28 C
Phnom Penh

រដ្ឋាភិបាល​នឹង​បង្កើន​កញ្ចប់​ថវិកា​ដល់​ថ្នាក់​ឃុំ​សង្កាត់​ទ្វេរ​ដង​ចាប់​ពី​ឆ្នាំ​ ២០២០​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ប្រកាស​ថា ​នឹង​ទម្លាក់​ថវិកា​ជាតិ​ ទៅ​កាន់​ថ្នាក់​មូលដ្ឋាន​ប្រមាណ​៥០%​បន្ថែម​ទៀត​ដើម្បី​ធ្វើ​កំណែ​ទម្រង់​តាម​បែប​វិមជ្ឈការ ​និង​វិសហ​មជ្ឈការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​ដោយ​ចាប់​ពី​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ត​ទៅ។​

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​និង​ដាក់​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៩​នៅ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ព្រឹកមិញ​លោក​ស ខេង​ អះអាង​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នឹង​ទម្លាក់​ថវិកា​ដល់​ឃុំ​សង្កាត់​ផ្ទាល់​ហើយ​បង្កើន​ថវិកា​នោះ​ជា​បន្ត​បន្ទាប់​ដើម្បី​អភិវឌ្ឍ​​ដោយ​មិន​គិត​ពី​ថវិកា​ រដ្ឋបាល​ និង​ប្រាក់​បៀវត្សរ៍​នោះ​ឡើយ។​

លោក​ស ខេង​បញ្ជាក់​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា​ មានការ​ឯកភាព​គ្នា​ពីថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ ហើយ​ក៏​បាន​ចាប់​ផ្តើម​ជ្រួត​ជ្រាប​ដល់​មន្ត្រី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ព្រម​ទាំង​ពលរដ្ឋ​ផង​ដែរ។​ ​

លោក​អះអាង​ថា ​នៅ​ឆ្នាំ​២០២០ ​រដ្ឋាភិបាល​នឹង​បន្ថែម​ថវិកា​ជាតិ ​ដល់​ថ្នាក់​ឃុំ​សង្កាត់​សម្រាប់​អភិវឌ្ឍ​ដោយ​មិន​គិត​ថវិកា​រដ្ឋបាល​ និង​ប្រាក់​បៀវត្សរ៍​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ខណៈ​បច្ចុប្បន្ន​ថវិកា​សម្រាប់​អភិវឌ្ឍ​នៅ​ថ្នាក់​ឃុំ​សង្កាត់​មាន​ជាង​៣​​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។​

បន្ថែម​ពី​នេះ​លោក​ថា ​នៅ​ឆ្នាំ​២០២១​ថវិកា​កើន​ដល់​៨៥.០០០​ដុល្លារ​ហើយ​នៅ​ឆ្នាំ​២០២២​ ថវិកា​នេះ​នឹង​កើន​ដល់​១០០.០០០​ដុល្លារ​ និង​នៅ​ឆ្នាំ​២០២៣​ថវិកា​សម្រាប់​អភិវឌ្ឍ​នឹង​កើន​ដល់​១១​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ លោក​បន្ដ​ថា​ ការ​សម្រេច​បែប​នេះ​ជា​ឆន្ទៈ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​រដ្ឋ​បាល​ឃុំ សង្កាត់​ ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ដែល​ជា​សេចក្តី​ត្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ។ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​កែម ឡី​កាលពី​ពេល​លោក​នៅ​រស់​បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ថវិកា​ជាតិ​ដល់​ថ្នាក់​ឃុំ​សង្កាត់​រហូត​ដល់​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​និង​បញ្ជូន​ធនធាន​មនុស្ស​ទៅ​កាន់​មូលដ្ឋាន​ឱ្យ​បាន​ច្រើន។ ​លោក​បន្ត​ថា​  ការ​ធ្វើ​ដូច្នេះ​ទើប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ពិត​ប្រាកដ​ និង​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​ការ​អភិវឌ្ឍ​នៅ​តាម​ទីក្រុង​ និង​នៅ​តាម​ទី​ជនបទ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស