ប្រធានរដ្ឋវៀតណាមនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផង គឺលោកNguyen PhuTrongគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់២៦ ខែកុម្ភៈដើម្បីរឹតចំណងទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។
លិខិតដែលផ្ញើជូនទៅគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ខែកុម្ភៈ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិឲ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាមនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោកNguyen PhuTrongនឹងដឹកនាំគណៈប្រតិភូវៀតណាមមកកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈខាងមុខ។
ប្រភពដដែលបន្តថា លោក PhuTrongគ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកNguyen PhuTrongគ្រោងចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី យានីនរោត្តមមុនីនាថ សីហនុ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនិងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។
លើសពីនេះទៅទៀត លោកនឹងជួបជាមួយ លោកហេង សំរិន ប្រធានសភាលោកសាយ ឈុំប្រធានព្រឹទ្ធសភា និង លោកហ៊ុន សែន នាយករដ្ឋមន្ត្រីដែលនឹងធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានារវាងវៀតណាម និងកម្ពុជា។
ដំណើរទស្សនកិច្ចធំៗរបស់ថ្នាក់ដឹកនាំវៀតណាមមកកម្ពុជានិងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមនោះគឺបានធ្វើឡើងប្រមាណជិត១០លើករួចមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ ក្នុងការបំពេញទស្សនកិច្ចជាញឹកញាប់នោះ ថ្នាក់ដឹកនាំកម្ពុជាបានប្រាប់ទៅថ្នាក់ដឹកនាំវៀតណាម ម្តងហើយម្តងទៀតថា នៅកម្ពុជាមិនមានវត្តមានមូលដ្ឋានទ័ពបរទេសឡើយហើយនៅតែកាន់ជំហរអព្យាក្រឹត្យផងដែរ។
ការបំពេញទស្សនកិច្ចជាញឹកញាប់នេះទៀតសោតធ្វើឡើងក្រោយពេលកម្ពុជាបានបង្ហាញជំហរកាន់តែច្បាស់អំពីទំនោរទៅរកប្រទេសកុម្មុយនីស្តកាន់តែខ្លាំង និងក្រោយពេលកាសែតបរទេសព្រមទាំងអាមេរិកផង បានសម្តែងក្តីបារម្ភចំពោះលទ្ធភាពនៃការដាក់មូលដ្ឋានទ័ពបរទេសពិសេសមូលដ្ឋានទ័ពចិន នៅក្នុងប្រទេសកម្ពុជា តាមរយៈការកសាងកំពង់ផែទឹកជ្រៅដ៏ធំ លើទំហំដីវិនិយោគជាង៤ម៉ឺនហិកតារបស់ចិន នៅខេត្តកោះកុង៕