31 C
Phnom Penh

របប​លោក​ហ៊ុនសែន​អះអាង​ថា​នឹង​បោស​សម្អាត​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​របប​លោក​ហ៊ុនសែន​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​បោស​សម្អាត​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម​ ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​ដើម្បី​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥។​នេះ​បើ​យោង​តាម​លិខិត​របស់​លោក​ហ៊ុនសែន​ថ្លែង​ជូន​ជន​រួម​ជាតិ​ក្នុង​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន​លើក​ទី​២០​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ។​

លិខិត​ដដែល​បាន​រំឭក​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជាពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រាប់មីន​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម​និង​គ្រាប់បែក​ចង្កោម​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សារ​គ្រាប់​ទាំង​នោះ។​

លោក​ហ៊ុនសែនអះអាង​ថា​ ដើម្បី​ដោះស្រាយ​ឧបសគ្គ​នេះ​ រដ្ឋាភិបាល​របស់​លោក​បាន​ចាត់​ទុក​វិស័យ​នេះ​ជា​គោល​ដៅ​ធំ​មួយ​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គ​ការ​សហ​ប្រជាជាតិ​និង​បាន​បញ្ចូល​វិស័យ​នេះ​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​ខ្លួន។​

លោក​ហ៊ុនសែន​បញ្ជាក់​ថា​គិត​មក​ដល់​ឆ្នាំ​២០១៩​សកម្ម​ភាព​បោស​សម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​លក្ខណៈ​មនុស្ស​ធម៌​នៅ​កម្ពុជា​មាន​រយៈ​ពេល​២៧​ឆ្នាំ​មក​ហើយ។​​

លោក​ថា​ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៨​ការ​ដោះ​មីន​បាន​រំដោះ​ដី​មាន​មីន​បាន​ជាង​១​ពាន់​គីឡូម៉ែត្រ​ក្រឡា​ជូន​ប្រជា​ពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន​ធ្វើ​ស្រែ​ចម្ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​នានា​និង​បាន​រក​ឃើញ​និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង​១​លាន​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន​ជាង​២​ម៉ឺន​គ្រាប់​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​២​លាន​គ្រាប់​ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​ចំនួន​ជន​រង​គ្រោះ​ធ្លាក់​ចុះ​ពី​ជាង​៤​ពាន់​នាក់​ក្នុង​ឆ្នាំ​១៩៩៦​មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស