26 C
Phnom Penh

លោក​ហ៊ុន សែន​យក​លេស​ការ​លួច​ចូល​គ្រប់គ្រង​ហ្វេសប៊ុក​របស់​លោក​ ដើម្បី​បិទ​បណ្តាញ​សង្គម​មួយ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈ​មិន​ដល់​មួយ​ថ្ងៃ​ផង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ហ៊ុន សែន​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ពីរ​ដង​ ដោយ​ម្តង​ថា​ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បិទ​ ប៉ុន្តែ​នាទី​ក្រោយ​មក​លោក​ក៏​បាន​ប្រកាស​ជា​ថ្មី​ថា  ​ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​ក្រុម​ហែកឃ័រ​(Hacker)​អាណាមិក​ចូល​ទៅ​គ្រប់គ្រង​និង​លុប​ទិន្នន័យ​មួយ​ចំនួន។​​

ក្នុង​ពេល​ប្រកាស​ជា​លើក​ទី១​លោក​ហ៊ុន សែន​បាន​បង្ហោះ​សារ​ថា ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​ ហ្វេសប៊ុករបស់​អាមេរិក​ព្យាយាម​បិទ​គណនី ​ ហើយ​លោក​ក៏​ព្រមាន​ថា ​លោក​នឹង​បិទ ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដ៏​ធំ​មួយ​នេះ​ចោល ​មិន​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ឡើយ​ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​ហ៊ាន​បិទ​ហ្វេសប៊ុក​របស់​លោក​មែន​នោះ។​​

មិន​បាន​ប៉ុន្មាន​នាទី​ផង​លោក​ហ៊ុន សែន​បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដដែល​ថា ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យា ​ដែល​បាន​ចូល​មក​គ្រប់គ្រង​គណនី​របស់​លោក​និង​បាន​លុបចោល​ទិន្នន័យ​មួយ​ចំនួន​ធំ​ផង​ដែរ។​​ លោក​ហ៊ុន សែន​បាន​ហៅ​សកម្មភាព​នោះ​ថា ​ចេតនា​អាក្រក់​បំពុល​និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ជាតិ។​

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​គឹម សុខ​នៅ​ថ្ងៃ​នេះ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​លោក​ហ៊ុន សែន​ដល់​ផ្លូវ​វ័ណ្ឌ​ក​ផុង​ស្នៀត​នយោបាយ​ដោយ​ខ្លួន​ឯង។

លោក​ថា ​លោកហ៊ុន សែន​យក​បញ្ហា​ហ្វេសប៊ុក​របស់​លោក​មក​និយាយ​នៅ​ពេល​នេះ​គឺ​ដើម្បី​គំរាម​បិទ​ប្រព័ន្ធ​ហ្វេសប៊ុក​ទូទាំង​ប្រទេស​នោះ​ ពីព្រោះ​លោក​ហ៊ុន សែន​ទាល់​ច្រក​មែនទែន​ហើយ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្ត្រ​បញ្ចុះ​បញ្ជូលសហភាពអឺរ៉ុបដើម្បី​សុំ​មិន​ឱ្យ​ផ្តាច់​EBA​ ពី​កម្ពុជា​និង​ជា​នយោបាយ​បរាជ័យ​ក្នុង​ការ​កម្ចេច​បក្ស​ប្រឆាំង​ផង​ដែរ។​

លោក​បន្ត​ថា ​លោក​ហ៊ុន សែន​ចាប់ផ្តើម​បង្ក​បញ្ហា​អុកឡុក​ហ្វេសប៊ុក​ដែល​​ជា​បណ្តាញ​សង្គម​ ជួយ​វែក​បង្ហាញ​ឲ្យ​ឃើញ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន។​ លើស​ពីនេះ​ លោក​ហ៊ុន សែន​នឹង​បន្ត​រុកកួន​ផ្ទៃ​ក្នុង​ខ្លួន​ឯង​ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​ ដែល​ខ្លួន​បាន​អួតអាង​អំពី​ការ​ហែក​កម្ទេច​បក្ស​ប្រឆាំង ​តែ​មិន​បាន​សម្រេច។​
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​រូប​នេះ​អះអាង​ថា ជំហាន​បន្ទាប់​ទៅ​ទៀត​ លោក​ហ៊ុន សែន​នឹង​ពង្រីក​សាច់​រឿង​ផ្សេងៗ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​គណបក្ស​ប្រឆាំង​នៅតាម​មូលដ្ឋាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស