ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកសុខ ទូចបានជំរុញឱ្យរបបលោកហ៊ុន សែនបន្តកាន់ជំហរម៉ឹងមាត់មិនឱនក្បាលដាក់បរទេស ដើម្បីជាថ្នូរទៅនឹងការរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជាស្តីពី សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបជុំវិញដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAបណ្តោះអាសន្ននៅរសៀលថ្ងៃសុក្រនេះ លោកសុខ ទូចអះអាងថា ទោះបីសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជានៅតែអាចរស់បាន និងមិនស្លាប់ជាដាច់ខាត។
លោកសុខ ទូចថា ការផ្តាច់EBAគឺជាឱកាសសម្រាប់កម្ពុជា ដើម្បីពង្រឹងខ្លួនឯង ស្របពេលដែលរបបមួយនេះកំពុងធ្វើកំណែទម្រង់ជាបណ្តើរៗដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដោយមិនត្រូវយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាមួយការទាមទាររបស់សហភាពអឺរ៉ុបនោះឡើយ។
កាលពីថ្ងៃទី១១កុម្ភៈ សហភាពអឺរ៉ុបបានប្រកាសអំពីដំណើរការនីតីវិធីឈានដល់ការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជានៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ។
ចំណែកសហរដ្ឋអាមេរិកអះអាងថា កម្ពុជានៅតែមានឱកាសចៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ចនៃការដកការអនុគ្រោះពន្ធ EBAប្រសិនបើរបបលោកហ៊ុន សែនស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕