38.8 C
Phnom Penh

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ថា ​ការ​បាត់បង់​​EBA​ជាការ​ទទួល​ខុស​ត្រូវ​របស់​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ឬ ​GDP​លើក​ឡើង​ថា​ លោក​ហ៊ុន សែន​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​ជាង​គេ​ចំពោះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ​ប្រសិន​បើ ​EBA​ត្រូវ​បាន​គេ​ដក។​

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​យល់​ឃើញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​មិន​ទាន់​រឹងមាំ​គ្រប់គ្រាន់​នៅ​ឡើយ​ដើម្បី​ប្រឈម​ទៅ​នឹង​ការ​ដក​EBA​នោះ​ទេ។​ គណបក្ស​មួយ​នេះ​អំពាវ​នាវ​ឲ្យ​លោក​ហ៊ុន សែន​ត្រូវតែ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ និង​រក​វិធី​ទប់ស្កាត់​ការ​ដក​EBA​ ជា​ជាង​ការ​ផ្ញើរ​សារ​គំរាម​បក​ទៅ​សហគមន៍​អឺរ៉ុប​វិញ​នោះ។​
ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​​ក្រោយ​ពេល​មេ​ដឹកនាំ​ របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀ​ត​ថា​ បើទោះ​បី​ជា​គ្មាន ​EBA​  ក៏​កម្ពុជា​មិន​ស្លាប់​ឡើយ​ ហើយ​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​ខ្លាំង​ថែម​ទៀត​​តាម​រយៈ​ការ​ពង្រឹង​ខ្លួន​ឯង​ឱ្យ​កាន់តែ​រឹង​មាំ។​

មិនតែ​ប៉ុណ្ណោះ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ម្តង​ទៀត​ថា​ លោក​នឹង​ប្រើប្រាស់​បញ្ហា​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​សំណាក់​សហ​ភាព​អឺរ៉ុប​ជាការ​ពង្រឹង​ផ្ទៃ​ក្នុង​របស់​ខ្លួន​និង​ជាភាព​ងាយ​ស្រួល​ក្នុង​ការ​កម្ចេច​ក្រុម​បក្ស​សង្រ្គោះ​ជាតិ​ឱ្យ​ខ្ទេច​គ្មាន​សល់​ និង​មិន​អាច​ឱ្យ​កម្លាំង​បក្ស​នេះ​អាច​មាន​ជីវិត​រស់​នៅ​ ដើម្បី​ចូល​ប្រកួត​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​និង​២០២៣​បាន​ឡើយ។​

ប៉ុន្តែ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ថា​  កម្ពុជា​នៅ​តែ​មាន​ឱកាស​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ប្រសិន​បើ​លោក​ហ៊ុន សែន​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​លក្ខខណ្ខ​ការងារ​ស្រប​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។ ​ជាង​នេះ​ទៅ​ទៀត​ សហ​រដ្ឋ​អាមេរិក​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ផ្តើម​ដំណើរ​ការ​នីតិវិធី​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ផ្អែក​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​កម្ពុជា​ ដោយ​សារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទិ្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​១៨​ខែ​កន្លង​ទៅ​នេះ​បាន​ធ្លាក់​ដុនដាប​ជា​ខ្លាំង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស