29 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ព្យាករណ៍​ថា ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ជំងឺ​ ប៉ុន្តែ​មិន​ស្លាប់​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​អំពី​បញ្ហា​សង្គម​បាន​ទស្សន៍ទាយ​ថា ​ ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ដែល​ត្រូវ​ប្រឈម​ ប៉ុន្តែ​លទ្ធិ​មួយ​នេះ​នឹង​មិន​ស្លាប់​ងាយៗ​នោះឡើយ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក​ព្រាប កុល​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​កម្ពុជា​កំពុង​មាន​ជំងឺ​ ប៉ុន្តែ​អាច​ព្យាបាល​បាន។​ លោក​អះអាង​ថា​ លោក​នៅ​តែ​មាន​សង្ឃឹម​ដោយសារ​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​នោះ​មាន​ក្រុម​បញ្ញវន្ត​ មន្ត្រី​រាជការ ​សហគ្រិន​ គ្រូ​បង្រៀន ​ពលករ ​កម្មករ​ អ្នក​សារ​ព័ត៌មាន ​យុវជន​ សិស្ស​ និស្សិត ​និង​ពលរដ្ឋ​ទូទៅ ​ជាពិសេស​ក្នុង​ចំណោម​អ្នក​នយោបាយ​ទាំង​នៅ​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​និងនៅ​ក្នុង​ចំណោម​ក្រុម​កាន់​អំណាច។​

លោក​មើល​ឃើញ​ថា​ ពល​រដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ មាន​ការ​យល់​ដឹង​អំពី​សិទ្ធិ​ អំពី​ច្បាប់​និង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​និង​ចេះ​ចូល​រួម​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ចេះ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ប្រកប​ដោយ​ការ​វិនិច្ឆ័យ។​

លើស​ពីនេះ​ ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស២៣​តុលា​១៩៩១​និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​គុម្ពីរ​ និង​ជា​ត្រីវិស័យ​សម្រាប់​ការ​រៀបចំ​ប្រទេស​ឱ្យ​ប្រសើរ​ឡើង​វិញ​ ដោយ​មាន​ការ​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​​និង​ដោយ​ប្រយោល​ពី​សំណាក់​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​លើ​សាកល​លោក។​

ជាមួយ​គ្នា​នេះ​ដែរ​  លោក​ព្រាប កុល​ក៏​មើល​ឃើញ​ថា​ និន្នាការ​និង​ផ្នត់​គំនិត​នៃ​ខ្មែរ​ជំនាន់​ក្រោយ​និង​អ្នក​បន្ត​វេន​ភាគច្រើន​មាន​ទំនោរ​ទៅ​រក​ប្រជា​ធិបតេយ្យ​ហើយ​ជន​ជាតិ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស​បាន​រួម​ចំណែក​ជំរុញ​និង​គាំទ្រ​ចលនា​ប្រជា​ធិបតេយ្យ​ទាំង​កម្លាំង​កាយ​ទាំង​ស្មារតី​ និង​ថវិកា។ ​មិនតែ​ប៉ុណ្ណោះ​ប្រព័ន្ធ​បច្ចេក​វិទ្យា​បច្ចេក​វិទ្យា​ព័ត៌មាន​ ជា​ពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​សមាស​ភាព​អាច​ទទួល​បាន​ព័ត៌មាន​ចែករំ​លែក​ព័ត៌មាន​ និង​សម្តែង​មតិ។​ ទាំង​នេះ​លោក​ថា ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ប្រជា​ធិបតេយ្យ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​ផង​ដែរ។​

លោក​ព្រាប កុល​អះអាង​ថា ​អ្វី​ដែល​ពលរដ្ឋ​ខ្វះ​គឺ​យន្តការ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ ដែល​មាន​លក្ខណ:​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ។​

លោក​ក៏​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រក្សា​គោល​ជំហរ​គាំទ្រ​ប្រជា​ធិបតេយ្យ​សេរី ​រក្សា​និង​បង្កើន​ក្តី​សង្ឃឹម ​និង​បង្កើន​ថាមពល​ ដើម្បី​រួម​គ្នា​ជំរុញ​ឱ្យ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​រីក​ដុះដាល​និង​ចាក់​ឫស​កែវកាន់​តែរឹង​មាំឱ្យ​ខាង​តែ​បាន។​

ការ​លើក​ឡើង​របស់​លោក​ព្រាប កុល​ធ្វើ​ឡើង​ស្រប​ពេល​សហគមន៍​អន្តរជាតិ​រក​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រក​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពិសេស​ការ​ចាប់​មេ​បក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​ដាក់​គុក ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​ និង​ហាម​ប្រាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​១​រយ​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ ​កាលពី​ចុង​ឆ្នាំ​២០១៧។​ លើស​ពី​នេះ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មន្ត្រី​សង្គម​​ស៊ីវិល​ មន្ត្រី​សហជីព​ បំបិទ​សំឡេង​សារ​ព័ត៌មាន​ឯករាជ្យ​និង​ការ​តាម​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ជា​ដើម។​

សហគមន៍​អន្តរជាតិ​ដែល​មាន​សហភាព​អឺរ៉ុប​និង​ សហ​រដ្ឋ​អាមេរិក​ជា​អ្នក​នាំមុខ​គេ​នោះ​ បាន​ព្រមាន​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ដល់​របប​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​ប្រសិន​បើ​របប​នេះ​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស