26 C
Phnom Penh

សាលា​ដំបូង​រាជធានី​​ភ្នំពេញសាកសួរ​លោក​ អ៊ូ វីរៈ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោ​បាយ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ម្សិលមិញ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​​ ដែល​ប្ដឹង​រូប​លោក​កាលពី​​ខែ​មុន​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​​ក្នុង​បណ្តឹង​នោះ​អះអាង​ថា លោក​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ “​សេចក្ដី​ថ្លៃថ្នូរ” របស់​គណបក្ស​កាន់​អំណាច​​​​នៅ​ក្នុង​​បទសម្ភាសន៍​​ជាមួយ​វិទ្យុ​មួយ​។

លោក អ៊ូ វីរៈ ​ដែល​ជា​ប្រធាន​​អង្គការ​វេទិកា​​អនាគត​ ​ត្រូវ​បាន​ប្ដឹង​ជុំវិញ​ការ​អត្ថា​ធិប្បាយ​​ចាក់​ផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​ខែ​មុន នៅ​ពេល​​នោះ​លោក​លើក​ឡើង​ថា រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​ពាក់​ព័ន្ធ​លោក កឹម ​​សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​នយោ​បាយ​ដោយ​គណបក្ស​កាន់​អំណាច។

ពាក្យ​បណ្ដឹង​នេះ​បាន​ដក​ស្រង់​សម្ដី​លោក អ៊ូ វីរៈ ដែល​បាន​និយាយ​ថា “យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាចនៅពេល​នេះ គឺ​​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​​”។

លោក អ៊ូ វីរៈ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​លើក​ឡើង​ថា ”​ការ​ដែល​​​គណ​បក្ស​ប្រជា​​​​​ជន​កម្ពុជារវល់​គិត​គូរ​បំបាក់​គូប្រកួត​​​​ប្រជែង​នយោបាយ​តាម​របៀប​​នេះ​នឹងកាន់តែ​ធ្វើ​​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​មន្ត្រី​​នៅ​ក្នុង​គណបក្ស​នេះ​មួយ​ចំនួន ក៏​មិន​ចូល​ចិត្ត​ចំពោះ​​​យន្តការ​នេះ​​ដែរ​”។ ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​គណបក្ស​កាន់​អំណាច​ទាមទារ​សំណង​១០០.០០០​ដុល្លារ​ពី​លោក អ៊ូ វីរៈ ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្យានុភាព” របស់​គណបក្ស​។

cam-photo-virak-800x533ថ្លែង​នៅ​ខាង​ក្រៅ​តុលាការ​កាលពី​ម្សិល​មិញបន្ទាប់ពី​ការ​សាកសួរ​របស់​ព្រះរាជអាជ្ញា​ លោក​ អ៊ូ វីរៈ បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ពីបទ​បរិហារ​កេរ្តិ៍​នេះ​គ្មាន​មូលដ្ឋាន​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “​គ្មាន​ភ័ស្តុ​តាង​ដែល​បង្ហាញ​ថា វា​ជា​​ការ​បរិហារកេរ្តិ៍​ឡើយ វា​​ជា​ការ​យល់​ច្រឡំ​ចំពោះរូប​​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​បាន​វិភាគ​គឺ​ថា បើ​គណបក្ស​កាន់​អំណាច​​បាត់​បង់​​កិត្តិយស​ ឬ​ប្រជាប្រិយភាព ប្រជាពលរដ្ឋ​​យល់ហើយ​”។ ​លោក​ថ្លែង​ថា ”​ខ្ញុំ​បាន​ច្រាន​ចោល​បណ្ដឹង​នោះ ហើយ​ខ្ញុំ​បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​កុំ​បន្ត​ករណី​នេះ”។

លោក​បាន​បន្ថែម​ថា លោក​ត្រូវ​បាន​សួរ​ជា​សំខាន់​ផ្ដោត​លើ​​លក្ខណៈ​ពិត​នៃ​ការ​អត្ថា​ធិប្បាយរបស់​លោក​ជាមួយ​វិទ្យុ​អាស៊ីសេរី។ បើ​ទោះ​ជា​លោក​បដិសេធ​ថា លោក​មិន​បាន​ចោទ​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ថា បាន​រៀប​ចំ​​រឿង​អាស្រូវ​​ផ្លូវ​ភេទ​ក៏ដោយ ក៏​លោក អ៊ូ វីរៈ បាន​សួរ​​ថា​តើ​នរណា​​​ទៀត​ដែល​អាច​នៅ​ពី​ក្រោយ​​​​​ការ​រុកគួន​លោក​ កឹម សុខា​​ ​បុគ្គលិក​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំងដែលមាន​ចំនួន​​កាន់​តែ​កើន​ឡើង​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​តាម​ផ្លូវ​តុលាការ​ដែរ​។ ​​

ដោយ​សំដៅ​ដល់​តួនាទី​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​តាម​រុក​គួន​​លោក កឹម សុខា ​​​នោះ​ លោក​បាន​មាន​ប្រសាសន៍​ថា “​បើ​គណបក្ស​កាន់​អំណាច​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ តើ​នរណា​ជា​អ្នក​សម្រេច? ​​​ ដូច្នេះ​វា​ជា​រឿង​ពិត​”។

លោក អ៊ូ វីរៈ បាន​ថ្លែង​ថា បើ​ទោះ​ជារឿង​​ក្តី​របស់​លោក​​ជា​ហេតុ​ផល​នយោបាយ​ច្បាស់​ក្រឡែត​ក៏ដោយ តែ​វា​បាន​ផ្ដល់​​ឱកាស​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បង្ហាញ​​ថា ​អ្នក​រិះគន់​​របស់​ខ្លួន​​ខុស​។ លោក​​ថ្លែង​ថា ”​ប្រសិន​បើ​ដូច​នេះ​ ពួកគេ​អាច​បង្ហាញ​ថា ពួកគេ​លែង​មាន​ការ​គ្រប់​គ្រង​​​លើ​ប្រព័ន្ធ​តុលាការ​ទៀត​ហើយ។ ប៉ុន្តែ​វា​ហួស​​​ពី​រឿងក្តី​របស់​ខ្ញុំ​​​ក្នុង​ការ​បង្ហាញ​​​បែប​នេះ​”។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​ព្រះ​រាជ​អាជ្ញា​​បាន​មាន​ប្រសាសន៍​ត្រឹម​តែ​ថា ករណី​នេះ​នឹង​ “បន្ត​តាម​​នីតិវិធី​” ហើយ​បាន​បដិសេធ​​​​មិន​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​ឡើយ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ដំបូង​តាង​នាម​គណបក្ស​ ហើយ​ត្រូវ​បាន​​តុលា​​​ការ​​ធ្វើ​ការ​សាកសួរ​កាលពី​សប្ដាហ៍​មុន​បាន​មាន​​​​​ប្រសា​សន៍​ថា ការ​អត្ថាធិប្បាយ​របស់​លោក អ៊ូ វីរៈ ហួស​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​​​​​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់។

លោក​​មាន​ប្រសាសន៍​ថា ”​ភ័ស្តុតាង​ដែល​យើង​ផ្ដល់​ឲ្យ​តុលាការ​គឺ​ច្បាស់​ពិត​ប្រាកដ​។​​ប្រជាពលរដ្ឋ​​ច្រើនណាស់​​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដូច្នេះ​​ប្រជាពលរដ្ឋ​​អាច​ទទួល​បាន​គំនិត​ ហើយ​​​​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​អ្វី​ៗ​នៅ​ពីក្រោយ​​ករណី​ស្រីកំណាន់​នេះ”។

លោក​​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​​ចាប់ខ្លួន​ពាក់​ព័ន្ធ​​បណ្តឹង​នេះ។ លោក​បន្ថែម​ថា យើ​ងបាន​ឃើញ​​​យ៉ាង​ច្បាស់​ថា ការ​អត្ថាធិប្បាយ​របស់​គាត់​ហួស​ពី​រដ្ឋធម្មនុញ្ញ និង​ផ្លូវ​ច្បាប់ ប៉ុន្តែ​ត្រូវ​រក​ឲ្យ​ឃើញ​​​​​​ថាតើ​វា​ជា​ការ​បរិហារកេរ្តិ៍​មែន​ឬមិនមែន​ យើង​​​​​​ទុក​ឲ្យ​តុលាការ​ធ្វើ​ការ​ងា​រនេះ​ចុះ”៕ សារុន​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស