28.5 C
Phnom Penh

ភ័ស្តុតាង​របស់​ចៅក្រម​អបយស​ត្រូវ​បាន​តម្កល់​ទុក​ជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ តុលាការ​ក្រុង​ភ្នំពេញ​បាន​លុប​ចោល​សំណើ​មួយ​ទៀត​ពី​ពាណិជ្ជករ​អង់គ្លេស​ដែល​ជាប់​រឿង​ក្តី គឺ លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) សុំ​ឲ្យ​ស៊ើបអង្កេត​ឡើង​វិញ​នូវ​ភ័ស្តុតាង​ទាំង​អស់​ដែល​ប្រមូល​បាន​ដោយ​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​អបយស ក្នុង​រឿង​ក្តី​ឆបោក​មួយ ដែល​ឃើញ​លោក ហ្វ្រីយ៉េត ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​បី​ឆ្នាំ​ហើយ។

ក្នុង​នីតិវិធី​តុលាការ​បន្ត លោក ហ្វ្រីយ៉េត និង​សហ​ចុង​ចោទ​បួន​នាក់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ ដើម្បី​ទទួល​បាន​ដី​សម្រាប់​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​របស់​លោក គឺ​ក្រុមហ៊ុន International Green Energy (IGE)។ លោក អាំង មាលតី ដែល​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​ដំបូង​លើ​ក្រុមហ៊ុន IGE នៅ​ពេល​ធ្វើ​ជា​ប្រធាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​តុលាការ​ក្រុង មុន​ពេល​ត្រូវ​បាន​ដក​ហូត​តំណែង​របស់​លោក និង​ជាប់​ចោទ​ពី​បទ​ពុក​រលួយ​កាលពី​ឆ្នាំ​មុន។

លោក ហ្វ្រីយ៉េត បាន​ប្រាប់​ព្រះរាជអាជ្ញា លី សុវណ្ណា ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ​ថា “បំណង​ជា​រួម​នៃ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ័ស្តុតាង​ឡើង​វិញ​គឺ​ឲ្យ​អ្នក​ពិនិត្យ​ឡើង​វិញ ប្រសិនបើ​អ្នក​មាន​ឋានៈ​ផ្លូវ​ច្បាប់”។

ដោយ​បញ្ជាក់​ថា ការ​ពាក់ព័ន្ធ​ដ៏​អាក្រក់​របស់​លោក មាលតី ក្នុង​រឿង​ក្តី​នេះ​ត្រូវ​បាន​ចងក្រង​ឯកសារ​យ៉ាង​ច្បាស់​ដោយ​អតីត​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រុម​មន្ត្រី និង​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ​នោះ លោក​បាន​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​រូប​នេះ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រើ​ភ័ស្តុតាង​នោះ ហើយ​ចាប់​ផ្តើម​ជាថ្មី។

លោក​បាន​ក្រើន​រំឭក​លោក សុវណ្ណា ថា “កុំ​ទុក​ចិត្ត​លើ អាំង មាលតី បើ​ពុំ​នោះ​ទេ លោក​អាច​ជាប់ [ពន្ធនាគារ] ជាមួយ​គាត់”។

ចៅក្រម ជួន សុខរាសី បាន​បដិសេធ​សំណើ​របស់​លោក ហ្វ្រីយ៉េត ដោយ​បាន​លើក​ឡើង​ថា ការ​ស្នើ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​បដិសេធ​ចោល​ពី​មុន​រួច​ហើយ និង​បាន​បញ្ជាក់​ថា សកម្មភាព​បែប​នេះ​នឹង​គ្រាន់តែ​ធ្វើ​ឲ្យ​យឺត​ដល់​នីតិវិធី​ប៉ុណ្ណោះ។

ជំហាន​យឺត​យ៉ាវ​នៃ​រឿង​ក្តី​នេះ​បាន​ធ្វើ​ឲ្យ​ចុង​ចោទ​ជាប់​ឃុំ​ដោយ​គ្មាន​ការ​កាត់​ទោស​រយៈ​ពេល​រវាង​៣៨​ទៅ​៤០​ខែ​មក​ហើយ។

លោក​បាន​និយាយ​ថា “ការ​ជំទាស់​ណាមួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រអាក់រអួល​នីតិវិធី តុលាការ​មិន​អាច​ទទួល​បាន​ទេ។ ផ្អែកលើ​មូលហេតុ​និង​ការ​យល់​ដឹង​នៃ​ក្រម​ព្រហ្មទណ្ឌ តុលាការ​បាន​សម្រេច​បដិសេធ​សំណើ​របស់​លោក ហ្គ្រេក ថូម៉ាស ហ្វ្រីយ៉េត”។

នៅ​ពេល​រសៀល ការ​សាកសួរ​បាន​បង្វែរ​ទៅ​លើ​ការ​ក្លែង​ផែនទី​ដោយ​ក្រុមហ៊ុន IGE ទាក់ទិន​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត​បាត់​ដំបង ដែល​ទីតាំង​ទាំង​ពីរ​ត្រូវ​បម្រុង​ទុក​ប្រើ​ធ្វើ​ជីវ​ឥន្ធនៈ។

សេចក្តីថ្លែងការណ៍​ចុះ​ហត្ថលេខា​បី​ឆ្នាំ​មក​ហើយ​ពី​លោក ហ្វ្រីយ៉េត នាយក​ក្រុមហ៊ុន IGE គឺ​លោក អ៊ុំ សំអាង និង​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ ប៉ូច គង្គា ទទួល​យក​ដោយ​លោក មាលតី នៅ​ឆ្នាំ​២០១៣ ក៏​ត្រូវ​បាន​អាន​ទាំង​ស្រុង​នៅ​មុខ​តុលាការ​ដែរ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក លោក សំអាង បាន​និយាយ​ថា លោក​បាន​ប្រាប់​អ្នក​ស្រី គង្គា ឲ្យ​កែប្រែ​ផែនទី​នៃ​សម្បទាន​ដី​៥.០៧៩​ហិកតា។ លោក សំអាង បាន​ថ្លែង​ថា លោក​បាន​ធ្វើ​តាម​សំណើ​របស់​លោក ហ្វ្រីយ៉េត។

និយាយ​នៅ​ក្រៅ​តុលាការ លោក ហ្វ្រីយ៉េត បាន​ច្រាន​ចោល​ការ​អះអាង​ក្នុង​ឯកសារ​នោះ​ថា​ជា “ការ​លេង​ពាក្យ” ដោយ​ចេតនា​របស់​លោក មាលតី។

លោក​បាន​និយាយ​ថា “មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ជា​ពិសេស​នោះ​ទេ។ មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​នោះ​ទេ។ វា​ស្រេច​ទៅ​លើ​ការ​បកស្រាយ​ប៉ុណ្ណោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស