30 C
Phnom Penh

មន្រ្តី​បក្ស​កាន់​អំណាច​ថា​លោក​សម រង្ស៊ី​ក្បត់​ពាក្យ​សន្យា​ក្នុង​ការ​ភ្នាល់​គ្នា​ជាមួយ​លោក​ហ៊ុនសែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខឥសាន​បាន​ហៅ​អតីត​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ថា​ កំពុង​ទាល់​ច្រក​និង​គិត​ថា​ នឹង​ត្រូវ​ចាញ់​ការ​ភ្នាល់​ជាមួយ​លោក​ហ៊ុន សែន​ក្នុង​ករណី​ដោះលែង​លោក​កឹមសុខា​​ដោយ​បាន​ចាត់​ទុក​ការ​ភ្នាល់​នោះ​ជា​មោឃៈ​ដោយ​ឯកតោ​ភាគី។​

លោក​សុខឥសាន​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម ​Telegram ​នៅ​ថ្ងៃ​នេះ​ថា​ការ​ប្រែ​ក្រឡាស់​សម្តី​របស់​លោក​សម រង្ស៊ី​គឺជា​ការ​គេច​វេស​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ចាញ់​ភ្នាល់​ជាមួយ​លោក​ហ៊ុនសែន​ដោយសារ​ខ្លាច​ជាប់​គុក​តែ​ប៉ុណ្ណោះ។​

ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​រូប​នេះ​ធ្វើឡើង​ក្រោយ​ពី​អតីត​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ប្រកាស​ថា​ ការ​ភ្នាល់​ជា​មួយ​លោក​ហ៊ុនសែន​ត្រូវ​ទុក​ជា​មោឃៈ​ចំពោះ​ការ​ករណី​ដោះលែង​មុន​ថ្ងៃ​ទី​​៣​ខែ​មីនា​ឆ្នាំ​២០១៩។​o

លោក​សមរង្ស៊ី​បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា​លោក​ហ៊ុនសែន​បាន​ដក​ការ​ភ្នាល់​នោះ​តាម​រយៈ​ប្តូរ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា​នេះ​ហើយ​ដាក់​បញ្ចូល​លក្ខខណ្ឌ​ថ្មី​មួយ​គឺ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​ដែល​លក្ខខណ្ឌ​នេះ​មិន​មាន​ចែង​នៅ​ក្នុង​ការ​ភ្នាល់​គ្នា​​ពី​ដំបូង​ឡើយ។​លោក​បន្ត​ថា ​ការ​កែប្រែ​លក្ខខណ្ឌ​ជា​ឯកតោ​ភាគី​ពី​សំណាក់​ភាគី​មួយ​ក្នុង​ការ​ភ្នាល់​គ្នា​ណា​មួយ​ធ្វើ​ឲ្យ​ការ​ភ្នាល់​គ្នា​នោះ​ទុក​ជា​មោឃៈ។​

ការ​អះអាង​របស់​លោក​សម រង្ស៊ី​ដូច្នេះធ្វើ​ឡើង​ក្រោយ​ពេល​លោក​បង្ហាញ​ជំហរ​មិន​ត្រឡប់​មក​កម្ពុជា​នៅ​ក្រោយ​ថ្ងៃ​ទី​៣​មីនា​ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ភ្នាល់​លើ​ការ​ដោះលែង​លោក​កឹមសុខា​ជិត​ចូល​មក​ដល់។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុម​អ្នក​វិភាគ​តែង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​​យក​សេរីភាព​របស់​មនុស្ស​ម្នាក់​មក​ភ្នាល់​គ្នា​ជា​ល្បែង​លេង​សើច​ដូច្នេះ​ដែល​ជា​ទង្វើ​អសីល​ធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស