29 C
Phnom Penh

ព្រះសង្ឃ​លុត​ជង្គង់​ចំពោះ​មុខ​លោក​ហេង សំរិន​ធ្វើការ​បកស្រាយ​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រិះ​គន់​ខ្លាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​មួយ​អង្គ ​និង​ប្រធាន​រដ្ឋ​សភា​លោក​ហេង សំរិន​រង​ការ​រិះគន់​ជាខ្លាំង​ពី​ពល​រដ្ឋ​ សង្គម​ស៊ីវិល​ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្រោយ​ពេល​មាន​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ជុំវិញ​ការ​លុត​ជង្គង់​ របស់​ព្រះ​អង្គ​នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​លោក​ហេង សំរិន​កាល​ពី​សប្តាហ៍​មុន។​

ក្រោយ​ពេល​មាន​ការ​រិះគន់​ ព្រះសង្ឃ​អង្គ​នេះ​បាន​ចេញ​សង្ឃដីកា​បក​ស្រាយ​អំពី​មូលហេតុ​នោះ​ថា ​រូបភាព​ព្រះអង្គ​លុត​ជង្គង់​នោះ ​ជា​ទង្វើ​អចេតនា​របស់​ព្រះអង្គ​ទេ ​ដោយ​សារ​តែ​ព្រះ​អង្គ​រំភើប​ពេក​ ដែល​បាន​ជួប​លោក​ហេង សំរិន។​ ព្រះ​តេជគុណ​អង្គនោះ​បន្ត​ថា ​ព្រះអង្គ​រំភើប​នៅពេល​លោក​ហេង សំរិន​បាន​ផ្ដល់​ថវិកា​ប្រគេន​ព្រះអង្គ​សម្រាប់​យក​ទៅ​កសាង​ព្រះវិហារ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ ទើប​ធ្វើ​ឲ្យ​ព្រះ​អង្គ​ភ្លេច​ខ្លួនឯង​ថា​ ខ្លួនជា​សង្ឃ​ហើយ​ទន់​ជង្គង់​ចុះ​ និង​សំពះ​នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​តែម្ដង។​​

ជា​មួយ​គ្នា​នេះ ព្រះអង្គ​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ពលរដ្ឋ ​ជាពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ឈប់​បកស្រាយ ​និង​រិះគន់​ក្នុង​ន័យ​ធ្វើឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់​ដឹក​នាំ ​និង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។​ ​​

យ៉ាង​ណា​ក៏​ដោយ ​ធម្មនុញ្ញ​របស់​កម្ពុជា​មាត្រា​៤​បាន​ចែង​ថា​ បាវចនា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ជាតិ ​សាសនា​ ព្រះ​មហា​ក្សត្រ។​

ក្រោយ​រូប​ភាព​នេះ​ត្រូវ​បាន​គេ​បញ្ចេញ​ អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​បាន​យក​រូបភាព​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​គឺ​ព្រះ​បាទ​នរោត្តម​សីហនុ​គោរព​ប្រណិបត្តិ​ចំពោះ​ព្រះសង្ឃ ​ដោយ​ភាព​ទន់ភ្លន់​ ហើយ​ព្រះ​សង្ឃ​នៅតែ​បង្ហាញ​ភាព​ធម្មតា។​ ចំណែក​រូបភាព​មួយ​ទៀត​បង្ហាញ​ពី​ការ​លុត​ជង្គង់​ និង​សំពះ​របស់​ព្រះសង្ឃ ​នៅ​ចំពោះ​មុខ​លោក​ហេង សំរិន​ដោយ​លោក​ហេង សំរិន​បង្ហាញ​ចរិត​មាំ​មិន​បាន​គោរព​ចំពោះ​ព្រះ​សង្ឃ​ឡើយ។​

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​សន ជ័យ​បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​បង្ហោះ​រូប​ភាព​ព្រះសង្ឃ​លុត​ជង្គង់ ​និង​ សំពះ​លោក​ហេង សំរិន​នោះ ​ហើយ​សរសេរ​ថា​ «ចង់​ឱ្យ​មាន​ការ​បក​ស្រាយ​ ចំពោះ​បញ្ហា​នេះ»។ ​ក្រោយ​មាន​ការ​រិះគន់​ និង​ចង់​ឱ្យមាន​ការ​បក​ស្រាយ​គឺ​មាន​តែ​ភាគី​ព្រះ​សង្ឃ​អង្គ​នោះ​ប៉ុណ្ណោះ​ដែល​បាន​ចេញ​ព្រះ​ភក្ត្រ​បកស្រាយ​ ចំណែក​ប្រធាន ​រដ្ឋ​សភា​លោក​ហេង សំរិន​នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណាមួយ​ចំពោះ​សកម្ម​ភាព​នោះ​នៅ​ឡើយ​ទេ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស