អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្នើឱ្យភាគីបារាំងត្រួតពិនិត្យឡើងវិញ ចំពោះការបោះឆ្នោតយល់ស្របជាមួយបណ្តាប្រទេសចំនួន១៨ទៀត ដែលប្រឆាំងការនាំអង្កររបស់កម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប។
ការស្នើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ខែធ្នូ ក្នុងជំនួបរវាងលោកហោ ណាំហុងជាមួយអនុប្រធានរដ្ឋសភាបារាំងលោកSylvain WAERMANនៅវិមានសន្តិភាព។
លោកហោ ណាំហុងអះអាងថា ប្រទេសអ៊ីតាលី ជាប្រទេសមួយដែលលក់អង្ករនៅក្នុងសហភាពអឺរ៉ុបប្រជែងជាមួយអង្កររបស់កម្ពុជា ប៉ុន្តែមិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាជននៅក្នុងបណ្តាប្រទេសអឺរ៉ុប ដូចអង្កររបស់កម្ពុជានោះទេ ហេតុដូច្នេះហើយបានប្រទេសអ៊ីតាលីគៀរគរនិងស្នើឱ្យសហគមន៍អឺរ៉ុប បិទមិនឱ្យអង្ករកម្ពុជាដាក់លក់អង្ករនៅលើទីផ្សារក្នុងសហគមអឺរ៉ុប។
ក្នុងចំណោមប្រទេសចំនួន២៨នៅសហភាពអឺរ៉ុបមាន១៨ប្រទេសបានបោះឆ្នោតប្រឆាំងការនាំចូលអង្កររបស់កម្ពុជា មិនឱ្យយកទៅលក់នៅទីផ្សារអឺរ៉ុប ក្នុងនោះមានប្រទេសបារាំងផងដែរ។
កាលពីថ្ងៃចុងខែវិច្ឆិកាកន្លងទៅនេះ លោកសុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងជាតំណាងរបស់ក្រសួងពាណិជ្ជកម្មហើយដែលត្រូវជាកូនប្រសាររបស់លោកហ៊ុន សែន ដែរនោះបានទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប(EU)នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជាពីការប៉ុនប៉ងដកការអនុគ្រោះពន្ធលើការនាំចូលអង្ករពីកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធលើអង្ករកម្ពុជាមិនត្រឹមប៉ះពាល់ដល់អ្នកនាំអង្ករចេញទីលក់នៅក្រៅប្រទេសទេកសិករខ្មែរទាំងមូលក៏នឹងប៉ះទង្គិចផងដែរ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបោះឆ្នោតប្រឆាំងរបស់សហភាពអឺរ៉ុប មិនឱ្យកម្ពុជានាំអង្ករចូលមកលក់បន្តទៀតធ្វើឡើងក្រោយពេលសហភាពអឺរ៉ុប ព្រមានម្តងហើយម្តងទៀតឲ្យរបបក្រុងភ្នំពេញស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញ។
ជាងនេះទៅទៀតពួកគេក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទលើកលែងអាវុធឬEBAចេញពីកម្ពុជាផងដែរ ប្រសិនមិនព្រមបើកឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អនុញ្ញាតឱ្យសារព័ត៌មានឯករាជ្យ និងបើកឲ្យសង្គមស៊ីវិលអាចដំណើរការឡើងវិញជាដើម៕