រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានផ្ញើរលិខិតទៅលោកគុជ លីតំណាងស្ថាបនិកគណបក្សកែម ឡី ឲ្យបំពេញលក្ខខណ្ឌនានាដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មីនិងមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយ។
នៅក្នុងលិខិតរបស់លោកស ខេងបញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្សកែម ឡី។
ដើម្បីទទួលបានភាពត្រឹមត្រូវនិងសុពលភាពព្រមទាំងអាចធ្វើសកម្មភាពស្របតាមច្បាប់ លុះត្រាតែក្រុមថ្នាក់ដឹកនាំនៃគណបក្សនេះបំពេញលក្ខខណ្ឌនានា ដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
មាត្រា១១ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយបានចែងថា ឈ្មោះរបស់គណបក្សនយោបាយមិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយហើយគណបក្សមិនត្រូវយករូបភាពរបស់បុគ្គលមកប្រើប្រាស់ឡើយ។
កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨នេះលោកកែមរិទិ្ធសិត ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិតកែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថាគណបក្សកែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភានៅខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
លោក កែម រិទ្ធិសិតអះអាងថាការបង្កើតគណបក្សកែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែយកឈ្មោះលោកបណ្ឌិតកែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយ។
ទោះជាយ៉ាងណាក៏ដោយភរិយារបស់លោកកែម ឡី គឺអ្នកស្រី ប៊ូ រចនា បានជំទាស់ដាច់ខាតក្នុងការយកឈ្មោះប្តីរបស់អ្នកស្រីមកបង្កើត ជាគណបក្សនយោបាយដោយមិនបានប្រាប់អ្នកស្រីសូម្បីមួយម៉ាត់សោះ។
អ្នកស្រីបញ្ជាក់ថាគ្រួសាររបស់អ្នកស្រីមិនពេញចិត្តឡើយចំពោះការធ្វើដូច្នេះ៕