ក្មួយរបស់លោកទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោកទៀ វិចិត្រ បានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ជនជាតិចិនមួយចំនួនដែលបានថតសម្ញែងអួតកាំភ្លើងខ្លីរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គម។
រូបថតដែលលោកទៀ វិចិត្រ បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះមានចំនួនបួនសន្លឹកនៃក្រុមជនជាតិចិនអង្គុយផឹកតែ ជក់បារីលើកៅអីសាឡុងធ្វើពីឈើក្រញួងខ្មៅក្រឹបមានឆ្លាក់ក្បាច់នាគព័ទ្ធជុំវិញ ហើយមានទាំងទង់ជាតិខ្មែរនៅពីក្រោយថែមទៀត ដែលពួកគេបានថតកាន់កាំភ្លើងខ្លីម៉ាកBerettaម្នាក់ម្តងៗ។
លោកទៀ វិចិត្រ ដែលគេហៅថា ជាឧកញ៉ាវ័យក្មេង គឺជាកូនបង្កើតរបស់នាយឧត្តមនាវីទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។ លោកក៏ត្រូវជាបងប្រុសបង្កើតរបស់មេបញ្ជាការរងនៃកងទ័ពជើងទឹកឈ្មោះ ទៀ សុខា ហើយអ្នកទាំងពីរត្រូវជាក្មួយបង្កើតរបស់លោកទៀ បាញ់។
លោកទៀ វិចិត្របានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះដោយចំអកដាក់រូបថតជនជាតិទាំងនោះថា«កុំធ្វើអ៊ីចឹងអី បងប្អូនខ្មែរយើងមិនចូលចិត្តទេ។ ពួកគាត់ខ្លាចណាស់! កែបាន កែទៅ!
ការបង្ហោះរូបថតសម្ញែងអួតកាំភ្លើងដ៏ទំនើបរបស់ក្រុមជនជាតិចិនទាំង នេះធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរទូទៅតែងស្រែកត្អូញត្អែរអំពី អសន្តិសុខសង្គមដែលបង្កឡើងជាច្រើនលើកច្រើនសារដោយក្រុមជនជាតិចិន។ ក្នុងរយៈពេលចុងក្រោយនេះជនជាតិចិនបានអុកឡុកក្នុងសង្គមខ្មែរជាច្រើន ដូចជាការបង្កឲ្យមានករណីឃាតកម្ម អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការគំរាមជំរិតតាមប្រព័ន្ធអ៊ិនធឺណេតជាដើម។
កាលពីថ្ងៃទី២៦វិច្ឆិកា២០១៨ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន៤កន្លែង ស្ថិតក្នុងស្រុកតាំកក់ និងស្រុកបាទី ដោយបានឃាត់ខ្លួនជនបរទេសចំនួន២៣៥នាក់ ក្នុងនោះជនជាតិចិនមានច្រើនជាងគេរហូតដល់ទៅ២៣៣នាក់(ស្រី៣៨នាក់) ព្រមទាំងជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិថៃម្នាក់ទៀត ពីបទឆបោក និងគំរាមជំរិតតាមប្រព័ន្ធទូរគមនាគមន៍ VOIP។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាធ្លាប់សម្តែងការព្រួយបារម្ភចំពោះការហូរចូលនៃជនអន្តោប្រវេសន៍ចិនមកកម្ពុជា ដែលកំពុងកើនឡើងយ៉ាងកំហុកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈអាជ្ញាធរនៅពុំទាន់មានវិធានការច្បាស់លាស់ដើម្បីទប់ស្កាត់ការហូរចូលរបស់ជនជាតិចិនមកកម្ពុជានោះឡើយ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោករ៉ុង ឈុនបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីចុងខែធ្នូថា ជនជាតិចិនដែលចូលមកកម្ពុជាតាមរូបភាពអភិវឌ្ឍន៍ អាចនឹងនាំឱ្យកម្ពុជាជួបហានិភ័យខ្ពស់ នៅពេលអនាគត ស្របពេលដែលបច្ចុប្បន្ន កំណើនជនជាតិចិន បានធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក រួមទាំងប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជាផងដែរ។ លោកស្នើដល់រដ្ឋាភិបាលត្រូវមានវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចិនមកកម្ពុជានេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម សុវត្ថិភាពភ្ញៀវទេសចរណ៍ និងមុខរបររបស់ពលរដ្ឋខ្មែរផងដែរ។
របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាកន្លងទៅបានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន២១ម៉ឺននាក់ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុ មានចំនួនជិត៨ម៉ឺននាក់៕