អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានអះអាងថា តុលាការបានសម្រេចដោះលែងជនត្រូវចោទគឺមេដឹកនាំបក្សប្រឆាំង លោកកឹម សុខាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួនតាំងពីថ្ងៃទី៦កញ្ញា២០១៨។
សេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទឲ្យដឹងថា អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខាត្រូវចៅក្រមស៊ើបសួរសម្រេចដោះលែងឲ្យនៅក្រៅឃុំតាំងពី៦ខែមុន មកម៉្លេះ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកបង្ហាញការខកចិត្តចំពោះការឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខាទាំងអយុត្តិធម៌អស់រយៈពេលជិត១៨ខែរួចមកហើយនេះ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីសប្តាហ៍មុនបានបង្ហាញជំហរយ៉ាងច្បាស់ថាការឃុំខ្លួនអតីតប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាជារឿងអយុត្តិធម៌បំផុត។
ប៉ុន្តែក្រសួងយុត្តិធម៌ ចាត់ទុកការលើកឡើងរបស់ស្ថានទូតអាមេរិកថា មានចេតនាបំភ្លៃការណ៍ពិតធ្វើឲ្យសាធារណមតិជាតិ និងអន្តជាតិយល់ច្រឡំអំពីការអនុវត្តច្បាប់របស់តុលាការកម្ពុជានិងមិនគោរពអធិបតេយ្យកម្ពុជាដែលជារដ្ឋឯករាជ្យ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីតំណាងសហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាមេរិកនឹងមិនអាចរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលលោកហ៊ុន សែនបានទេ ប្រសិនបើរដ្ឋាភិបាលមួយនេះ នៅតែដំណើរការក្តីលើលោកកឹម សុខាទាំងអយុត្តិធម៌នោះ៕