35 C
Phnom Penh

របប​ក្រុង​ភ្នំពេញ​បង្ហាញ​ផ្លូវ​ជាថ្មី​ទៀត​ឱ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពេល​បរាជ័យ​ដោយ​មិន​មាន​មន្ត្រី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​ជា​ច្រើន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុនសែន​នោះ​ក្រសួង​មហា​ផ្ទៃ​បាន​រៀប​ចំ​យុទ្ធ​សាស្រ្ត​ថ្មី​ដើម្បី​ឲ្យក្រុម​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ចូល​មក​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ។​

លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ចេញ​ផ្សាយ​កាល​ពីម្សិលមិញ​បាន​ដាក់​ចេញ​នូវ​បែប​បទ​និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ចំពោះ​អ្នកន​យោបាយ​ណា​ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​ធ្វើ​សកម្ម​ភាព​នយោបាយ​នោះ។​

ការ​បើក​ផ្លូវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​សភា​កម្ពុជា​បាន​ធ្វើ​វិសោធន​កម្ម​កែប្រែ​លើ​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដោយ​មាត្រា​នេះ​បាន​បែក​ផ្លូវ​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ធ្វើ​សកម្ម​ភាព​នយោបាយ​នឹង​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​ពី​ក្រសួង​មហា​ផ្ទៃ  ​ហើយ​ក្រសួង​នឹង​បញ្ជូន​សំណើ​​នេះ​ទៅ​លោក​ហ៊ុនសែន​និង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​លើក​លែង​ឲ្យ​បុគ្គល​ដែល​ស្នើ​នោះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

ក្រោយ​ពេល​ព្រះ​មហា​ក្សត្រ​ព្រះ​បរមនាថ​នរោត្ដម​​សីហមុនី​បាន​ចេញ​ព្រះ​រាជ​ក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​នេះជា​ផ្លូវការ​ដោយ​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​ទាំង​នោះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១៩​តាម​រយៈ​ការ​ស្នើសុំ​ដាក់​ដោយ​ឡែក​​ទៅ​ក្រសួង​មហា​ផ្ទៃ​នោះ​គឺ​មាន​តែ​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​គង់គាំ​និង​កូន​ប្រុស​របស់​លោក​គឺ​លោក​គង់បូរ៉ា​ប៉ុណ្ណោះ​ដែល​បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

ចំណែក​មន្ត្រី​ជាប់​បម្រាម​ច្រើន​លើស​លប់​ផ្សេង​ទៀត​មិន​បាន​ស្នើ​សុំ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុនសែន​ឡើយ​ហើយ​​ពួក​គេ​ខ្លះ​អះអាង​ថា​ ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ហើយ​សិទ្ធិ​ធ្វើ​នយោបាយ​គឺ​ច្បាប់​កំពូល​របស់​ជាតិ​បាន​ចែង​រួច​ទៅ​ហើយ​​ដោយ​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​ពី​រភេទ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ជីវ​ភាព​នយោបាយ។​

កន្លង​មក​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សមរង្ស៊ី​ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ណា​មួយ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុនសែន​ពី​សំណាក់​មន្ត្រី​១១៨​នាក់​​គឺ​ជា​ការ​ក្បត់​បក្ស​យ៉ាង​ពិត​ប្រាកដ។​

លើស​ពី​នេះ​លោក​បញ្ជាក់​ថា​នៅ​ពេល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុនសែន​គឺ​ស្នើ​នឹង​ទទួល​ស្គាល់​ថា​ ការ​ចាប់​ខ្លួន​លោក​កឹមសុខា​និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧​គឺ​ជា​រឿង​ត្រឹមត្រូវ​ជាដើម។​

អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​បាន​លើក​ឡើង​ថា​លោក​ហ៊ុនសែន​បាន​បរាជ័យ​ក្នុង​ការ​បំបែក​លោក​កឹមសុខា​និង​លោក​សមរង្ស៊ី​​ទើប​ឈាន​ទៅ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ចោល​តែ​ម្តង។​មិន​តែ​ប៉ុណ្ណោះ​លោក​ហ៊ុនសែន​ក៏​បរាជ័យ​ក្នុង​ការ​អូស​ទាញ​មន្ត្រី​មូលដ្ឋាន​របស់​បក្ស​សង្រ្គោះ​ជាតិ​ឱ្យ​ចុះ​ចូល​នឹង​ខ្លួន​និង​បរាជ័យ​ក្នុង​ការ​អូសទាញ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​នយោបាយ​ចំនួន​១១៦​អ្នក​ផ្សេង​ទៀត​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស