35 C
Phnom Penh

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ណែនាំ​ឱ្យ​ថ្នាក់​ដឹក​នាំ​កម្ពុជា​តម្កល់​ផល​ប្រយោជន៍​ជាតិ​​ឱ្យធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង ប្រយោជន៍​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​រដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ក្រើន​រំឭក​​របប​ក្រុង​ភ្នំពេញ​ថា ​កម្ពុជា​នៅតែ​មាន​ឱកាស​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ប្រសិន​បើ​របប​នេះ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​លក្ខខណ្ខ​ការងារ​ស្រប​តាម​ការ​ទាម​ទារ​របស់​សហ​ភាព​អឺរ៉ុប។​

សេចក្តី​ថ្លែង​ការ​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្អែក​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​កម្ពុជា ​ឬ​ហៅ​កាត់​ថា  ​EBA​​ ដោយ​សារ​មើល​ឃើញ​ថា​ កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​ នៅ​ក្នុង​រយៈ​ពេល​១៨​ ខែ​កន្លង​ទៅ​នេះ។​

សហ​រដ្ឋ​អាមេរិក​បញ្ជាក់​ថា​ អាមេរិក​ក៏មាន​ការ​ព្រួយ​បារម្ភ​ដូច​សហភាព​អឺរ៉ុប​ដែរ​ ទាក់​ទង​នឹង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ​សិទ្ធិ​ការងារ​ និង​សេរីភាព​របស់​អង្គការ​សមាគម។​

សហ​រដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​

ជាង​នេះ​ទៅ​ទៀត​ សហ​រដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ​និង​ការ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​ទាំងអស់​​ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ ហើយ​អនុញ្ញាត​ឲ្យ​សហជីព​ សារ​ព័ត៌​មាន​ឯករាជ្យ ​និង​ក្រុម សង្គម​ស៊ីវិល​ដំណើរការ​ដោយ​គ្មាន​​ការ​រឹតត្បិត។​

សហ​រដ្ឋ​អាមេរិក​បាន​រំឭក​ជា​ថ្មី​ថា​ របប​ក្រុង​ភ្នំពេញ​នៅ​តែមាន​ឱកាស​នៅ​ឡើយ​ នៅ​ក្នុង​ការ​ចៀស​ផុត​ពី​ទណ្ឌកម្ម​ខាង​ផ្នែក​សេដ្ឋកិច្ច​ នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​នេះ។​

ស្នងការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​គឺ​លោក​ស្រី ​Cecilia Malmström​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​វា​គួរ​តែច្បាស់​ណាស់​ទៅ​ហើយ​ថា​វិធាន​ការ​នៅ​ពេល​នេះ​មិន​មែន​ជា​ការ​សម្រេច​ចុង​ក្រោយ​ទេ​ហើយ​ក៏​មិនមែន​ជា​ទី​បញ្ចប់​នៃ​ដំណើរ​ការ​នោះ​ដែរ​ ប៉ុន្តែ​នាឡិកា​ដំណើរ​ការ​ដក​ EBA​ បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ ហើយ​សហភាព​អឺរ៉ុប​នឹង​ឃើញ​សកម្ម​ភាព​ជាក់​ស្តែង​នៅពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។​

ចំណែក​សហ​រដ្ឋ​អាមេរិក​វិញ​ក៏​បាន​ប្រាប់​ឲ្យ​របប​លោក​ហ៊ុន សែន​តម្កល់​សុខុមាល​ភាព​របស់​ប្រទេស​ឲ្យ​ខ្ពស់ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​និង​ផល​ប្រយោជន៍​នយោបាយ។​

ប៉ុន្តែ​លោក​ហ៊ុន សែន បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ស្ថាន​ភាព​នយោបាយ​ សង្គម ​និង​សេដ្ឋ​កិច្ច​ នៅ​ក្នុង​ប្រទេស​ជាតិ​សព្វ​ថ្ងៃ​គឺ​កំពុង​ឆ្ពោះទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ។​

លោក​បន្ត​ថា​ កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​នោះ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯក​រាជ្យ​ភាព​ និង​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះ​ដូរ​ជាថ្នូរ​នឹង​អ្វីមួយ​នោះ​ដែរ។​ លោក​អះអាង​ថា​ កម្ពុជា​ចង់​ធ្វើ​ជា​មិត្ត​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃ​គូ​នានា​ដែល​ចង់​ឃើញ​កម្ពុជា​កាន់តែ​​រីក​ចម្រើន​ទៅមុខ​ពិត​ប្រាកដ​ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ឡើយ។​

ជាង​នេះ​ទៅ​ទៀត​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សួស យ៉ារ៉ា​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ ដោយ​ហៅ​អនុ​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​អ្នកស្រី​Federica Mogherini​ និង​ប្រធាន​គណៈ​កម្មាធិការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​អ្នក​ស្រី ​Cecilia Malmström​ថា ​ជាជន​ឆ្វេង​និយម​អឺរ៉ុប​ ដែល​កំពុង​ឃុប​ឃិត​ប្រឆាំង​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា។​

រី​ឯ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​ បាន​ពន្យល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​បើ​ទោះបី​ជា​ពេល​នេះ ​ កម្ពុជា​មិន​ទាន់​បាត់​បង់ ​EBA​ នៅ​ឡើយ​ទេ ​ប៉ុន្តែ​អាច​នឹង​បាត់បង់​ទាំង​ស្រុង​នៅ​រយៈ​ពេល​១២​ខែ​ខាង​មុខ​ ប្រសិន​បើ​កម្ពុជា​មិនកែរ​លម្អ​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​នោះ​ទេ។ ​

លោក​បន្ត​ថា ​ថ្វីដ្បិត​ពេល​នេះ​ទ្រនិច​នាឡិកា​ចាប់​ផ្តើម​វិល​ ហើយ​បង្ករ​ ការ​ព្រួយ​បារម្ភ​ដល់​ពាណិជ្ជករ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ក៏​ពិតមែន​ វា​​ក៏​ជា​ឱកាស​មួយ​សម្រាប់​ភាគី​នយោបាយ​ពាក់ព័ន្ធ​អាច​ជជែក​គ្នា​ដើម្បី​ស្វែករក​ដំណោះ​ស្រាយ​ ដែល​អាច​ឈាន​ទៅ​បញ្ជៀស​ការ​ព្យួរ​ EBA​ដែរ។​ លោក​បន្ត​ថា ​កិច្ចការ​នេះ​ត្រូវ​​បាន​ចាត់ទុក​ជា​អាទិភាព​ និង​មិន​គួរ​អូស​បន្លាយ​ពេល​វេលា​ឡើយ។ ​
លោក​បញ្ជាក់​ថា ​បញ្ហា​ EBA​មិនមែន​ជា​បញ្ហា​ពាក់ព័ន្ធ​តែ​ជាមួយ​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ជា​បញ្ហា​ដែល​ជះ​ឥទ្ធពល​ដល់​ពល​រដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ​និង​ប៉ះពាល់​ដល់​អ្នក​ជំនួញ ​ឬ​ពាណិជ្ជ​ករ​ ដែល​វិនិយោគ​នៅ​កម្ពុជា​ជា​ច្រើន​នាក់។​ ដូច្នេះ​ពួក​គេ​មាន​សិទ្ធិ ​និង​កាតព្វ​កិច្ច​ដឹង​ឮ​ឈឺ​ឆ្អាល ​និង​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ ​ដោយ​មិន​គួរ​នៅ​ស្ងៀម​ហើយ​រង់ចាំ​ក្លាយ​ជា​ជនរង​គ្រោះ​នោះ​ឡើយ។​

លោក​បន្ថែម​ថា ​ជម្រើស​នៃ​ដំណោះ​ស្រាយ​ដែល​ល្អ​បំផុតគឺ​ កែ​លម្អ​បញ្ហា​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​តែ​ម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស