29 C
Phnom Penh

ព្រះសង្ឃ​ដែល​ចូលរួម​រំលឹក​ខួប ៨​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ត្រូវ​បាន​បណ្ដេញ​ចេញពី​វត្ត​ដំរីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជព្រះគុណ សាំង រិទ្ធី ដែល​សកម្ម​ក្នុង​ការ​ចូលរួម​ការងារ​សង្គម និង​ចូលរួម​រំឭក​ខួប ៨​ឆ្នាំ​នៃ​ការ​ស្លាប់​បណ្ឌិត កែម ឡី ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ដំរីស ក្រុង​បាត់ដំបង បណ្ដេញ​ចេញ​ពី​វត្ត។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ព្រះ​ចៅអធិការ​វត្ត​ដំរីស ព្រះនាម ផុន សុខគា បាន​បណ្ដេញ​ព្រះតេជព្រះគុណ សាំង រិទ្ធី ចេញពី​វត្ត បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​យុទ្ធនាការ​រំឭក​ខួប ៨​ឆ្នាំ​របស់​បណ្ឌិត កែម ឡី និង​ចូលរួម​សកម្ម​ក្នុង​កិច្ចការ​សង្គម​ផ្សព្វផ្សាយ​ពី​សីល​៥ កន្លង​មក។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥​ខែ​កក្កដា ដោយ​អំពាវនាវ​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​ដំរីស ព្រះនាម ផុន សុខគា ពិចារណា​ឡើងវិញ​អំពី​ការ​សម្រេច​ចិត្ត​នេះ ដោយ​ថា​វា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ព្រះពុទ្ធ​សាសនា និង​មិន​ស័ក្ដិសម​ជា​ព្រះសង្ឃ​ជា​ស្រែ​បុណ្យ​របស់​ពុទ្ធបរិស័ទ​ឡើយ។

ចំណែក​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ដែរ​ថា ព្រះតេជព្រះគុណ សាំង រិទ្ធី ត្រូវ​ផ្អាក​ការ​សិក្សា​មួយ​រយៈ ហើយ​នៅ​ម៉ោង ៤​ល្ងាច​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៤ ព្រះសង្ឃ​គង់​នៅ​កុដិ​លេខ​៨ វត្ត​ដំរីស ក៏​ត្រូវ​បាន​ចៅអធិការ​ហៅ​ទៅ​ចុះ​កិច្ចសន្យា​ឱ្យ​លែង​ចូលរួម​កិច្ចការងារ​សង្គម​បន្ត​ទៀត ខណៈ​ថ្ងៃទី​១៣ កក្កដា គណៈ​គ្រប់គ្រង​វត្ត រក​បណ្ដេញ​ព្រះអង្គ​ចេញពី​វត្ត ដោយ​ទុក​ពេល​ឱ្យ​ចំនួន ៣​ថ្ងៃ​ដើម្បី​ត្រៀម​ចាកចេញ។

រីឯ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ការ​ហួស​ចិត្ត ដោយ​ថា​សូម្បីតែ​ព្រះសង្ឃ​ក៏​ត្រូវ​បណ្ដេញ​ចេញ​ដើម្បី​រក្សា​អំណាច​ខ្លួនឯង ខណៈ​អ្នក​ខ្លះ​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​វត្ត​ដំរីស រហូត​ដល់​ព្រះតេជព្រះគុណ ផុន សុខគា ចាកចេញ​ពី​វត្ត​នេះ។

ប៉ុន្តែ​មក​ដល់​ពេលនេះ ព្រះសង្ឃ​ដែល​បាន​និមន្ត​ចូលរួម​ធ្វើ​ធម្មយាត្រា និង​ព្រះតេជព្រះគុណ សាំង រិទ្ធី គង់​នៅ​វត្ត​ដំរីស ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាម​ឃ្លាំមើល បន្ទាប់ពី​ព្រះអង្គ និង​យុវជន​ក្នុង​ខេត្ត​បាត់ដំបង បាន​ធ្វើ​ធម្មយាត្រា​អប់រំ​សីល​៥ កាលពី​អំឡុង​ថ្ងៃទី​១០ កក្កដា ដើម្បី​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស