31 C
Phnom Penh

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ចាប់​ផ្តើម​ធ្លាក់​ចុះ​ក្រោយ​ពេល​សហគមន៍​អឺរ៉ុប​ចាប់​ផ្តើម​យកពន្ធ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការនាំ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ក្នុង​ខែ​មករា ​ឆ្នាំ​២០១៩​ បាន​ធ្លាក់​ចុះ​៥%​ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨។ ​

របាយ​ការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការ​នាំ​អង្ករ​កម្ពុជា​ចេញ​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៩​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចេញ​ជិត​៦​ម៉ឺន​តោន​ ក្នុង​ខែ​មករា ​ឆ្នាំ​២០១៩​នេះ​ គឺ​បាន​ធ្លាក់​ចុះ​ចំនួន​៥% ​ បើ​​ធៀប​ទៅ​នឹង​ទំហំ​នៃ​ការ​នាំ​អង្ករ​ចេញ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ ជាង​៦​ម៉ឺន​តោន។ ​របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា​  កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​​ជិត​២​ម៉ឺន​៤​ពាន់​តោន​ ទៅ​កាន់​សហភាព​អឺរ៉ុប​និង​ទៅ​ចិន​ជិត​២​ម៉ឺន​តោន​ ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាង​៩​ពាន់​តោន ​និង​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ជាង​៧​ពាន់​តោន។​

ការ​ធ្លាក់​ចុះ​មាន​ទំហំ​ច្រើន​បែប​នេះ ​គឺ​ដោយសារ​សហភាព​អឺរ៉ុប កាលពី​ខែ​មុន​បាន​សម្រេច​​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើវិស័យ​អង្ករ​ ​ពី​កម្ពុជា​ និង​ភូមា។ ​ការ​ចាប់​ផ្តើម​យក​ពន្ធ​ប្រភេទ​អង្ករ​ក្រអូប​លេខ​មួយ​ដោយ​​សហភាព​អឺរ៉ុប​នេះ​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​ជាង​ ៥២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ការ​នាំ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​មាន​ចំនួន​ជិត​២៧​ម៉ឺន​តោន។

សហព័ន្ធ​ស្រូវ​អង្ករ​របស់​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ធ្លាប់​ទទួល​ស្គាល់​ថា ​ការ​សម្រេច​យក​ពន្ធ​អង្ករ​នាំចូល​​ពី​កម្ពុជា​នេះ ​វានឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ​កម្ពុជា​ប្រមាណ​៣​លាន​នាក់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហ​កម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស