​​​មន្ត្រី​​​ស្ថាន​​​ទូត​​​បាន​​​បញ្ជា​​​ទិញ​​​តាម​​​រយៈ​​​ហាង​​​ Unique International ជា​​​ហាង​​​លក់​​​ទំនិញ​​​រួច​​​ពន្ធ​​​មិន​​​ដែល​​​ត្រូវបាន​យក​​​ចេញ​​​ពី​​​ហាង​​​នេះ​​​ទេ ហើយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ត្រូវ​​​បាន​​​លក់​​​សម្រាប់​​​ផល​​​ចំណេញ​​​យ៉ាង​​​ច្រើន​​​។

អត្ថបទ​​​នេះ​​​លើក​​​ឡើង​​​ថា “[ផលិតផល]​​​​​​បាន​រក្សា​​​ទុក​​​នៅ​​​ហាង​​​នេះ​​​​​​​ ហើយ​​​ត្រូវ​​​បាន​​​លក់​​​ក្នុង​​​តម្លៃ​​​លក់​​​រាយ​​​​​​នៅក្នុង​ផែនការ​ដែល​​​គេ​​​ប៉ាន់​​​ប្រមាណ​​​ថា ចំណេញ​​​​​បាន​រហូត​​​ដល់​​​២០០​​​.០០០ដុល្លារ​​​”។

ស្ថាន​​​ទូត​​​នានា​​​ដែល​​​កំពុង​​​តែ​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​កំណត់​​​ឲ្យ​​​នា​​​ំ​​​ចូល​​​ស្រា​​​២៦០លីត្រ​​​ ស្រាបៀរ​​​​​​១.០០០​​​លីត្រ​​​ និង​​​បារី​​​​​២០.០០០​​​ដើម​​​ រៀង​រាល់​​​៦​​​​​ខែ​​​ម្តង​​​ នេះ​​​បើយោង​​​តាម​​​ក្រសួង​​​ការបរទេស​​​​​​និង​​​គេហទំព័រ​​​ពាណិជ្ជកម្ម​​​របស់​​​ប្រទេស​​​នេះ​​​។

គេហទំព័រនេះ​បាន​លើក​ឡើង​បន្តថា​ បុគ្គល​​​ដែល​​​ជាប់​​​ទណ្ឌកម្ម​​​ជាក់លាក់​ ដូច​​​ជា​​​ឯកអគ្គ​​​រាជ​​​ទូត ឬឯកអគ្គរដ្ឋ​​​ទូត​​​ជា​​​ដើម​​​ក៏​​​អាច​​​នាំ​​​ចូល​​​អ្វី​​​ៗ​​​ទាំង​​​អស់​​​នោះបាន​​​​ពាក់​​​កណ្តាល​​​ដែរ​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​​​រាល់​៦​​​ខែ​​​ម្តង​​​។

លោក កុយ គួង ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​មិន​​​បាន​​​​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​ឡើយ​​​​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​បាន​​​ប្រាប់​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​ Fresh News ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ “គួរ​​​ឲ្យ​​​អស់​​​សំណើច​​​”។ ​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​​​​ស្ថាន​​​ទូត​​​នេះ​​​ក៏​​​មិន​​​អាច​​​​​​ ទាក់​​​ទង​​​បាន​​​ដែរ​​​។

តំណាង​​​ហាង Unique International មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។

ការ​​​ផ្សព្វ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​រយៈ​​​ពេល​​​១ម៉ោង​​​លើ​​​គេ​​​ហទំព័រ​​​យូធូប​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ម្ចាស់​​​ហាង​​​នេះ​ឈ្មោះ សេង តាំង​​​ និយាយ​​​រៀប​​​រាប់​​​ពី​​​ប្រវត្តិ​​របស់​​​ខ្លួន​​​​​​​​​​ជា​​​ពល​​​ករ​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ លោក សេង តាំង​​​ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំណេញ​​​មួយផ្នែក​​​ទៅ​​​ឲ្យ​​​វត្ត​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ និង​​​អង្គការ​​​មនុស្ស​​​ធម៌​​​ ដូច​​​ជា​​​កាក​​​បាទ​​​ក្រហម​​​ជា​​​ដើម៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស