តុលាការរបបក្រុងភ្នំពេញបានចេញកោះហៅអតីតសមាជិកគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. លោករ៉ុង ឈុនឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែកុម្ភៈ ករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់ ដោយលោករ៉ុង ឈុន និងគ្រូទាំងនោះថាជារឿងនយោបាយ។
យោងតាមដីកាកោះហៅ របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោករស់ ពិសិដ្ឋ កាលពីថ្ងៃទី៨ខែកុម្ភៈបានកោះហៅឲ្យលោកឈុន ឲ្យចូលឆ្លើយបំភ្លឺនាថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក។
តុលាការបានបញ្ជាក់ក្នុងលិខិតនោះថា ចំពោះសាម៉ីខ្លួន បើពុំចូលខ្លួននោះ តុលាការអាចទទួលស្គាល់ថា សេចក្ដីអះអាងអំពីចំណុចសាកសួររបស់ភាគីម្ខាងទៀតជាការពិតបាន ហើយចំពោះសាក្សី បើមិនព្រមចូលខ្លួនមកតុលាការ ដោយគ្មានហេតុផលសមរម្យ តុលាការអាចនឹងផាកពិន័យទឹកប្រាក់មិនលើសពី១លានរៀលផងដែរ។
ការកោះហៅលោករ៉ុង ឈុនពីសំណាក់តុលាការពេលនេះ កើតមានឡើងស្របពេលលោករ៉ុង ឈុនកំពុងបំពេញបេសកកម្មរបស់ខ្លួននៅសហរដ្ឋ អាមេរិកនៅឡើយ។ កាលពីថ្ងៃទី១៦ ខែមករា លោករ៉ុង ឈុន រួមជាមួយអតីតគ្រូបង្រៀន១០នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងរដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុន ដោយស្នើឱ្យតុលាការបដិសេធសេចក្ដីប្រកាសរបស់ក្រសួងអប់រំកាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០១៨ និងផ្ដល់ក្របខណ្ឌជាគ្រូបង្រៀនដល់ពួកគេវិញ។
កាលពីដើមឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ ជួនណារ៉ុនបានសម្រេចលុបឈ្មោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន១១នាក់ ដែលជាអតីតមន្ត្រីជាប់ឆ្នោត និងមន្ត្រីគ.ជ.ប. កូតា មកពីបក្សប្រឆាំង។ ការលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងអប់រំ ធ្វើឡើងក្រោមហេតុផលថា គ្រូបង្រៀនទាំងនោះអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។
ក្រោយការលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ ក្រុមគ្រូបង្រៀនទាំងនោះបានដាក់លិខិតអន្តរាគមន៍ជាច្រើនទៅក្រសួងអប់រំ ទៅលោកនាយករដ្ឋមន្ត្រីនិងទៅសហគមន៍អន្តរជាតិផងដែរ៕