បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធនាំទំនិញពីស្រុកខ្មែរ វិស័យកាត់ដេរសម្លៀកបំពាក់ទទួលការប៉ះពាល់ច្រើនជាងគេ ហើយបន្ទាប់មកអង្ករដោយត្រូវបង់ពន្ធ២០០ដុល្លារក្នុង១តោនដើម្បីដឹកចូលអឺរ៉ុប។
លោកហ៊ុន សែនថ្លែងថា បើលោកសុខចិត្តធ្វើតាមការទាមទារពីសហគមន៍អឺរ៉ុប លោកនឹងក្លាយជាជនក្បត់អធិបតេយ្យជាតិ។ អ្នកវិភាគក្នុងស្រុក ដូចជាបណ្ឌិត សុខ ទូចជាដើមក៏បន្ទរភាសាក្បត់អធិបតេយ្យជាតិដែរ បើសិនជាលោក ហ៊ុន សែនមិនជំទាស់នឹងការទាមទារឲ្យវិលត្រឡប់ទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សផ្តល់អាសនៈដល់បក្សនយោបាយជំទាស់ទេនោះ។
ឆ្លើយតបនឹងការខាតបង់ពីការនាំចេញផលិតផលស្រុកខ្មែរជាអង្ករចិនជួញទិញ៤សែនតោន ហើយវៀតណាមក៏ជួយទិញមួយឆ្នាំៗ៣សែនតោនដែរ។ ទោះជាមានអ្នកទិញថ្មីជួយទិញថែមក្តីការបាត់បង់ទីផ្សារដ៏ធំនោះនឹងធ្វើឲ្យតម្លៃអង្ករខ្មែរចុះថោក ព្រោះវៀតណាម ភាគច្រើនទិញស្រូវ មិនទិញអង្ករទេ ហើយតម្លៃក៏គេមិនហ៊ានទិញថ្លៃប៉ុន្មានដែរក្នុងមួយតោន។
គួរបញ្ជាក់ថា កម្ពុជាជាប្រទេសផលិតស្រូវអង្ករនាំចេញទី៩ក្នុងពិភពលោក បើយោងតាមគេហទំព័រWorld Top Exports.com។ អង្ករនាំចេញមានបរិមាណក្រោម២%នៃបរិមាណអង្ករនាំចេញក្នុងពិភពលោក ប្រៀបនឹងប្រទេសដទៃទៀតចំនួន១៤០ក្នុងពិភពលោក។ តាមស្ថិតិក្នុងឆ្នាំ២០១៧ឥណ្ឌាជាប្រទេសទី១លើពិភពលោក ថៃឡង់ដ៍ ទី២ ស.រ.អា. ទី៣ ប៉ាគិស្ថានទី៤វៀតណាមទី៥ អ៊ីតាលី ទី៦ចិនទី៧យូរូហ្គាយទី៨និងភូមាទី១០៕